ខេត្តសៀមរាប ៖ កម្លាំងការិយាល័យអន្តោប្រវេសន៍សហការជាមួយនគរបាលប៉ុស្តិ៍សង្កាត់ស្វាយដង្គំ និងនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម ក្រោមការបញ្ជាដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ចៅ ម៉ៅវីរៈ ស្នងការរងទទួលការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះស្រាវជ្រាវរុករកជនបរទេសលួចចូលស្នាក់នៅ និងបម្រើការងារខុសច្បាប់នៅតាមទីតាំងផ្ទះជួលក្នុងក្រុងសៀមរាប ។ ហេតុការណ៍ចុះបង្ក្រាបរហូតឈានដល់ធ្វើការឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី២នាក់នេះធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះជួលក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ និងនៅចំណុចផ្សារសាមគ្គី ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណៈពួកគេស្នាក់នៅដោយគ្មានឯកសារត្រឹមត្រូវ ។
លោកវរសេនីយ៍ឯក ចៅ ម៉ៅ វីរៈ ស្នងការរងទទួលការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់«កោះសន្តិភាព»នៅរសៀលថ្ងៃទី២៩ ខែសីហា នេះឱ្យដឹងថា ជាជនជាតិវៀតណាមប្រុសស្រីទាំង២នាក់ដែលត្រូវឃាត់ខ្លួននេះមាន ១-ឈ្មោះ ង្វៀង ហាយ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ និង២-ឈ្មោះ LE THI SAM ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់បន្លែ ។
បច្ចុប្បន្នជនជាតិវៀតណាមប្រុសស្រីទាំង២នាក់ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យអន្តោប្រវេសន៍នឹងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ ដើម្បីដេញចេញពីស្រុកខ្មែរ ៕
ចែករំលែកព័តមាននេះ