ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈសម្បត្តិ​ខេត្តរតនគិរី​ដ៏​ប្រសើរ​គួរ​គាប់​ទៅ​កម្សាន្ត

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ស្ថិត​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា និង​មាន​ចម្ងាយ​៥៨៨​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ខេត្តរតនគិរី​មាន​ក្រុង​មួយ​គឺ​ក្រុង​បាន​លុង និង​ស្រុក​៨ គឺ​ស្រុក​អូរ​ជុំ​, វ៉ើ​ន​សៃ​, កូន​មុំ​, លំ​ផាត់​, តា​វែង​, ប​កែវ​, អណ្តូង​មាស

ខេត្តរតនគិរី ៖ ស្ថិត​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា និង​មាន​ចម្ងាយ​៥៨៨​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ខេត្តរតនគិរី​មាន​ក្រុង​មួយ​គឺ​ក្រុង​បាន​លុង និង​ស្រុក​៨ គឺ​ស្រុក​អូរ​ជុំ​, វ៉ើ​ន​សៃ​, កូន​មុំ​, លំ​ផាត់​,  តា​វែង​, ប​កែវ​,  អណ្តូង​មាស និង​អូ​រយ៉ា​ដាវ ។ គ្របដណ្តប់​លើ​ផ្ទៃដី​ចំនួន​១០.៧៨២​ម៉ែត្រការ៉េ ។ រតនគិរី​ជា​តំបន់​ដែល​សំបូរ​ទៅ​ដោយ​រតនសម្បត្តិ​ធម្មជាតិ​ប្រកប​ទៅ​ដោយ​ភាព​ស្រស់បំព្រង និង​ជា​ភូមិកំណើត​នៃ​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​អំបូរ មាន​ដូច​ជា ជនជាតិ​ទំពួន​, ចា​រាយ​, គ្រឹ​ង​, ព្រៅ​, កា​វ៉ែត​,​កាចក់​,  ព្នង​, លន់  និង​ឡាវ ជាដើម ។

អ្នកទេសចរ​អាច​ទៅ​ទស្សនា និង​ឈ្វេងយល់​ដោយ​ផ្ទាល់​ពី​ទំនៀមទម្លាប់​ប្រពៃណី​រស់នៅ​ប្រចាំ​ថ្ងៃ ការ​គោរព​បូជា និង​ជំនឿ ផ្សេង​ៗ​ជា​ច្រើន​ទៅ​តាម​អំបូរ​នៃ​ជនជាតិ​ដើម​ភាគតិច ។

ក្រុង​បាន​លុង គឺជា​ទីប្រជុំជន​របស់​ខេត្តរតនគិរី​ដែល​ស្ថិត​នៅ​លើ​តំបន់​ខ្ពង់រាប​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ជួរ​ភ្នំ ជ្រលង​ភ្នំ ទឹកធ្លាក់​ជា​ច្រើន​កន្លែង​និង​បឹង​ធម្មជាតិ​ដែល​ក្លា​យមក​ពី​ប​ន្ទុះ​ភ្នំភ្លើង​ច្រើន​សតវត្ស​មក​ហើយ ។

ខុស​ប្លែក​ពី​ទីរួមខេត្ត​ដទៃ​ទៀត​ដែល​សល់​ពី​មុន​មក​សំណង់ ចាស់​ៗ​ជា​ច្រើន ឯ​ក្រុង​បាន​លុង​សុទ្ធសឹងតែ​សាងសង់​ថ្មី​ទាំងអស់​បន្ទាប់​ពី​របប​ប៉ុ​ល ពត មក ។ នៅ​ចំ​កណ្តាល​ទីក្រុង​នេះ​មាន​ផ្សារ​មួយ​«​ឈ្មោះ​ផ្សារ​បាន​លុង​» ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ក្នុងស្រុក​ដ៏​ធំ​បំផុត​របស់​ខេត្ត ។ ក្នុង​រយៈពេល ថ្មី​ៗ​កន្លង​មក​បាន​សាងសង់​ផ្សារ​ថ្មី​មួយទៀត​ឈ្មោះ​«​ផ្សា​រតាយ​សេង​» នៅ​ភាគ​ខាងលិច​នៃ​ក្រុង​បាន​លុង ក្នុង​សង្កាត់​កាចា​ញ ប៉ុន្តែ​មិន​ទាន់​បាន​ដំណើរការ​លក់ដូរ​នៅឡើយ​ទេ ។

