ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បន្ត​ផ្តល់ឥណទានឥត​សំណង​​ជាង១១​ម៉ឺន​ដុល្លារលើ​វិស័យ​អប់រំ​កាយនិង​កីឡា​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ៥ ខែ មីនា ឆ្នាំ ២០២១ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ៥ ខែ មីនា ឆ្នាំ ២០២១ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា ផ្តល់​ជំនួយ​ឥត​សំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​ផ្នែក​វប្បធម៌​គូ​សាណូ​ណិ និង​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​គូ​សាណូ​ណិ ប្រមាណ​ជា​ទឹកប្រាក់​ជាង ១១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត បាន​ថ្លែង​នៅ​ថ្ងៃ​ចុះ​កិច្ចសន្យា​នេះ​ថា ៖ «​ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​ផ្នែក​វប្បធម៌​គូ​សាណូ​ណិ និង​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​គូ​សាណូ​ណិ​។ យើង​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥត​សំណង តាម​រយៈ​ការ​ផ្លាស់​ប្តូរ​កិច្ចសន្យា​តាម​ប្រៃសណីយ៍ ដោយ​មិន​មានការ​ប្រារព្ធ​ពិធី​ទេ ដោយសារ​ការ​ឆ្លង​រីក​រាលដាល​ចូល​សហគមន៍​នៃ​វីរុស កូ​វីត​១៩ កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ និង​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ពាក់ព័ន្ធ​នឹង​វីរុស​កូ​វីត​១៩​។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ស្ថានភាព​នឹង​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​»​។

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​បន្ត​ថា ចាប់តាំងពី​ឆ្នាំ ១៩៩១ បន្ថែម​លើ​គម្រោង​ឥណទាន​និង​ជំនួយ​ឥត​សំណង​ខ្នាត​ធំ រដ្ឋាភិបាល​ជប៉ុន​បាន​និង​កំពុង​អនុវត្ត​គម្រោង KUSANONE នៅ​កម្ពុជា ដើម្បី​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ក្រៅ រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​គម្រោង​របស់​ពួក​គាត់​។ KUSANONE មាន​ន័យ​ថា “​ឬ​ស​ស្មៅ​” ក្នុង​ភាសា ជប៉ុន​។ នៅ​ក្នុង​រយៈពេល ៣​ទ​ស្សវត​ន៍​ចុង​ក្រោយ​នេះ ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួម​ចំណែក​ក្នុង​គម្រោង​ជាង​៦០០ តាម​រយៈ​ជំនួយ​ឥត​សំណង KUSANONE​។ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​គម្រោង​ទាំងនេះ បាន​ចូលរួម​ចំណែក​ដោយ​ផ្ទាល់ ក្នុង​ការ​កែ​លម្អ​គុណភាព​នៃ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​នៅ​កម្រិត​មូលដ្ឋាន និង​ការ​លើកកម្ពស់​វប្បធម៌ និង​ការ​អប់រំ​ថ្នាក់ឧត្តម​សិក្សា​នៅ​កម្រិត​មូលដ្ឋាន​។

លោក​សូម​ណែនាំ​ព​ត៌​មាន​លម្អិត​អំពី​គម្រោង​ទាំង​ពីរ​ដែល​បាន​ចុះហត្ថលេខា ដូច​ខាងក្រោម​៖

