ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែសម្រួលវិធានការលើសពអ្នកស្លា.ប់ដោយកូវីដ គឺអាចបូជាក៏បាន អាចបញ្ចុះក៏បាន!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ទីបំផុតទៅ នៅយប់ថ្ងៃទី១០ ខែមីនានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកែសម្រួល​នូវវិធានការ​ ដែលសម្តេចបានដាក់ចេញ​លើសព​អ្នកស្លាប់…

ភ្នំពេញ៖ ទីបំផុតទៅ នៅយប់ថ្ងៃទី១០ ខែមីនានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកែសម្រួល​នូវវិធានការ​ ដែលសម្តេចបានដាក់ចេញ​លើសព​អ្នកស្លាប់ ដោយជំងឺកូវីដ១៩ នៅកម្ពុជា​។ នោះគឺ​សម្តេចសម្រេចចុងក្រោយថា សពនោះ អាចបូជាក៏បាន ឬក៏បញ្ចុះសពក៏បាន​ តាមទំនៀមទម្លាប់​ប្រពៃណី​របស់ជាតិសាសន៍នីមួយៗ​។​

ក្នុងសារជាសំឡេង​ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយមានសំណូមពរ​ពីសាសនិក​ឥស្លាម សម្តេច​ក៏បានសម្រេចឲ្យបញ្ចុះ​សព បើសិនជាមានបងប្អូន​សាសនិកឥស្លាម ស្លាប់ដោយកូវីដ១៩ ទៅ​តាមប្រពៃណី។ នៅមុននេះ ក៏មាន​សំណូមពរពីបងប្អូនជនជាតិភាគតិច ពីខេត្តរតនគិរី ស្នើសុំ​បញ្ចុះសពជនជាតិភាគតិច បើមានអ្នកស្លាប់ដោយកូវីដ១៩​។

យ៉ាងណាក៏ដោយ ទាំង​ការបូជាសព និងទាំងការបញ្ចុះសព អ្នកស្លាប់ដោយកូវីដ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ណែនាំ​ឲ្យអនុវត្តតាមវិធានសុខាភិបាល​ ដើម្បីការពារកុំ​ឲ្យឆ្លងកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ​ឲ្យអាជ្ញាធរខេត្តរាជធានី រៀបចំ​បច្ឆា សម្រាប់​បូជាសព និងដីបញ្ចុះសព ព្រមទាំងក្ដារ​ម្ឈូស ឱ្យបានសមរម្យ​បំផុត។​

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នេះជាការកែតម្រូវ​មួយ ដើម្បី​ឲ្យស្របទៅតាម​ជាតិសាសន៍ និងសាសនា ដែលមាននៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ហើយជាគោលនយោបាយ​ ដែលចាត់ទុកថា សុខដុមណីយកម្ម​ជនជាតិ និងសាសនានៅក្នុងព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែង​បន្ថែមថា ការត្រៀមរៀបចំ​មុននេះ មិនមែនជាការប្រមាថជីវិតរបស់ប្រជាជន​ ដូចក្រុមខ្លះ បានលើកឡើង​នោះទេ​។ តែ​នេះមិនមែនជាការប្រមាថទេ ផ្ទុយទៅវិញនេះ ជាការ​គោរពប្រជាជន​ទៅវិញទេ នៅពេលមានអ្នកជំងឺកូវិដ បាត់បង់ជីវិត គឺយើងបានរៀបចំជាមុន ដើម្បីការពារកុំ​ឲ្យឆ្លងកូវីដ១៩ ទៅកាន់ក្រុមគ្រួសារ​ ខណៈដែល​ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង ក៏មាន​ត្រៀមរៀបចំក្តារម្ឈូស​ ឬក៏ធ្វើចេតីយ៍​​ សម្រាប់​ឪពុកម្តាយ ផងដែរ​៕