រាល់​ផលិតផល​ក្នុងស្រុក​ទាំងអស់​ដូច​ជា​ផ្លែ​ឈើ បន្លែបង្ការ ត្រី​សាច់  សម្ភារ​ប្រើប្រាស់​ផលិត​ដោយ​អ្នកស្រុក​រួម​ទាំង​ផល​អនុ​ផល​ព្រៃឈើ​មួយ​ចំនួន​ទៀត​ក៏​មាន​លក់​នៅ​ទីនោះ​ដែរ ។ ឯ​រាល់​កសិផល​ទាំងអស់​ក្នុង​ខេត្តរតនគិរី​សុទ្ធ​សឹង​ជា​កសិផល​ធម្មជាតិ​ដាំ​ដុះ​ដោយ​គ្មាន​ការ​ប្រើប្រាស់​ជីគីមី​ទេ លើកលែងតែ​កសិផល​ខ្លះ​ដែល​នាំ​ចូល​ពី​រាជធានី​ភ្នំពេញ ឬ​ពី​ប្រទេស​វៀតណាម​ប៉ុណ្ណោះ ។

នៅ​ពេល​ព្រលឹម ស្រាង​ៗ​ផ្សារ​ក្រុង​បាន​លុង​ចាប់ផ្តើម​សកម្មភាព​មមាញឹក​របស់​ខ្លួន​រវាង​អតិថិជន និង​អ្នកលក់​ដូរ​ដែល​ភាគច្រើន គឺ​ជនជាតិ​ដើម​ភាគតិច​បាន​ទូល ឬ​ស្ពាយ​ផលិតផល​របស់​ខ្លួន​សម្រាប់​លក់​ឱ្យ​អតិថិជន​ទូទៅ ។

វា​គឺជា​អនុស្សាវរីយ៍​មួយ​សម្រាប់់​អ្នកទេសចរ​ទាំងឡាយ​ដែល​បាន​ទៅ​ទស្សនា​ឈ្វេងយល់​ពី​សកម្មភាព​លក់ដូរ​នៅ​ឯ​ផ្សារ​បាន​លុង ខណៈ​ដែល​រៀង​រាល់​ព្រឹក​គេ​បានឃើញ​សកម្មភាព​អ៊ូអរ​មមាញឹក​រវាង​កសិករ និង​ពាណិជ្ជករ​ទិញ​-​លក់ទំនិញ​របស់​ពួក​គេ ។ ផលិតផល​មួយ​ចំនួន​ដែល​មាន​លក់​នៅ​ទីនោះ គឺ​ប្លែក ហើយ​ក៏​ពុំ​មាន​លក់​នៅ​ផ្សារ​ទូទៅ​ទេ ។ កសិផល​ដាំ​ដុះ​តាម​បែប​ធម្មជាតិ​នៅ​ផ្សារ​បាន​លុង​មាន​តម្លៃ​ទាប​ជាង​ផ្សារ ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ក្នុង​ក្រុង​បាន​លុង​មាន​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​សម្រាប់់​អ្នកទេសចរ​ស្នាក់​នៅ​ហើយ​លក់​ម្ហូបអាហារ​ច្រើន​ប្រភេទ​តាម​តម្រូវការ​របស់​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​ខេត្តរតនគិរី​មាន​ទីក្រុង​មួយ​ដែល​ស្ថិត​នៅ​លើ​តំបន់​ខ្ពង់រាប​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ជួរ​ភ្នំ ជ្រលង​ភ្នំ ទឹកធ្លាក់ និង​បឹង​ធម្មជាតិ ដែល​ក្លា​យមក​ពី​ប​ន្ទុះ​ភ្នំភ្លើង​ជា​ច្រើន​សតវត្ស​មក​ហើយ នោះ​គឺ​បឹង​យក្ស​ឡោម​ដែល​ជា​រមណីយដ្ឋាន​ធម្មជាតិ​គួរ​ឱ្យ​អារម្មណ៍​បំផុត​ក្នុង​ខេត្តរតនគិរី ។

រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ស​ឡោម គឺជា​បឹង​មួយ​ស្ថិត​នៅ​លើ​តំបន់​ខ្ពង់រាប​នៃ​ខេត្ត​រត​គិរី​មាន​អង្កត់ផ្ចិត​ប្រមាណ​ជា​៨០០​ម៉ែត្រ និង​ជម្រៅ​៤៨​ម៉ែត្រ​ទៅ​៥០​ម៉ែត្រ វា​កើតឡើង​ដោយ​ប​ន្ទុះ​ភ្នំភ្លើង​ចាស់​ជា​ច្រើន​សតវត្ស​មក​ហើយ ។ ពី​ដើម​ឡើយ​បឹង​នោះ​មាន​សភាព​ស្ងប់ស្ងាត់​នៅ​កណ្តាល​ទ្រូងព្រៃ​ប្រៀប​ដូច​ជាទី​ឋាន​ដ៏​សុខដុមរមនា​សម្រាប់់​ពពួកសត្វ​ព្រៃ  ។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​កាប់​ឆ្ការ រុករាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ដាំ​ដំណាំ​កសិផល​អស់ហើយ មាន​តែ​បរិវេណ​ជុំវិញ​បឹង​ប៉ុណ្ណោះ​ដែល​នៅ​សល់ ប៉ុន្តែ​ក៏​ប្រឈម​នឹង​ការ​រំលោភ​ផង​ដែរ​ពី​អ្នកមាន​អំណាច​មួយ​ចំនួន ។

បឹង​យក្ស​ឡោម​ប្រៀប​ដូច​ជា​មេដែក​ឆក់​សម្រាប់​ស្រូប​ទាញ អង្រួន​បេះ​ដូ​អ្នកទេសចរ​ឱ្យ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ដោយ​ខាន​ពុំ​បាន​ឡើយ ខណៈ​ដែល​ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ដល់​ខេត្តរតនគិរី ។

ទឹក​បឹង​ដែល​ជា​និច្ចកាល​ត្រជាក់ស្រេង ថ្លាឈ្វេង​ឆ្លុះ​ពណ៌​ជាមួយនឹង​ព្រៃឈើ​ខៀវស្រងាត់​នៅ​ព័ទ្ធ​ជុំវិញ​មាត់បឹង​នោះ ដែល​អម​ដោយ​សំឡេង​បក្សាបក្សី​ស្រែកយំ​យ៉ាង​គ្រលួច បឹង​យក្ស​ឡោម​បាន​ក្លាយជា​គោលដៅ​សម្រាប់​អ្នកទេសចរ​មុជទឹក​ហែល​កម្សាន្ត​អារម្មណ៍ និង​ដើរ ឬ​ជិះ​កង់​ទស្សនា​កម្សាន្ត​ទេសភាព​ស្រស់​ត្រកាល​ព័ទ្ធ​ជុំវិញ​មាត់បឹង​នោះ​ដែល​ពេល​ខ្លះ​អាច​ឱ្យ​គេ​ពើបប្រទះ​សត្វ​បក្សាបក្សី ឬ​ក៏​សត្វ​ម្រឹគីម្រឹគា ផ្សេង​ៗ​ទៀត​ក៏​មាន​ដែរ ។

ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​នោះ​មាន​ជំនឿ​ថា ទឹក​បឹង​យក្ស​ឡោម​មានព្រលឹង​វិញ្ញាណ ហើយ​ពួក​គេ​ទាំងអស់​គ្នា​តែងតែ​គោរព​បូជា និង​មានការ​បន់ស្រន់​ប្រាថ្នា​សូម​ឱ្យ​វត្ថុ​ស័ក្តិសិទ្ធិ​ការពារ​ពួក​គេ និង​ទឹកដី​បុព្វបុរស​ផង​ខ្លួន​ឱ្យ​នៅ​គង់វង្ស​ជា​និច្ច ។ ប្រជាជន​ខ្លះ​បាន​ផ្តល់​ជូន​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​នូវ​ការ​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ផលិតផល​សិប្បកម្ម កសិកម្ម​ជា​ច្រើន​មុខ ដែល​ផលិត​ដោយ​ជនជាតិ​ដើម​ភាគតិច​នៅ​មូលដ្ឋាន​ក្បែរ​ៗ​នោះ ។

