ខេត្តស្វាយរៀង ៖ ជនសង្ស័យ២នាក់មកពីខេត្តកំពង់ចាម រួចចូលមកធ្វើសកម្មភាពលួចលុយព្រះសង្ឃក្នុងវត្ត ក៏ត្រូវប្រជាពុទ្ធបរិស័ទបានឃើញ រួចប្តឹងសមត្ថកិច្ចតែម្តង ហើយត្រូវបានសមត្ថកិច្ចបើករថយន្តដេញតាម រហូតបំបុកម៉ូតូជនសង្ស័យឱ្យដួល ទើបចាប់ខ្លួនបាន។ ករណីនេះបានកើតឡើងកាលពីម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ខណៈពេលដែលព្រះសង្ឃនិមន្តឡើងឆាន់ចង្ហាន់ថ្ងៃត្រង់។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើនោះ ទី១- ឈ្មោះ ណុំ ណែត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃខេត្តកំពង់ចាម ជិះម៉ូតូម៉ាក CBR ស្លាកលេខ សៀមរាប 1P-6976 និងទី២-ឈ្មោះ គ្រឿន វិរៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក WINER ស្លាកលេខ ភ្នំពេញ1AA-7889 បានចូលមកធ្វើសកម្មភាព ដោយឡើងទៅលើកុដ្ឋ រួចហើយក៏លួចយកលុយរបស់ព្រះសង្ឃអស់ចំនួន២៨៧,០០០រៀល។
ប្រភពដដែលបន្តទៀតថា ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យទាំង២នាក់ក៏បានជិះម៉ូតូទៅទិសខាងត្បូង តាមផ្លូវជាតិលេខ១៣ ខណៈពេលនោះប្រជាពលរដ្ឋបានឃើញ ទើបទូរស័ព្ទទាក់ទងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ដើម្បីតាមចាប់ជនសង្ស័យទាំង២នាក់នោះ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចក៏បានចេញអន្តរាគមន៍ភ្លាមៗតែម្តង។
ស្របពេលនោះ លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក ក៏បានបញ្ជាទៅដល់កម្លាំងគ្រប់គោលដៅ ដើម្បីអន្តរាគមន៍តាមចាប់ជនសង្ស័យទាំង២នាក់ ។
លុះពេលជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួនទៅដល់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ក៏ស្រាប់តែជនសង្ស័យបត់ត្រឡប់ក្រោយវិញ ដោយមើលឃើញពីភិនភាគរបស់ជនសង្ស័យទាំង២នាក់ ទើបកម្លាំងនគរបាលស្រុករមាសហែក បានបើករថយន្តដេញតាមពីក្រោយតែម្តង រហូតបើកកៀរម៉ូតូជនសង្ស័យឲ្យដួល ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ ព្រមទាំងដកហូតបានម៉ូតូដែលក្រុមចោរជិះធ្វើសកម្មភាពចំនួន០២គ្រឿង និងវត្ថុតាងជាប្រាក់ចំនួន២៨៧,០០០រៀលទៀតផង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានកសាងសំណុំរឿង រួចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ហើយ៕
ចែករំលែកព័តមាននេះ