ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស៖ កម្ពុជាត្រៀមខ្លួន​ចូលរួមជាមួយរដ្ឋសមាជិកអាស៊ានដើម្បីជួយមីយ៉ាន់ម៉ា

5 ឆ្នាំ មុន
  • ភ្នំពេញ


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានប្រកាសថា កម្ពុជាត្រៀមខ្លួនជានិច្ច​ក្នុងការ​ចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការដើរវិល​ទៅរក​ភាពប្រក្រតីឡើង​វិញ ទោះជាតាមរយៈតួនាទី និងទម្រង់​ណាមួយកី្ត ដែលស្របតាមគោលការណ៍អាស៊ាន ។



យោងតាមប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២១ បាននិយាយថា ក្នុងនាមជាមិត្ត និងជាសមាជិកសហគមន៍អាស៊ាន កម្ពុជាក៏ដូចជាគ្រប់រដ្ឋសមាជិកអាស៊ានឯទៀត និងសហគមន៍អាស៊ានទាំងមូល​ «កំពុងតាមដានយ៉ាងជិតដិតនូវ​​ស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានការសោកសៅ​ដោយបានឃើញនូវការកើនឡើងនៃអំពើហឹង្សា ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្ស» ​។



ប្រភពដដែលបានបន្តថា «ដូចបានលើកឡើងក្នុងអន្តរាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្រ្តីការបរទេស  នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន កម្ពុជាត្រៀមខ្លួនជានិច្ច​ក្នុងការ​ចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការដើរវិល​ទៅរក​ភាពប្រក្រតីឡើង​វិញ ទោះជាតាមរយៈតួនាទី និងទម្រង់​ណាមួយកី្ត ដែលស្របតាមគោលការណ៍អាស៊ាន  ពោលគឺតាម​មាគ៌ា​អាស៊ាន ​របស់​យើង ​ដែល​គ្រប់ភាគីទាំងអស់អាច​ទទួល​យក​បាន​។​ ក្នុងស្មារតីនេះ កម្ពុជាក៏គាំទ្រផងដែរដល់    ការជួយសម្របសម្រួល​របស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន ប្រកបដោយលក្ខណៈវិជ្ជមាន  សន្តិភាព និងស្ថាបនា» ៕

ក្រសួងការបរទេសកម្ពុជាបានបន្ថែមថា ទន្ទឹម​នឹង​ការ​គោរពគោលការណ៍ស្នូលនៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាន  កម្ពុជាបានគាំទ្រ​ «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការវិវត្ត​នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា»  ដែលបានចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ និង «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន» ចេញនៅថ្ងៃទី ២ ខែមីនា​ ឆ្នាំ២០២១ ដែលត្រូវបាន​ធ្វើឡើងក្នុង​បំណងដ៏​​ស្មោះត្រង់ ដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

សូមបញ្ជាក់ថារយៈពេលចុងក្រោយនេះ ក្រុមបាតុករមីយ៉ាន់ម៉ា ហាក់មានសភាពកាន់តែពុះកញ្ជ្រោលខ្លាំងជាងមុន បន្ទាប់ពីបាតុករមួយចំនួន បានបាត់បង់ជីវិតនិងខ្លះរងរបួសដោយសារក្រុមប៉ូលិសបានបាញ់គ្រាប់ជ័រ និងគ្រាប់កាំភ្លើងពិតនៅក្នុងការបង្រ្កាប ការតវ៉ាប្រឆាំងរបបយោធាដែលកំពុងគ្រប់គ្រងប្រទេស ក្រោយការធ្វើរដ្ឋប្រហារមិនបង្ហូរឈាមកាលពីដើមខែកុម្ភៈកន្លងមកនេះ ៕