បឹង​យក្ស​ឡោម​ជា​បឹង​ធម្មជាតិ​មួយ​ស្អាត​អស្ចារ្យ​មាន​ទីតាំង​ក្នុង​សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ចម្ងាយ​៥​គីឡូម៉ែត្រ​ពី​ខាងកើត​ក្រុងយក្ស​ឡោម ។ មានរឿង​ព្រេង​មួយ​ទាក់ទង​នឹង​បឹង​យក្ស​ឡោម ហើយ​បាន​និទាន ត​ៗ​គ្នា​ដោយ​ប្រជាជន​នៅ​មូលដ្ឋាន ។

រឿងព្រេង​នោះ​និទាន​ថា កាលពីព្រេងនាយ​មាន​ស្តេច​យក្ស​មួយ​អង្គ​មាន​ឫទ្ធា​អំណាច​ខ្លាំង​អស្ចារ្យ ហើយ​មាន​បុត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់់​ទាំង​សក់ ទាំង​រាង​កាយ​របស់​បុត្រី​នោះ​តែងតែ​សាយភាយ​ចេញ​ក្លិនក្រអូប​ជា​ប្រចាំ ដូច្នេះ​ស្តេច​យក្ស​បាន​ដាក់​ឈ្មោះ​បុត្រី​ថា ព្រះ​នាង «​សក់​ក្រអូប​» ។ នៅ​ពេល​នាង​ធំ​ពេញវ័យ​មាន​បុរស​សង្ហា ហើយ​ខ្លាំងពូកែ​ម្នាក់​ទៅ​ចែចង់ ។ សេចក្តី​ស្រឡាញ់​ប្រតិព័ទ្ធ​របស់​ពួក​គេ​កាន់តែ​រីក ធំ​ឡើង​ៗ ចំពោះ​គ្នា ។ ដោយសារ​គូស្នេហ៍​នោះ​ភ័យ​ខ្លាច​ស្តេច​យក្ស​ដឹង​រឿង​សម្ងាត់​នេះ​របស់​ពួក​គេ​ក្នុង​ថ្ងៃ​ណាមួយ​នោះ ដូច្នេះ​ក៏​សម្រេចចិត្ត​ភៀសខ្លួន​ទៅ​កាន់​ព្រៃ​ជ្រៅ ។

មិនយូរ​ប៉ុន្មាន ស្តេច​យក្ស​ដឹង​ពី​ស្ថានភាព​របស់​បុត្រី ព្រះ​អង្គ​សោកសង្រេង​យ៉ាង​ខ្លាំង​។ ដំបូង​ព្រះ​អង្គ​មាន​សេចក្តី​អាណិតអាសូរ​ដល់​បុត្រី ហើយ​បន្ទាប់​មក​ព្រះ​អង្គ​កោះ​ប្រជុំ​កងទ័ព​ដើម្បី​ស្វែងរក​បុត្រី​សំណព្វចិត្ត ។ នៅ​ក្នុង​អាណាចក្រ​ព្រះ​អង្គ​ទាំងមូល និង​នៅ​ក្នុង​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ទាំងឡាយ​ត្រូវ​ត្រួតពិនិត្យ​ដោយ​កងទ័ព​យក្ស​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​ពួក​គេ​មិន​ប្រទះ​ឃើញ​ដាន​របស់​នាង​ឡើយ ។ ទីបំផុត​ទៅ​ដល់​ព្រៃ​ក្រាស់​ដែល​ជាទី​តាំង​បឹង​យក្ស​ឡោម​សព្វ​ថ្ងៃនេះ​ក៏​ពុំ​ឃើញ​គូស្នេហ៍​នោះ​ដែរ ។

