ខេត្តបាត់ដំបង៖ ពិធីក្រុងពាលី បើកការដ្ឋានសាងសង់ទំនប់សណ្តរ និងសំណង់ស្ទាក់ទឹកលើក្បាលស្ទឹងមង្គលបូរី បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
ការដ្ឋាននេះ ស្ថិតនៅក្នុងភូមិម្នាស់កាល ឃុំអូរដា និងភូមិកំពុងចម្លងក្រោម ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក សុខ គង់ ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត តំណាងក្រសួងធនធានទឹក និងឧតុនិយម លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធតាមជំនាញសំខាន់ៗ មួយចំនួនទៀត។
លោក ងួន រតនៈ អភិបាលខេត្ត បានឱ្យដឹងថា គម្រោងមួយនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន មានក្តីកង្វល់អំពីប្រភពទឹកប្រើប្រាស់ និងស្រោចស្រពដំណាំ នារដូវប្រាំង ហើយក៏លើកឡើងនូវសំណូមពរ បញ្ហាប្រឈមនេះឡើង នៅក្នុងអង្គវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តកន្លងមក ហើយក៏ជាប្រភពក្បាលស្ទឹងមង្គលបូរីក្នុងខេត្តបន្ទាយមានជ័យនៅប៉ែកខាងក្រោម តែងតែជួបការខ្វះខាតទឹកប្រើប្រាស់មុនរដូវប្រាំងជារៀងរាល់ឆ្នាំផងដែរ។
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ដែលតែងតែណែនាំចង្អុលបង្ហាញ និងតម្រង់ទិសដល់រដ្ឋបាលខេត្តបាត់ដំបងផងដែរ។
លោកបន្តទៀតថា ចំពោះខេត្តបាត់ដំបង នៅក្នុងអាណត្តិទី៦ នេះ មិនមែនមានតែទំនប់ស្ទាក់ទឹកមួយនេះប៉ុណ្ណោះទេ គឺមានទំនប់ស្ទាក់ជាច្រើនទៀត ដែលយើងបានសាងសង់រួច និងកំពុងសាងសង់រួមមាន ទំនប់ស្ទាក់ទឹកពហុបំណងសេកសក ស្រុករតនមណ្ឌល ទំនប់ស្ទាក់ទឹកកង្ហត ស្រុកបាណន់ ដោយបានធ្វើសាងសង់ចប់ជាស្ថាពរ ដោយឡែកទំនប់ស្ទាក់ទឹកកំពុងដំណើរការសាងសង់ រួមមានទំនប់ស្ទាក់ទឹកដូនទ្រី ស្រុករុក្ខគីរី និងទំនប់ស្ទាក់ទឹកសាលាតាអន ស្រុកឯកភ្នំ និងទំនប់ស្ទាក់ទឹកសណ្តរ ដែលយើងកំពុងធ្វើការបើកដ្ឋាននាឱកាសនេះផងដែរ។ នេះជាការចាប់អារម្មណ៍ចំពោះគម្រោងសាងសង់ទំនប់សណ្តរ និងសំណង់ស្ទាក់ទឹកលើស្ទឹងមង្គលបូរី ជាគម្រោងមួយដែលស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាប់នឹងព្រំដែនប្រទេសថៃ មុនគេបង្អស់ ដែលគ្រោងនឹងសាងសាង់បញ្ចប់នាខែកញ្ញា ឆ្នាំ២០២១ ដែលអាចស្រោចស្រពលើផ្ទៃដីប្រមាណ ២០០០ ហិចតា៕ ដោយ៖ ហួត សុងហាក់
ចែករំលែកព័តមាននេះ