ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារអាជ្ញាធរ ចុះពិនិត្យប្លង់​សំណង់​ផ្សារក្រោលគោ និង​ប្រគល់​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ​ពិនិត្យគម្រោងសាងសង់តូបលក់ដូរនៅផ្សារក្រោលគោ ចំនួន ១៥តូប ដែលមានទំនាស់រ៉ាំរ៉ៃកន្លងមក ដែលបានដោះស្រាយរួច…

ខេត្តស្វាយរៀង៖ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ​ពិនិត្យគម្រោងសាងសង់តូបលក់ដូរនៅផ្សារក្រោលគោ ចំនួន ១៥តូប ដែលមានទំនាស់រ៉ាំរ៉ៃកន្លងមក ដែលបានដោះស្រាយរួច ដើម្បីប្រគល់សិទ្ធិឲ្យ​ប្រជាពលរដ្ឋអាស្រ័យផល ហើយក្រុមការងារ បានប្រជុំពិនិត្យប្លង់សាងសង់តូប និងដីជាក់ស្តែង ត្រូវសាងសង់ ដើម្បីរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ពិនិត្យសម្រេច។

កិច្ចប្រជុំនេះ ធ្វើឡើង នៅរសៀលថ្ងៃទី២មីនា ឆ្នាំ២០២១ នៅសាលាឃុំក្រោលគោ ដោយមានការចូលរួមពីសំណាក់លោក អ៊ូ ភក្តី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្ត លោក ហែម សារិទ្ធ អភិបាល ស្រុកស្វាយជ្រំ លោកប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត លោកប្រធានភូមិបាលស្រុកស្វាយជ្រំ លោកភោគវណ្ណថន ប្រធានក្រុមប្រឹក្សាឃុំក្រោលគោ មន្ត្រីពាក់ពន្ធ័ សមាជិកក្រុមប្រឹក្សាឃុំ ជាច្រើនរូប។

ក្នុងកិច្ចពិភាក្សា ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានលើកឡើង ០៤ចំណុច ទី១, អនុវត្តតាមនីតិវិធីនៃការចុះបញ្ជីផ្សារក្រោលគោ ជាសារពើភ័ណ្ឌរបស់រដ្ឋ គឺរដ្ឋបាលឃុំក្រោលគោ ជាអ្នកទទួលការចុះបញ្ជី។ ទី២, ប្រគល់សិទ្ធិជូនប្រជាពលរដ្ឋអាស្រ័យផល ដែលមានសិទ្ធិអាស្រ័យផលនៅផ្សារ​ក្រោលគោ តាមសាលក្រមរបស់តុលាការ និងគ្រួសារ លោក សា លាង សម្របសម្រួលឲ្យគាត់រៀបចំប្រពន្ធ័លូបង្ហូទឹកឲ្យបានទាន់ពេលវេលា។ ទី៣, ករណីភាគីអាស្រ័យផល ត្រូវធ្វើសំណើរសុំសាងសង់មកឯកឧត្តមអភិបាលខេត្ត តាមរយៈលោកអភិបាលស្រុកស្វាយជ្រំ ក្រុមប្រឹក្សាឃុំក្រោលគោ។ ទី៤, រដ្ឋបាលខេត្តឲ្យលោកអភិបាលស្រុកសម្របសម្រួល ឲ្យប្រជាពលរដ្ឋទទួលបានសិទ្ធិអាស្រ័យផល។

ឯកឧត្តម បានមានប្រសាសន៍ថា ដីផ្សារ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ អ្នកទទួលបានសិទ្ធិគ្រប់គ្រង សង់តូប អាស្រ័យផលមានកាតព្វកិច្ច បង់ពន្ធជូនរដ្ឋ។ ចំពោះ​គ្រួសារ របស់លោក សា លាង បានទទួលសិទ្ធិអាស្រ័យផល បានស្នើសុំសាងសង់តូប តូបសាងសង់អំពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី គឺជាសំណង់ស្រាលប្រភេទ «ខ» ដូច្នេះក្រុមការងារ ពុំមានជំទាស់ទេ ហើយបានចុះពិនិត្យលើដីជាក់ស្តែងនៃគម្រោងប្លង់ស្នើសុំសាងសង់រួចហើយក្រុមការងារ បានធ្វើការវាស់វែងរួច និងធ្វើរបាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ពិនិត្យសម្រេច និងសូមឲ្យលោក សា លាង ធ្វើកិច្ចសន្យា ក្នុងការសាងសង់ជាមួយរដ្ឋបាលឃុំ និងស្រុក មុនដំណើរការសាងសង់។

សូមរំលឹកផងដែរ កន្លងមក មានករណីទំនាស់ដីធ្លី លើដីផ្សារក្រោលគោនេះ គឺមានរយៈពេលយូរឆ្នាំមកហើយ រវាងលោក សា លាង ជាមួយរដ្ឋបាលឃុំក្រោលគោ ដោយមិនអនុញ្ញាតឲ្យលោក សា លាង សាងសង់តូប ជាសំណង់រឹងមាំ ដោយដីនេះ ជាដីសាធារណៈរបស់រដ្ឋ (ដីផ្សារក្រោលគោ) ទើបមានទំនាស់ រហូតប្តឹងដល់តុលាការ សម្រេចចេញសាលក្រម ទុកដីទំនាស់នេះ ជាដីរបស់រដ្ឋដដែល និងផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋអាស្រ័យផល តាមសារាចរណ៍លេខ០០៨ ស្តីពី ការគ្រប់គ្រងទីផ្សារ និងការអាស្រ័យផលរបស់ប្រជាពលរដ្ឋ ជាអាជីវករនៅផ្សាររបស់រដ្ឋ។

ប្រជាពលរដ្ឋ ដែល​ជាអាជីវករលក់ដូរ នៅក្នុងផ្សារក្រោលគោ បានអបអរសាទរ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរខេត្តស្វាយរៀង បានសម្របសម្រួលដោះស្រាយឲ្យប្រជាពលរដ្ឋបានអាស្រ័យផល លក់ដូរមានសណ្តាប់ធ្នាប់ល្អប្រសើរ៕ ដោយ៖ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