ស្តេច​យក្ស​សង្ស័យ​ថា​បុត្រី​ព្រះ​អង្គ​ប្រហែលជា​ស្ថិត​នៅ​ក្នុង​ព្រៃ​នោះ ដូច្នេះ​ព្រះ​អង្គ​បាន​ដាក់​ពង្រាយ​កងទ័ព​យ៉ាងច្រើន​ដើម្បី​ឡោម​ព័ទ្ធ​បរិវេណ​ព្រៃ​នោះ ។ បន្ទាប់​មក​ព្រះ​អង្គ​បាន​បញ្ជា​ឱ្យ​កងទ័ព​ទាំងអស់​ដក​ដើមឈើ ហើយ​ជីកដី​ក្នុង​បរិវេណ​នោះ​យ៉ាង​ជ្រៅ ដើម្បី​ស្វែងរក​បុត្រី​ជាទី​ស្រឡាញ់​របស់​ខ្លួន ។ ពួក​កងទ័ព​បាន​នាំ​គ្នា​ជីក​រហូត​ទីនោះ​ក្លាយជា​ស្រះ​យ៉ាង​ធំ​បណ្តាល​ឱ្យ​ពួក​គេ​មានការ​ហត់នឿយ​យ៉ាង​ខ្លាំង ឯការ​ខិតខំ​ប្រឹងប្រែង​ក៏​ក្លាយជា​អត់​អំពើ ។ ទីបំផុត​ស្តេច​យក្ស​ក៏​បញ្ជា​ឱ្យ​កងទ័ព​ដក​ត្រឡប់​ទៅ​ព្រះ​នគរ​វិញ​ទាំងអស់​ទៅ ។ រណ្តៅ​ដី​ដែល​កងទ័ព​យក្ស​បាន​ជីក​រួម​ទាំង​ការ​ដក​ដើមឈើរ​តូច​ធំ​ទាំង​ឫស ដែល​ជា​ការ​ខិតខំ​ប្រឹងប្រែង​មិន​បាន​ជោគជ័យ​ដើម្បី​ស្វែងរក​បុត្រី​យក្ស​នោះ បាន​បន្សល់​ទុកជា​ស្រះ ឬ​បឹង​ជ្រៅ​មួយ​នៅ​ខេត្តរតនគិរី ។ ទាំងនេះ​ជា​ហេតុផល​អ្នកស្រុក​រតនគិរី ហៅ​ទីនោះ​ថា «​បឹង​យក្ស​ឡោម​» រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ដោយ​ក្លា​យមក​ពី​ពាក្យ​ដើម​ថា «​យក្ស​ឡោម​ព័ទ្ធ​»​។

