ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យឈឺ ភ័យស្លា.ប់ ភ័យដាច់បាយ ភ័យអត់លុយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ភ្នំពេញដែលធ្លាប់តែរស់រវើក មមាញឹកដោយសកម្មភាពរកស៊ី និងកម្សាន្តផ្សេងៗ បានក្លាយទៅជាទីក្រុងដ៏ស្រងូតស្រងាត់ ។ សកម្មភាពរកស៊ីជាច្រើនសឹងតែមិនដំណើរការ ឬក៏ដំណើរការដែរ ប៉ុន្តែគ្មានមនុស្សមករកទិញ…

រាជធានីភ្នំពេញ ៖ ភ្នំពេញដែលធ្លាប់តែរស់រវើក មមាញឹកដោយសកម្មភាពរកស៊ី និងកម្សាន្តផ្សេងៗ បានក្លាយទៅជាទីក្រុងដ៏ស្រងូតស្រងាត់ ។ សកម្មភាពរកស៊ីជាច្រើនសឹងតែមិនដំណើរការ ឬក៏ដំណើរការដែរ ប៉ុន្តែគ្មានមនុស្សមករកទិញ ឬប្រើសេវាដោយសារតែការភ័យខ្លាចការឆ្លងមេរោគកូវីដ ១៩ ដែលបានសម្លាប់ មនុស្សម្នាក់ និងបានឆ្លងមនុស្សជាង ១២០០នាក់គិតដល់ថ្ងៃនេះ ។

ខណៈដែលមេរោគកូវីដ ១៩ ហាក់ដូចកាន់តែកាចសាហាវនៅក្នុងប្រទេសកម្ពុជានោះ មនុស្សម្នាបានរស់ នៅដោយភាពភ័យខ្លាចជារៀងរាល់ថ្ងៃ ពីព្រោះមេរោគនេះសំងំលាក់ខ្លួនក្នុងខ្លួនមនុស្ស និងអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងសាហាវ និងឆាប់រហ័ស ។ ភាពភ័យខ្លាចបានគ្របដណ្តប់ទីក្រុងភ្នំពេញ និងបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ចាប់តាំងពីព្រឹត្តិការណ៍ចម្លងសហគមន៍ ២០កុម្ភៈត្រូវបានប្រកាសមក ។

នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ គឺមួយខែហើយ ចាប់តាំងពីព្រឹត្តិការណ៍ឆ្លងសហគមន៍នេះបានប្រកាស ។ ប៉ុន្តែគេមើលមិនទាន់ឃើញច្បាស់នៅឡើយថា តើពេលណាទើបកម្ពុជាអាចគ្រប់គ្រងសហភាការណ៍នេះបាន ។ ជាមួយភាពមិនប្រាកដប្រជានេះ មហន្តរាយសុខភាព មហន្តរាយសេដ្ឋកិច្ច និងមហន្តរាយនៃជីវិតមនុស្ស កំពុងតែគំរាមកំហែងប្រជាជនកម្ពុជា ពិេសសអ្នកក្រីក្រដែលពឹងផ្អែកលើការរកចំណូលមួយថ្ងៃរស់មួយថ្ងៃ ។ វាគឺជាការពិបាកខ្លាំងសម្រាប់រដ្ឋាភិបាលដែលត្រូវមានវិធានការនានាដើម្បីសុខភាពសាធារណៈផង និងដើម្បីកុំអោយមានការប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច ។ ពោល គឺចង់ធ្វើម៉េចអាចឈ្នះកូវីដ ហើយសេដ្ឋកិច្ចអាចដំណើរការទៅមុខ ។

មនុស្សទូទាំងប្រទេសកម្ពុជាបានរងផលប៉ះពាល់ដោយសារកូវីដ ១៩ ។ ខ្លះរងផលប៉ះពាល់សុខភាព ផ្លូវកាយ ខ្លះទៀតរងផលប៉ះពាល់សុខភាពផ្លូវចិត្ត ហើយខ្លះរងផលប៉ះពាល់សេដ្ឋកិច្ច ។ អ្នកខ្លះចង់យំក៏យំមិន ចេញដោយសារតែមុខរបររកស៊ីត្រូវអាក់ខាន ពិសេសពិសេសអ្នករកស៊ីខាងផ្នែកទេសចរណ៍ និងការកម្សាន្ត ។ ចំណែកអ្នកខ្លះទៀតកំពុងដេកព្រួយរឿងរកលុយបង់ធនាគារមិនបាន ។ ចំណែកខ្លះទៀតបារម្ភថា នឹងអាចបាត់បង់ការងារហើយរកលុយចិញ្ចឹមឆ្នាំងមិនបាន ។

មហន្តរាយទាំងនេះនឹងអាចឆាប់បាត់ទៅវិញបាន តែពេលណាដែលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ ១៩ ប៉ុណ្ណោះ ។ ការប្រយុទ្ឋប្រឆាំងនឹងមេរោគកូវីដ ១៩ គឺសាមញ្ញ ប៉ុន្តែពីបាកនឹងសម្រេចបានដោយសារតែវាទាមទារអោយមានការសាមគ្គីជាធ្លុងមួយក្នុងចំណោមប្រជាជនកម្ពុជាទាំងអស់ ។ រស់នៅប្រកបដោយអនាម័យ ពិេសសលាងដៃដោយសារប៊ូ ឬអាល់កុល ការរក្សាគម្លាតសង្គម និងការពាក់ម៉ាស គឺជាវិធានការណ៍ដែលមនុស្សម្នាក់ៗសុទ្ឋតែអាចធ្វើបាន ។ ប៉ុន្តែបើសិនជាមានអ្នកខ្លះធ្វើ អ្នកខ្លះមិនធ្វើនោះ វានឹងគ្មានន័យឡើយ ហើយនឹងនៅតែផ្តល់ឱកាសដល់ការឆ្លង និងចម្លងមេរោគកូវីដ ១៩ នេះ ។

ទន្ទឹមពេលជាមួយគ្នានោះ ពេលនេះយើងក៏គួរសំងំខ្លួននៅក្នុងផ្ទះដោយមិនធ្វើដំណើរចេញក្រៅ បើមិនចាំបាច់ ហើយមិនធ្វើការជួបជុំ ឬក៏រៀបចំ​ពិធីមនុស្សច្រើនឡើយដើម្បីកុំអោយមានការឆ្លងរាលដាលមេរោគកូវីដ ១៩ ។ ដូច្នេះបើសិនជាប្រជាជនកម្ពុជាទាំងអស់ចង់រំដោះខ្លួនចេញពីភាពភ័យខ្លាចសុខភាព ភ័យខ្លាចស្លាប់ ភ័យខ្លាចដាច់បាយ និងភ័យខ្លាចគ្មានលុយនោះ ម្នាក់ៗត្រូវតែអនុវត្តអោយបានវិធានការណ៍ ខាងលើទាំងបី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