ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Starbucks នឹង​មាន​វត្ត​មាននៅ​កម្ពុជា​ឆាប់​ៗ​នេះ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ Starbucks ដែល​ជា​ក្រុមហ៊ុន​បម្រើសេវា​អាហារ​ទាន់ចិត្ត​ដ៏​ធំ​ជាងគេ​របស់​សហរដ្ឋអាមេរិក បាន​ប្រកាស​បើក​សាខា​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៥​ខាង​មុខ​នេះ ។

រាជធានី​ភ្នំពេញ ៖ Starbucks ដែល​ជា​ក្រុមហ៊ុន​បម្រើសេវា​អាហារ​ទាន់ចិត្ត​ដ៏​ធំ​ជាងគេ​របស់​សហរដ្ឋអាមេរិក បាន​ប្រកាស​បើក​សាខា​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៥​ខាង​មុខ​នេះ ។

សាខា​នេះ តំណាង​ឲ្យ​ទីផ្សារ​ទី​១៦​របស់​ក្រុមហ៊ុន​Starbucks ដែល​បង្ហាញ​ពី​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​តំបន់ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​ប្រទេស​ចិន ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Starbucks ប្រចាំ​នៅ​ទីក្រុង​ហុងកុង កាលពី​ម្សិលមិញ ។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា ទីតាំង​ដំបូង​ដែល​Starbucks នឹង​ប្រកាស​បើក​គឺ​ស្ថិត​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដែល​ទើប​ពង្រីក​ថ្មី ហើយ​រំពឹង​ថា នឹង​បើក​សាខា​ទី​២​នៅ​ទីប្រជុំជន​នៃ​រាជធានី​ភ្នំពេញ​នា​ដើមឆ្នាំ​២០១៦ ។

លោក John Culver ប្រធាន​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​Starbucks កាហ្វេ ការ​អភិវឌ្ឍ​នូវ​ច្រក​ចែកចាយ និង​ការ​បង្កើត​Brand​ថ្មី​ៗ ប្រចាំ​នៅ​ប្រទេស​ចិន និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក មាន​ប្រសាសន៍​ថា កម្ពុជា​ជា​ប្រទេស​ដ៏​អស្ចារ្យ​ដែល​សម្បូរ​ដោយ​កេរដំណែល​វប្បធម៌ ។ ដូច្នេះ​ហើយ បានជា​ក្រុមហ៊ុន​Starbucks​នាំ​យក​នូវ​បទ​ពិសោធន៍​នៃ​រសជាតិ​កា​ហេ្វ​Starbucks​មក​កាន់​ទីផ្សារ​កម្ពុជា ។

លោក John Culver មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ « យើង​សង្ឃឹមថា យើង​នឹង​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការ​ផ្តល់​ជូន​នូវ​កាហ្វេ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ភ្ចា​ប់​ជាមួយនឹង​ប្រពៃណី​របស់​ខ្លួន និង​ចែករំលែក​ទាំង​ការ​ចង់បាន​យ៉ាង​ជ្រាលជ្រៅ និង​ចំណេះដឹង​លើ​គុណភាព​ល្អ​បំផុត​នៃ​កាហ្វេ​មក​ពី​ជុំវិញ​ពិភពលោក » ។

ដោយ​កសាង​នូវ​ទំនាក់ទំនង​ជាង​១៥​ឆ្នាំ​ជា មួយ​ក្រុមហ៊ុន Hong Kong Maxim’s Group បាន​ទទួល​ចុះ​កិច្ចព្រមព្រៀង​បើក​សាខា​Starbucks​នៅ​កម្ពុជា​ទៅ​ក្រុមហ៊ុន Coffee Concept (Cambodia) Limited ដែល​ជា​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Hong Kong Maxim’s Group ។

