ខេត្តបន្ទាយមានជ័យ ៖ សពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកស្រះក្បែរផ្ទះ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២ កញ្ញា ២០១៥ នៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលកូប បានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ សម សាម័យ អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ជាស្ត្រីមេម៉ាយ មានកូនចំនួន៤នាក់ ឯប្តីបានស្លាប់រយៈជាង៥ខែហើយ ដោយចង.ក ធ្វើអត្តឃាត ។
ប្រភពដដែលបានបញ្ជាក់ថា តាមការឲ្យដឹងពីកូនៗរបស់សពប្រាប់ថា ម្តាយរបស់ខ្លួនទៅដកព្រលិតយកមកស្ល ប៉ុន្តែបានបាត់តាំងពីល្ងាចថ្ងៃទី១ កញ្ញា ២០១៥ មកម៉្លេះ ហើយពួកគាត់ជាកូនៗបានដើររកគាត់តាមស្ទឹង ស្រះ និងកន្លែងផ្សេងៗក៏រកមិនឃើញ លុះព្រឹកឡើងទើបឃើញសពអណ្តែតទឹកស្រះក្បែរផ្ទះ ។
តាមការត្រួតពិនិត្យរបស់សមត្ថកិច្ច បានឱ្យដឹងថា ស្ត្រីរូបនេះបានស្លាប់ដោយសារលង់ទឹកស្រះ ព្រោះនៅលើដងខ្លួនមិនមានស្លាកស្នាមអ្វីទេ អាចមកពីគាត់វិលមុខពេលចុះដកព្រលិតរអិលជើងដួលក្នុងទឹកបណ្តាលឱ្យឈ្លក់ស្លាប់តែម្តង ៕
ចែករំលែកព័តមាននេះ