១. នៅ​ក្នុង​គម្រោង​ទី​១ ”​គម្រោង​សាងសង់​ផ្លូវ​រត់​អត្តពលកម្ម​ចំនួន ៨ ខ្សែ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​” និង​ការ​ទទួល​ជំនួយ​នេះ ដោយ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា (NIPES) ក្រោយ​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន ដែល​នឹង​ផ្តល់​ថវិកា ៩០,៦៤០ ដុល្លារ​អា​មេ​រិ​ក​។ គម្រោង​នេះ​នឹង​ត្រូវ​បាន​គាំទ្រ​តាម​រយៈ​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​ផ្នែក​វប្បធម៌ ដែល​ជួយ​សម្រប​សម្រួលការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​រឹតចំណង​មិត្តភាព​និង​ការ​យោគយល់​គ្នា​ឲ្យ​កាន់តែ​ខ្លាំង​ឡើង រវាង​ប្រទេស​ជប៉ុន​និង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​គាំទ្រ​ដល់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​លើកកម្ពស់​វប្បធម៌ និង​ការ​អប់រំ​ថ្នាក់ឧត្តម​សិក្សា​នៅ​កម្ពុជា​។ គរុ​សិស្ស និង​គ្រូ​ប្រមាណ ៤០០​នាក់ នៅ NIPES និង​សិស្ស​ជាង ៩៣​ម៉ឺន​នាក់​មក​ពី​សាលារៀន​ជិតខាង នៅ​កម្ពុជា នឹង​អាច​ប្រើប្រាស់​ផ្លូវ​រត់​អត្តពលកម្ម​ថ្មី​នេះ សម្រាប់​ការ​ប្រលង និង​ព្រឹត្តិការណ៍​កីឡា​ផ្សេង​ៗ ព្រមទាំង​អាច​ទទួល​បានការ​អប់រំ​កាយ​ប្រសើរ​ជាង​មុន​។

២. នៅ​ក្នុង​គម្រោង​ទី​២ ”​គម្រោង​សាងសង់​កន្លែង​លាងដៃ​នៅ​ក្នុង​សាលារៀន​ចំនួន​៦ នៅ​ភាគ​ខាងលិច​នៃ​ខេត្តស្ទឹងត្រែង​” ដែល​ត្រូវ​បាន​ទទួល​ដោយ មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្តស្ទឹងត្រែង​។ រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ថវិកា​ចំនួន ២៥,៥៣៤ ដុល្លារ​អា​មេ​រិ​ក គម្រោង​សាងសង់​នៅ​ភាគ​ខាងលិច​នៃ​ខេត្តស្ទឹងត្រែង​។ រដ្ឋាភិបាល​ជប៉ុន​រំពឹង​ថា គម្រោង​នេះ​នឹង​កែ​លម្អ​អនាម័យ​សម្រាប់​សិស្ស​ប្រមាណ ៨៤០​នាក់ និង​គ្រូ ៨០​នាក់ នៅ​សាលារៀន​ចំនួន​៦ នៅ​ក្នុង​តំបន់ ព្រមទាំង​ជួយ​ការពារ​ពី​ជម្ងឺឆ្លង​ផ្សេង​ៗ​រួម​ទាំង​កូ​វីត​១៩​ផង​ដែរ​។

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ​បាន​បន្ថែម​ថា ៖ «​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដោយ​សង្កេត​ឃើញ​ថា​នា​ពេល​ថ្មី​ៗ​នេះ ប្រទេស​កម្ពុជា បាន​និង​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ខ្ញុំ​ក៏​ទទួលស្គាល់​ថា​នៅ​តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ជីវភាព​រស់នៅ​របស់ ប្រជាជន​។ លើស​ពី​នេះ ការ​ដោះស្រាយ​ឲ្យ​បាន​ដិត​ដល់​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​សុខភាព និង​អនាម័យ​ក៏​កាន់តែ​មាន​សារៈសំខាន់​ផង​ដែរ ជា​ពិសេស​នៅ​ពេល​ដែល មានការ​គម្រាម​គំ​ហែង​ពី​វីរុស​កូ​វីត​១៩ ទៅ​ទូ​ទាំង​ពិភពលោក​។ ប្រទេស​ជប៉ុន​នឹង​បន្ត​ចូលរួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ តាម​រយៈ​គ្រោង​ការណ៍​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ផ្សេង​ៗ រួម​ទាំង “​គូ​សាណូ​ណិ​” ផង​ដែរ​។ ខ្ញុំ​សូម​ជូនពរ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី សូម​មាន​សុខភាព​ល្អ សុភមង្គល និង សូម​ឲ្យ​មិត្តភាព​ជប៉ុន​-​កម្ពុជា​កាន់តែ​រីក​ចម្រើន​»៕

អត្ថបទសរសេរ ដោយ