ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់កូវីដ ចូលជាធរមាន ដាក់ឲ្យប្រើប្រាស់ហើយ!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ច្បាប់ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ​ និងប្រកបដោយ​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ ចុះហត្ថលេខា​លើព្រះរាជក្រឹត្យ ប្រកាស​ឲ្យប្រើប្រាស់ហើយ…

ភ្នំពេញ៖ ច្បាប់ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ​ និងប្រកបដោយ​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ ចុះហត្ថលេខា​លើព្រះរាជក្រឹត្យ ប្រកាស​ឲ្យប្រើប្រាស់ហើយ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១​។

ច្បាប់ថ្មីនេះ មាន ០៦ជំពូក និង១៨មាត្រា បាន​កំណត់កម្រិតទោស​ព្រហ្ម​ទណ្ឌ ចំពោះអ្នកល្មើស  និងបើកសិទ្ធិឱ្យរាជរដ្ឋាភិបាល បិទតំបន់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩​។

មាត្រា៤ នៃច្បាប់នេះ រដ្ឋាភិបាល​កម្ពុជា អាចដាក់ចេញនូវវិធានការមួយចំនួន​ជាបណ្តោះអាសន្ន រួមមាន ហាមឃាត់ការធ្វើដំណើរ ហាមឃាត់ការជួបជុំ ហាមឃាត់ការធ្វើពាណិជ្ជកម្ម និងហាមឃាត់សកម្មភាពការងារនៅកន្លែងណាមួយ និងអាចបិទតំបន់ណាមួយ ដែលមានជំងឺកូវីដ-១៩ ឆ្លងរាលដាល។

មាត្រា៥ ក្នុងច្បាប់នេះ បានកំណត់ថា ទីតាំងអាជីវកម្ម នឹងត្រូវបិទចោល ព្យួរ ឬដកហូតអាជ្ញាបណ្ណ បើទីតាំងអាជីវកម្មនោះ មិនអនុវត្តតាមវិធានការរបស់រដ្ឋាភិបាល ខណៈមាត្រា៦ ចែងថា អ្នកគេចវេះពីការធ្វើចត្តាឡីស័ក និងអ្នក ដែលលួចរត់ចេញពី​កន្លែងធ្វើចត្តាឡីស័ក  ហើយចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវពិន័យប្រាក់ពី ២លានរៀល ដល់ ១០លានរៀល ព្រមទាំងត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ។

មាត្រា ៨ បានកំណត់ថា អ្នកគេចវេះពីការព្យាបាលជំងឺកូវីដ-១៩ ឬលួចរត់​ចេញពីកន្លែងព្យាបាល ត្រូវពិន័យពី ៥លានរៀល ដល់ ២០លានរៀល ព្រមទាំងអាចជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ ហើយបើឆ្លងដល់អ្នកដទៃ អ្នកនោះ នឹងត្រូវមានទោសកាន់តែធ្ងន់ គឺត្រូវដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ។ ​

​​មាត្រា៩ នៃ​ច្បាប់​ថ្មីនេះ បានចែងថា អ្នកដែលមានចេតនាចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ត្រូវដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយបើចេតនាក្នុង​ការចម្លង​ដល់អ្នកដទៃនេះ ត្រូវបានរកឃើញថា ធ្វើឡើង ដោយមានការរៀបចំជាក្រុម ឬមានអង្គការចាត់តាំង អ្នកនោះ នឹង​ត្រូវជាប់ពន្ធនាគារ កាន់តែយូរ គឺពី ១០ឆ្នាំ ទៅ ២០ឆ្នាំ៕​