ខេត្តព្រះសីហនុ ៖ លោកវរសេនីយឯក ស៊ាង ឡេង ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្ត បានឱ្យដឹងថា ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍បានធ្វើដំណើតាមនាវាទេសចរណ៍យក្សមួយគ្រឿងឈ្មោះ LE GEND of SEAS សញ្ជាតិ BAHAMA បាននាំភ្ញៀវទេសចរមកពីប្រទេសចម្រុះជាតិសាស្ត្រតាមប្រទេសថៃ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៣១ សីហា ២០១៥ ក្នុងដំណើរទស្សនាចរនៅកម្ពុជាដែលមានរយៈពេលពេញមួយថ្ងៃ មុននឹងចាកចេញទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែលនេះ ។
លោកវរសេនីយឯក ស៊ាង ឡេង បានបន្តថា នាវា Le Gend of seas មានបណ្តោយ២៦៤ម៉ែត្រ ទទឹង៣២ម៉ែត្រ និងមាននាវឹកសរុបចំនួន៧៥២នាក់ ។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវានេះមានចំនួន១.៨៥២នាក់ (ស្រ្តី៩៨៦នាក់) មានសញ្ជាតិផ្សេងៗគ្នា ក្នុងចំណោមសញ្ជាតិច្រើនជាងគេមាន ជនជាតិអូស្ត្រាលី៧៦៣នាក់ អង់គ្លេស២៣០នាក់ ញូសឺឡែន១៣០នាក់ ក្រៅពីនោះ មានភ្ញៀវទសចរសញ្ជាតិផ្សេងៗទៀត ។
លោកវរសេនីយឯក បានបញ្ជាក់ថា មន្ត្រីយើងបានធ្វើការងារនៅលើនាវាមុនពេលដែលនាវាចូលមកដល់កំពង់ផែ ក្រុមមការងារបានបំពេញបែបបទសម្រួលជូនភ្ញៀវទេសចរទាំងអស់នោះបានទាន់ពេលវេលា ។ នៅពេលនាវាចូលចតដល់កំពង់ផែ ពួកគាត់មានពេលយូរក្នុងការធ្វើដំណើទស្សនាកម្សាន្តនៅតាមតំបន់រមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ក៍ដូចជាការទៅទស្សនានៅសារមន្ទីរជាតិ និងរមនីយដ្ឋាននានាក្នុងរាជធានីភ្នំពេញ និងប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ហើយអាចត្រឡប់មកកាន់នាវាវិញទាន់ពេលវេលា ។
លោកបានបញ្ជាក់ថា នៅរដូវភ្លៀងភ្ញៀវទេសចរធ្វើដំណើតាមនាវាមកកាន់ប្រទេសកម្ពុជាមានការថយចុះ ក៍ប៉ុន្តែនៅរដូវប្រាំងខាងមុខ ភ្ញៀវទេសចរធ្វើដំណើតាមនាវាចូលចតធ្វើទស្សនានៅព្រះរាជាណាចក្រកម្ពុជាមានចំនួនច្រើន ព្រោះរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយបើកចំហជើងមេឃ ផ្លូវគោក និងផ្លូវទឹក ធ្វើឱ្យភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចូលមកទស្សនាកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។
សូមបញ្ជាក់ថា កាលពីដើមខែសីហា ឆ្នាំ២០១៥នេះ ក៍មាននាវាទេសចរណ៍មួយគ្រឿងនាំភ្ញៀវទេសចរជិត២.០០០នាក់មកទស្សនានៅខេត្តព្រះសីហនុ ៕
ចែករំលែកព័តមាននេះ