មានការ​និទានរឿង​បែប​ផ្សេង​ទៀត​ខុស​ពី​សេចក្តី​និទាន​មុន​នេះ​ថា មាន​មេទ័ព​យក្ស​មួយ​ព្យាយាម​ចាប់​កូនស្រី​របស់​ស្តេច​យក្ស​ដើម្បី​បំបែក​កូនស្រី​របស់​ស្តេច​យក្ស​ពី​គូស្នេហ៍​របស់​នាង ។ ពេល​នោះ​មេទ័ព​យក្ស​បាន​បញ្ជា​ឱ្យ​កងទ័ព​យក្ស​ឡោម​ព័ទ្ធ​ជុំវិញ​ភ្នំ​ជាទី​ដែល​គូស្នេហ៍​លាក់ខ្លួន​ពួន​អាត្មា​នោះ ឯ​គូស្នេហ៍​នោះ​គិត​ថា គ្មាន​ផ្លូវ​នឹង​គេចខ្លួន​រួច​ឡើយ ។ ពួក​គេ​ទាំង​ពីរ​បាន​សម្រេចចិត្ត​សច្ចា​ប្រាថ្នា​បួងសួង​សូម​ឱ្យ​ព្រះធរណី​ស្រូប​ដើម្បី​បញ្ជាក់​ពី​សេចក្តី​ស្នេហា​បរិសុទ្ធ ស្មោះត្រង់​របស់​ពួក​គេ ។ ពួក​គេ​ក៏​ចាប់ផ្តើម​បន់ស្រន់​ដល់​អ្នកតា​ព្រៃ​ភ្នំ ព្រះ​មុនី​ឥសី និង​វត្ថុ​ស័​កិ្ត​សិទ្ធិ​ដែល​រក្សា​ទឹកដី​នេះ សូម​ឱ្យ​លោក​ជួយ​ឱ្យ​ទី​នេះ​ស្រុត​ចុះ​លិចទៅ​ក្នុង​ព្រះធរណី​ចុះ ដើម្បី​កុំឱ្យ​មាន​គេ​មក​ពង្រាត់​ពួក​គេ​ចេញពី​គ្នា ។ រំពេច​នោះ​តំបន់​ភ្នំ​ក៏​ស្រុត​លិច​ចុះ​ទៅ​ក្រោម​ព្រះធរណី​យ៉ាង​ឆាប់រហ័ស ដោយ​នាំ​យក​គូស្នេហ៍​នោះ​ទៅ​ជាមួយ​ផង​ដូច​បំណងប្រាថ្នា​មែន ។ មូលហេតុ​នេះ​ហើយ​ដែល​ទីតាំង​នោះ​ក្លាយទៅជា​ស្រះ​យ៉ាង​ជ្រៅ ហើយ​អ្នកស្រុក​ហៅ​ស្រះ​នោះ​ថា «​យក្ស​ឡោម​» មក​ពី​ពាក្យកាត់រ​បស់ពាក្យ «​កងទ័ព​យក្ស​ឡោម​ព័ទ្ធ​»​នោះ​ឯង ។

មានការ​ពន្យល់​មួយទៀត​ថា ប្រភព​ឈ្មោះ «​យក្ស​ឡោម​» នេះ​ផ្សេង​ទាំងស្រុង​ពី​រឿងនិទាន​ខាងលើ ហើយ​ទំនង​គួរ​ឱ្យ​ជឿ​ខ្លាំង​ណាស់ ។ រឿង​នោះ​និទាន​ថា​ពាក្យ «​យក្ស​» នៅ​ក្នុង​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​ទីនោះ​មាន​ន័យ​ថា «​ប្រធាន ឬ​មេ​ភូមិ ឬ​មេកន្ទ្រាញ ឬ​ក៏​ម្ចាស់​ភូមិ​» ។ ពាក្យ «​ឡោម​» ជា​ឈ្មោះ​របស់​មនុស្ស​ដែល​ជា​អតីត​ជា​ម្ចាស់​គ្រប់គ្រង​នៅ​តំបន់​នោះ ។ ព្រោះ​ហេតុ​ដូច្នេះ​ពាក្យ «​យក្ស​ឡោម​» គឺជា​ការ​រំឭក​និង​គោរព​ដល់​ព្រលឹង ឬ​វិញ្ញាណក្ខន្ធ​នៃ​មេដឹកនាំ​ជំនាន់​មុន​របស់​ពួក​គេ​មានឈ្មោះ​ថា «​ឡោម​» ដែល​ធ្លាប់​គ្រប់គ្រង​កុលសម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​ជុំវិញ​បឹង​នោះ ឱ្យ​រស់នៅ​ក្នុង​សុភមង្គល និង​ភាព​សុខដុម រម​នា​ជា​យូរ​មក​ហើយ ។ 

បច្ចុប្បន្ន បឹង​យក្ស​ឡោម​កំពុង​ស្រូប​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​យ៉ាងច្រើន​កុះករ ហើយ​មានការ​កើន​ឡើងជា​លំដាប់ ។ ដោយសារ​ផ្លូវ​ធ្វើ​ដំណើរ​ងាយស្រួល ក្នុង​ឆ្នាំ​២០១៥​នេះ អ្នកទេសចរ​ជាតិ​កើនឡើង ប្រមាណ​៥% និង​អ្នកទេសចរ​អន្តរជាតិ​៣% បើ​ប្រៀបធៀប​ឆ្នាំ​២០១៤ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វេ​ណ ជឺ​ក ប្រធាន​សមាគម​គ្រប់គ្រង​រមណីយដ្ឋាន​បឹង​យក្ស​ឡោម ៕