ខេត្តបាត់ដំបង៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១០មីនា បានបន្តដឹកនាំក្រុមមន្រ្ដីជំនាញ ត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក ៣កន្លែង ក្នុងខេត្តបាត់ដំបង និងវត្តមានស្ត្រីម្នាក់ ជិះឡានតាក់ស៊ី មកពីខេត្តព្រះសីហនុ ដែលវិជ្ជមានកូវីដ កំពុងសំរាកព្យាបាល។
ទីតាំងមណ្ឌលចត្តាឡីស័ក កម្រិតទី១ ចំនួន ៣កន្លែងនោះ រួមមាន នៅស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង។ ទីតាំងទាំងនេះ ត្រូវបានរៀបចំឡើង ដើម្បីត្រៀមទទួលពលករ ដែលទើបមកពីប្រទេសថៃវិញ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ឲ្យយកពួកគាត់ មកដាក់នៅតាមស្រុកកំណើតរៀងៗខ្លួនគាត់វិញ បន្ទាប់ពីពលករទាំងនោះ មកពីប្រទេសថៃ។
លោកអភិបាលខេត្តបាត់ដំបង បានណែនាំ និងលើកទឹកចិត្តដល់មន្ត្រីប្រចាំការ នៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ ឲ្យបន្តការខិតខំប្រឹងប្រែងបន្តទៀត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នេះ ដោយព្យាយាមណែនាំពលករ ដែលមកធ្វើចត្តាឡីស័ក ឲ្យរក្សាអនាម័យខ្លួនប្រាណ រក្សាគំលាត ជាពិសេសបើសិនជាមានបងប្អូនដែលជាសាច់ញាតិមកសួរសុខទុក្ខ ត្រូវរៀបចំឲ្យពួកគាត់សួរសុខទុក្ខ នៅឲ្យឆ្ងាយពីអ្នកធ្វើចត្តាឡីស័ក ព្រោះថា បើសិនជាមិនមានការរៀបចំដាក់ឲ្យឆ្ងាយទេ គាត់នឹងទៅជិតអ្នកចត្តាឡីស័កជាមិនខាន។
លោកបានបន្តណែនាំឲ្យមន្រ្ដីប្រចាំការ រៀបចំកន្លែងចត្តាឡីស័ក មានជាកន្លែងអង្គុយលេង ស្រូបយកខ្យល់អាកាស រៀបចំបន្ទប់ឲ្យមានខ្យល់ចេញចូលបានគ្រប់គ្រាន់ ដើម្បីឲ្យគាត់មានអារម្មណ៍ មិនមានភាពធុញថប់ ក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័កនេះ ផងដែរ ហើយបន្តដឹកនាំក្រុមមន្រ្ដីជំនាញត្រួតពិនិត្យមណ្ឌលចត្តាឡីស័កជាច្រើនទៀតដែលនៅតាមបណ្ដាស្រុកគោលដៅដែលបានរៀបចំទទួលពលករមកពីប្រទេសថៃ ចូលមកធ្វើចត្តាឡីស័ក ១៤ថ្ងៃផងដែរ។
លោកអភិបាលខេត្ត ក៏បានចុះទៅពិនិត្យមើលស្ត្រីម្នាក់ ដែលវិជ្ជមានកូវីដ-១៩ កំពង់សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបងផងដែរ៕ ដោយ៖ ហួត សុងហាក់
ចែករំលែកព័តមាននេះ