ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ ទើបរកឃើញឆ្លងកូវីដ នៅខេត្តបាត់ដំបង ជិះឡានទៅ​ណាខ្លះ?

3 ឆ្នាំ មុន
  • បាត់ដំបង

បាត់ដំបង៖ ស្រ្ដី​ដែលទើបរកឃើញឆ្លងកូវីដ១៩នោះ ឈ្មោះ បូ វណ្ណី នៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី០៩…

បាត់ដំបង៖ ស្រ្ដី​ដែលទើបរកឃើញឆ្លងកូវីដ១៩នោះ ឈ្មោះ បូ វណ្ណី នៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ម៉ោងប្រមាណ ០៩យប់ ក្រុមការងារមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានទទួល​ព័ត៌មាន​ពីលោកមេភូមិទួលច្រនៀង ហើយក៏បាននាំមកធ្វើចត្តាឡីស័ក និងពិនិត្យសំណាក រកកូវីដ១៩​។ ស្រ្ដីអាយុ ៣០ឆ្នាំនោះ ជាអ្នកសម្អាត​បន្ទប់នៅសណ្ឋាគារ ស៊ីន ថៃ នៅខេត្តព្រះសីហនុ។

ក្នុងនោះ ក្រុមការងារជំនាញ បានធ្វើ​ប្រវត្ដិនៃការ​ធ្វើដំណើររបស់ស្រ្ដីរូបបនេះ ដែលមានដូចខាងក្រោមនេះ៖ ថ្ងៃទី០៩ មីនា ២០២១ ម៉ោងប្រមាណ ០៤ជាងព្រឹក បានជិះរថយន្តតាក់ស៊ីម៉ាក LEXUS (មិនមានលេខទូរស័ព្ទ ដោយអ្នករត់ PASS APP នៅមុខសណ្ឋាគារ ហៅឱ្យ និងមិនចាំលេខម្ចាស់ PASS APP) ពីខេត្តព្រះសីហនុ តាមផ្លូវវាង មិនជួបការត្រួតពិនិត្យ​របស់​សមត្ថកិច្ច មកភ្នំពេញ (មិនមានឈប់តាមផ្លូវ)។ អ្នករួមដំណើរ មានចំនួន ០៥នាក់ (រួមទាំងតៃកុងឡាន មិនស្គាល់គ្នា និងមិនមាន​លេខទូរស័ព្ទ) ដោយពាក់ម៉ាស់ទាំងអស់គ្នា និងមានអាល់កុលលាងដៃ។

មកដល់ភ្នំពេញ នៅបេនឡានផ្សារថ្មី ម៉ោងប្រមាណ ១២ថ្ងៃ និងហូបបាយថ្ងៃត្រង់រួច បន្តចេញដំណើរមកបាត់ដំបង តាមតាក់ស៊ីមួយទៀត ម៉ាក ស៊ីណា លេខទូរស័ព្ទលេខ ០៩៩៩៥៦៦៩៥ អ្នករួមដំណើរ ០៦នាក់ ទាំងតៃកុងឡាន (មិនស្គាល់) ១.ចុះនៅមុខប៉េអ៊ឹមស្រុកមោងឫស្សី ២.ចុះនៅភ្នំធិបតី ៣.ចុះនៅមុខ​ព្រាបស(ករណីវិជ្ជមាន) ៤.ចុះនៅលោកតាដំបងគ្រញ៉ូង (វៀតណាម) ៥.ចុះនៅម្ដុំវត្តពោធិវង្ស ៦.ប្រពន្ធចុះនៅភូមិអន្លង់វិល​។ ក្នុងឡាន មានអាល់កុលលាងដៃ និងពាក់ម៉ាស់ទាំងអស់គ្នា លើកលែងតែតៃកុងឡាន។ តាមផ្លូវឈប់ហូបអាហារ នៅហាងបាយបរទេស នៅខាងស្ដាំដៃជាប់ការ៉ាស់សាំង (មិនចាំឈ្មោះ) ចម្ងាយ​ប្រមាណ ៥០០ម៉ែត ជិតផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយអ្នកវិជ្ជមានមិនបានចូលហូបអាហារ និងអង្គុយនៅក្រៅឆ្ងាយពីគេ។

អាជ្ញាធរ បន្តថា ក្នុងអំឡុង ១៤ថ្ងៃមុន ស្រ្ដីរូបនេះ បាន​ស្នាក់នៅជាមួយបុគ្គលិកសណ្ឋាគារចំនួន ០៣នាក់ ដែលធ្លាប់មានប្រវត្តិផ្ដាសាយ ហើយបុគ្គលិកទាំងអស់ ត្រូវបានគេដាក់ដោយឡែក។​ បច្ចុប្បន្ន​សណ្ឋាគារខាងលើ ត្រូវបានបិទ។

អាជ្ញាធរបន្ថែមថា អ្នកប៉ះពាល់ជាមួយស្រ្ដីខាងលើ មាន៖ តៃកុងឡាន (ភ្នំពេញ មកបាត់ដំបង) និងប្រពន្ធ កូនរបស់គាត់ អ្នករត់ម៉ូតូឌុបនៅព្រាបស អាចទំនាក់ទំនងបានអញ្ជើញ មកធ្វើចត្តាឡីស័ក និងយកសំណាកនៅ​មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលចត្តាឡីអនុវិទ្យាល័យអូរដំបង១ ប៉ុន្តែអ្នករួមដំណើរ និងតៃកុងឡាន (ព្រះសីហនុមកភ្នំពេញ) មិនទាន់ទាក់ទងបាន ក្រុមការងារកំពុងបន្តការស្វែងរកករណីប៉ះពាល់បន្ថែម និងជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធ។

អាជ្ញាធរខេត្តបាត់ដំបង បានប្រកាសថា ស្ត្រីដែលមានវិជ្ជមានមេរោគកូវីដ-១៩នោះ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង និងកំពុងបន្តស្រាវជ្រាវអ្នក ដែលជាប់ពាក់ព័ន្ធ កុំឲ្យមានការរីករាលដាលបន្តទៀត៕ ដោយ៖ ហួត សុងហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