ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានបង្ហាញពីការសោកស្តាយបំផុត ដែលមិនបានអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ស្តីពីការណែនាំមិនឱ្យចល័តចេញចូលតំបន់ដែលកំពុងរងការប្រឈមពីជំងឺកូវីដ-១៩ ។
ដោយសារតែអាការៈក្នុងខ្លួនមានភាពធម្មតា ទើបនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បុរសមួយរូបខាងលើបានចាកចេញពីសណ្ឋគារស៊ីនយីនថៃ ដែលជាកន្លែងធ្វើការរបស់ខ្លួន ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទៅស្រុកកំណើតនៅខេត្តកំពង់ចាម ដោយមិនដឹងខ្លួនថាបានឆ្លងមេរោគកូវីដ-១៩ឡើយ។
បន្ទាប់ពីទៅដល់ស្រុកកំណើត បុរសរូបនោះត្រូវបានអាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីជំនាញបានយកសំណាកទៅធ្វើតេស្ត ស្រាប់តែទទួលបានលទ្ធផលវិជ្ជមានវីរុស កូវីដ-១៩ នឹងត្រូវបានយកទៅព្យាបាលដាច់ដោយឡែកពីក្រុមគ្រួសាររបស់គាត់ និងអ្នកភូមិដែលមានការពាក់ព័ន្ធក៏ត្រូវបានយកសំណាក និងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ ដោយតម្រូវធ្វើចត្តាឡីស័កនៅនឹងកន្លែង ហើយអាជ្ញារធរបានបន្តស្វែងរកអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ដើម្បីការពារការឆ្លងរីករាលដាលក្នុងសហគមន៍។
បុរសរូបមួយរូបខាងលើបានបន្តថា «ខ្ញុំមានការស្តាយក្រោយជាខ្លាំង ដែលធ្វើឱ្យក្រុមគ្រួសាររបស់ខ្ញុំមានការលំបាក បើសិនជាអាច ខ្ញុំសុខចិត្តស្នាក់នៅកន្លែងធ្វើការរបស់ខ្ញុំ នោះបានចៀសវាងពីការប៉ះពាល់ដល់ ពុកម៉ែបងប្អូនរបស់ខ្ញុំ។ ដូច្នេះសូមបងប្អូនទាំងអស់ កំពុងស្នាក់នៅតំបន់ដែលត្រូវបានអំពាវនាវមិនឱ្យចាកចេញ សូមកុំធ្វើការចាកចេញឱ្យសោះ ព្រោះគ្មានការចាំបាច់ណាសំខាន់ជាងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍របស់បងប្អូននោះទេ»៕

ចែករំលែកព័តមាននេះ