អំណោយ​​ផ្ដល់​ជូន​ដល់​លោកយាយ​ដើរ​​ស៊ីឈ្នួល​លាងចាន​តាម​រោង​បុណ្យ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​ផ្ដល់​ជូន​ដល់​លោកយាយ​ដើរ​​ស៊ីឈ្នួល​លាងចាន​តាម​រោង​បុណ្យ

2 ខែ មុន
  • Kampong Speu

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​កោះសន្តិភាព​ចុះផ្សាយ​ពី​ជីវិត​ស្ត្រី​ចំណាស់​ម្នាក់ រស់នៅ​ក្នុងភូមិក​ន្ទោ​ច ឃុំ​ទឹកល្អក់ ស្រុក​គងពិសី អាយុ​៧០​ឆ្នាំ ដើរ​ស៊ី​ឈ្នួល​លាងចាន​តាម​រោងការ និង​រោងបុណ្យ​រួច​មក ព្រះ​សុមេធ​វង្ស​បណ្ឌិត…

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​កោះសន្តិភាព​ចុះផ្សាយ​ពី​ជីវិត​ស្ត្រី​ចំណាស់​ម្នាក់ រស់នៅ​ក្នុងភូមិក​ន្ទោ​ច ឃុំ​ទឹកល្អក់ ស្រុក​គងពិសី អាយុ​៧០​ឆ្នាំ ដើរ​ស៊ី​ឈ្នួល​លាងចាន​តាម​រោងការ និង​រោងបុណ្យ​រួច​មក ព្រះ​សុមេធ​វង្ស​បណ្ឌិត សុខ ប៊ុ​នធឿ​ន ព្រះ​អនុគណ​ខណ្ឌមានជ័យ បាន​ប្រោសប្រណី​តាម​រយ​:​កោះសន្តិភាព ផ្តល់​ជូន​ដល់ស្ត្រី​ចំណាស់​រូប​នេះ​នូវ​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន ។

អំណោយ​ទាំងនេះ​ថ្វី​ដ្បិត​តិចតួច​ក៏​ពិតមែន តែ​អាច​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ស្ត្រី​ចំណាស់​រូប​នេះ​បាន​មួយ​កម្រិត​ដែរ ។

Picture

អំណោយ​ទាំងនោះ​រួម​មាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​ទឹក​ស៊ី​អ៊ី​វ​១​យួរ ។ ក្រៅពី​នេះ​មាន អំណោយ​របស់​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​ចំនួន​៥០.០០០​រៀល លោក វង្ស សន ៥០.០០០​រៀល លោក មៀ​វផល្លា ៥០.០០០​រៀល និង​លោក ផា​ន រ៉ា​ឌី ៥០.០០០​រៀល ។

នៅ​ពេល​ទទួល​អំណោយ​នេះ ស្ត្រី​ចំណាស់​ខាងលើ​មាន​សេចក្តី​ត្រេកអរ​ឥត​ឧបមា និង​បាន​ថ្លែង​អំណរ​ព្រះ​គុណ​និង​អរគុណ​ព្រះ​សុមេធ​វង្ស​បណ្ឌិត សុខ ប៊ុ​ន​ធឿ​ន និង​ឯកឧត្តម វ៉ី សំណា​ង អភិបាលខេត្ត ព្រមទាំង​សប្បុរសជន​ឯទៀត ដែល​បាន​ផ្ដល់​លុយកាក់ ក៏​ដូច​ជា​គ្រឿង​ឧ​បភោគ​បរិភោគ​ដល់​គ្រួរ​សារ​គាត់ ខណៈ​កំពុង​ប្រឈម​នឹង​ការ​លំបាក ព្រោះតែ​រោងការ រោង​បុណ្យ​សម័យ​កូ​វី​ដ​-១៩​បាន​ថយ​ចុះ​ស្ទើរតែ​គ្មាន ។

Picture

រូប​គាត់​មាន​តែ​ម្រាមដៃ​ដប់​លើក​ប្រណម្យ បួងសួង​ដល់​ព្រះ​រតនត្រ័យ សូម​តាម​ជួយ​បីបាច់
ថែរក្សា​ម្ចាស់​ទាន និង​ក្រុម​គ្រួសារ ជួប​ប្រទះ​តែ​សេចក្តីសុខ​ចម្រើន​គ្រប់​ក្រុម​គ្រួសារ​កុំបី​ឃ្លៀង
ឃ្លាត​ឡើយ ។

សូម​រំឭក​ថា ស្ត្រី​ចំណាស់​រូប​នេះ​ព្រោះតែ​ជីវ​ភាព​ក្រីក្រ បាន​តស៊ូ​ដើរ​ស៊ីឈ្នួល​លាងចាន​តាម​រោង​បុណ្យ និង​រោងការ ដើម្បី​យក​ប្រាក់​កម្រៃ​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ព្យាបាល​កូនស្រី​ដែល
មាន​​ជំងឺ ។ គាត់​និយាយ​ថា មនុស្ស​ចាស់​ផ្សេង​ៗ​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ដែល​មាន​កូនចៅ​ដូច​គាត់​ដែរ គេ​រស់នៅ​ដោយ​សុខ​ស្រួល​មិន​លំបាក​ដូច​គាត់​ទេ ចំណែក​រូប​គាត់​មិនដឹង​ជា​មានកម្ម​អ្វី​ពី​អតីតជាតិ​ទើប​លំបាក​បែប​នេះ ។

Picture

ឆ្នាំ​នេះ​គាត់​មាន​អាយុ​៧០​ឆ្នាំ សព្វថ្ងៃ​នេះ​រស់នៅ​បាន​អាស្រ័យ​លើ​ការ​ដើរ​ស៊ីឈ្នួល​លាងចាន​តាម​រោង​បុណ្យ និង​រោងការ នា​រដូវប្រាំង ចំណែក​នៅ​វស្សា​វិញ ដើរ​ស៊ីឈ្នួល​ដក​ស្ទូង​ឱ្យ​គេ​យក​ប្រាក់​កម្រៃ​មក​ទិញ​ម្ហូបអាហារ​ខ្លះ និង​យក​លុយ​ខ្លះ​ទិញ​ថ្នាំ​ព្យាបាល​កូនស្រី​ដែល​មាន​ជំងឺ ។ ជីវភាព​របស់​គាត់​រាល់​ថ្ងៃនេះ គឺ​លំបាក​ហួស​ពី​ការ​ស្មាន រាល់ថ្ងៃរ​ស់បាន​អាស្រ័យ​អ្នក​ភូមិ​ផង​របង​ជាមួយ​ជួយ​ហុច​ម្ហូបអាហារ​ខ្លះ​ដែរ ។ អ្វី​ដែល​គាត់​បារម្ភ​ជាងគេ​នោះ​គឺ រាល់​ថ្ងៃនេះ​កូនស្រី​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត ។

គ្រួសារ​របស់​គាត់ ត្រូវ​បាន​អាជ្ញាធរ​ចាត់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ជន​ក្រីក្រ​ប្រភេទ​១ និង​បាន​ទទួល​​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ជា​រៀង​រាល់​ខែ​ចំនួន​១២​ម៉ឺន​រៀល ។ ប៉ុន្តែ​ទោះជា​បែប​នេះ​ក្តី ក៏​ប្រាក់​ទាំងនេះ​មិន​អាច​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​របស់​គ្រួសារ​គាត់​ឱ្យ​ហូប​ចុក​បាន​គ្រប់គ្រាន់​ដូច​គ្រួសារ​ដទៃ​ឡើយ ៕