រាជធានីភ្នំពេញ ៖ បញ្ហាចំរូងចំរាសជុំវិញផែនការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហាររបស់កម្ពុជា ដែលរដ្ឋាភិបាលសៀម កំពុងដាក់ក្រុមមន្ដ្រីរបស់ខ្លួនឱ្យទៅរារាំង នៅកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងប្រទេសប្រេស៊ីលនោះ កំពុងធ្វើឱ្យមានការចោទសួរផ្នែកផ្លូវច្បាប់យ៉ាងខ្លាំងថា តើអ្នកណាជាអ្នកមានប្រៀបលើការគ្រប់គ្រងប្រាសាទព្រះវិហារ និងផ្ទៃដីទំហំ៤,៦គីឡូម៉ែត្រការ៉េ ជុំវិញប្រាសាទនោះ ។ ក្រុមអ្នកច្បាប់បានលាតត្រដាងថា រដ្ឋាភិបាលថៃបានចាញ់ក្ដីក្នុងការដណ្ដើមកាន់កាប់ លើប្រាសាទព្រះវិហារម្ដងរួចមកហើយ នៅក្នុងឆ្នាំ១៩៦២ ដោយតុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ បានសំរេចផ្ដល់សិទ្ធិគ្រប់គ្រង ប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងដាក់ឱ្យស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា ។ នៅឯកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្រុមមន្ដ្រីរបស់ថៃបានធ្វើយុទ្ធនាការបំពុលបរិយាកាសថា មិនអាចអនុវត្ដតាមផែនការរបស់កម្ពុជាបានទេ ពីព្រោះបញ្ហាខ្សែបន្ទាត់ព្រំដែន នៅជុំវិញប្រាសាទព្រះវិហារ មិនទាន់ច្បាស់លាស់ ហើយមិនដឹងថា ប្រាសាទព្រះវិហារ ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់អ្នកណានៅឡើយទេ?
ការធ្វើជាល្ងង់មុខក្រាស់របស់ថៃបែបនេះ ត្រូវបានអ្នកច្បាប់អន្ដរជាតិលើកឡើងថា ជាការពិតណាស់ក្នុងសាលក្រមរបស់តុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេឆ្នាំ១៩៦២ បានធ្វើសេចក្ដីសន្និដ្ឋាន និងបកស្រាយរួចហើយថា ប្រាសាទព្រះវិហារស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា ហើយសាលក្រមនោះបានភ្ជាប់ជាមួយផែនទី និងយោងតាមផែនទី ស្ដីពីខ្សែបន្ទាត់ព្រំដែនអន្ដរជាតិបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលបញ្ជាក់ថា ប្រាសាទព្រះវិហារ ស្ថិតក្នុងខ្សែបន្ទាត់ព្រំដែនទឹកដីកម្ពុជា គឺស្ថិតក្រោមអធិបតេយ្យភាពប្រទេសកម្ពុជា ដូច្នេះមិនចាំបាច់ស្រពិចស្រពិលទៀតទេ បើយើងឈរលើជំហរយុត្ដិធម៌ទាំងអស់គ្នា គឺយកផែនទីឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលតុលាការក្រុងឡាអេបាន ភ្ជាប់ជាសំអាងនៅក្នុងសាលក្រមឆ្នាំ១៩៦២ នោះ មកវាស់វែងទៅ គឺយើងនឹងដឹងយ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ និងផ្ទៃដីទំហំ៤,៦គីឡូម៉ែត្រការ៉េ ជារបស់អ្នកណាបាត់ទៅហើយ ៕
ចែករំលែកព័តមាននេះ