រាជធានីភ្នំពេញ ៖ លោក ង៉ែត ជូ អ្នកប្រឹក្សាពីហិរញ្ញវត្ថុឯករាជ្យម្នាក់បានលើកឡើងថា ការចំណាយថវិកាតាមការចង់ ឬការចំណាយលុយទិញរបស់អ្វីមួយនៅពេលមានការបញ្ចុះតម្លៃនោះមិនមែនជាការចំណាយត្រឹមត្រូវនោះឡើយ ប្រសិនរបស់នោះមិនមែនជាតម្រូវការចាំបាច់នៅក្នុងការប្រើប្រាស់ ។ លោកថា មុននឹងទិញសម្ភារៈអ្វីមួយត្រូវសួរខ្លួនឯងឲ្យបាន ២ទៅ ៣ដង ថាខ្លួនការប្រើប្រាស់របស់នោះចាំបាច់កម្រិតណា ។
លោកបានលើកឡើងដូច្នេះ «សួរខ្លួនឯងតើអ្នកប្រាកដជាត្រូវការសម្ភារៈនោះចាំបាច់ ឬទេ ? បើទិញហើយតើអ្នកនឹងប្រើប្រាស់សម្ភារៈនោះញឹកញាប់ប៉ុណ្ណា ឬហៅថា ប្រើអោយអស់ថ្លៃ ឬទេ ? មិនគួរទិញសម្ភារអ្វីមួយដែលអ្នកគ្រាន់តែចង់បាន ឬដោយសារតែគេបញ្ចុះតម្លៃ» ។
អ្នកមានបទពិសោធន៍ខាងសន្សំរូបនេះ បានលើកជាឧទាហរណ៍ថា «រដូវចូលឆ្នាំខ្មែរក្រុមហ៊ុនលក់កាបូបស្ពាយបញ្ចុះតម្លៃពី ១០០ដុល្លាមកត្រឹម ៦០ដុល្លា ។ ប្រសិនបើអ្នកមិនត្រូវការប្រើចាំបាច់នោះទេ ហើយអ្នកទិញព្រោះតែជាឱកាសបញ្ចុះតម្លៃ (ទិញរួច អ្នកមិនសូវប្រើហើយទុកចោលក្នុងទូ) នោះអ្នកមិនមែនចំណេញ ៤០ដុល្លានោះទេ គឺផ្ទុយទៅវិញអ្នកខាតអស់ ៦០ដុល្លា ។
ការលើកឡើងរបស់លោក ង៉ែត ជូ ដូចខាងលើនេះ បានទាក់ទងទៅនឹងរបៀបសន្សំប្រាក់ ។ អ្នកសន្សំប្រាក់ដែលទទួលលទ្ធផលល្អ មួយចំនួនបានលើកឡើងថាមុនធ្វើការចំណាយលើអ្វីមួយ គេត្រូវសួរខ្លួនឯងឲ្យបានពីរទៅបីដងថាតើទិញរបស់នោះដើម្បីតែចង់ទិញឬជាតម្រូវការ ។ បើជាតម្រូវការចាំទិញ ប៉ុន្តែបើគ្រាន់តែជាចង់ទិញ ដូចលោក ង៉ែត ជូ បានលើកឡើងថា ទិញនៅពេលគេបញ្ចុះតម្លៃនោះទេ គឺមិនចំណេញដោយ ការទិញរបស់បែបនេះនឹងធ្វើឲ្យការសន្សំ បរាជ័យ ៕
ចែករំលែកព័តមាននេះ