ក្រុមហ៊ុន Coffee Concept (Cambodia) Limited នឹង​ទទួលខុសត្រូវ​សម្រាប់​ការ​បញ្ជូន​ចែកចាយ​នូវ​បទ​ពិសោធន៍​ទាំង​ឈ្មោះ​និង​រសជាតិ​កាហ្វេ Starbucks ទៅ​កាន់​អតិថិជន និង​ធ្វើ​ឲ្យ​មានការ​កើនឡើង​នៃ​Brand នៅ​ក្នុង​ប្រទេស ។ បទ​ពិសោធន៍​របស់​ក្រុមហ៊ុន Maxim ក្នុង​កិច្ចព្រមព្រៀង​នេះ​បាន​កសាង​នូវ​ការ​វិនិយោគ​ដ៏​ជោគជ័យ និង​បាន​ធ្វើ​ឲ្យ​ម៉ាក​ល្បី Starbucks កើនឡើង​ក្នុង​ក្រុង​ហុងកុង​ទាំងមូល ម៉ា​កាវ និង​ភាគច្រើន​ថ្មី​ៗ​នេះ​នៅ​វៀតណាម ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍ ។

Michael Wu ប្រធាន​និង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Hong Kong Maxim’s Group បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ « យើង​សប្បាយ​រីករាយ​ក្នុង​ការ​ពង្រីក​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ Starbucks នៅ​កម្ពុជា ហើយនឹង​ប្រើប្រាស់​នូវ​បច្ចេកទេស​ទាំងអស់ ចំណេះដឹង​នៃ​ម៉ាក Starbucks ដើម្បី​នាំ​យក​បទ​ពិសោធន៍​Starbucks ទៅ​កាន់​អតិថិជន​ក្នុង​ទីផ្សារ » ។

លោក ចាង ប៊ុ​ន​លាង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Brown​ដែល​ជា​ក្រុមហ៊ុន​បម្រើសេវា​កម្ម​កាហ្វេ និង​អាហារ​ទាន់ចិត្ត​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា មាន​សុទិដ្ឋិនិយម​ជាមួយនឹង​វត្តមាន​របស់ Starbucks មក​កាន់​កម្ពុជា ។

លោក ចាង ប៊ុ​ន​លាង បញ្ជាក់​ថា ៖ « តាម​ពិត​វា​ល្អ​សម្រាប់​ស្រុក​ខ្មែរ​ដែល​មាន​Brand ចូល​មក​ច្រើន អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​បម្រើសេវា​កាហ្វេ​មាន​ភាព​ច្នៃប្រឌិត​នូវ​អ្វី​ដែល​ខ្លូ​ន​កំពុង​ធ្វើ ជាក់ស្តែង​ដូច​ជា Brown​សព្វថ្ងៃ​បើ​យើង​មិន​ខំ​ធ្វើ​ហាង​ឲ្យ​ថ្មី​ហើយ​ស្អាត និង​ស្វែងរក​ផលិតផល​ថ្មី​ៗ​ទៀត​ទេ អីុចឹ​ង វា​មិនល្អ និង​អាច​ទាក់ទាញ​អតិថិជន​បាន​ទេ ដូច្នេះ​យើង​ខំ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ល្អ​ជាង​មុន » ។

ចំពោះ​លោក ប៊ុ​ន​លាង ដែល​ជា​ស្ថាបនិក​វ័យក្មេង​របស់​Brown​មិន​បាន​ព្រួយ​បា​រម្ហ​ពី​ម៉ាក​ល្បី​ៗ​របស់​បរទេស​ទេ ពីព្រោះ Brown​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួតប្រជែង​ជាមួយ​ម៉ាក​ល្បី​ៗ​របស់​បរទេស​ជា​ច្រើន​ហើយ ។ មួយវិញទៀត​តម្លៃ​កាហ្វេ​របស់ Brown​ទាប​ជាង​ពី​១៥​ទៅ​២០​ភាគ បើ​ប្រៀបធៀប​ជាមួយ​កាហ្វេ​ម៉ាក​ពី​បរទេស ។

លោក ប៊ុ​ន លាង បន្ត​ថា តាម​ផែនការ Brown នឹង​ពង្រីក​សាខា​៥​បន្ថែម​ទៀត ខណៈ​ពេល​ដែល​ឥឡូវ Brown​មាន​តែ​១០​សាខា​ប៉ុណ្ណោះ​នៅ​រាជធានី​ភ្នំពេញ ។
ដោយឡែក​សព្វ​ថ្ងៃនេះ Starbucks បាន​ប្រតិបត្តិការ​ជាង​៥.២០០​ហាង និង​ផ្តល់​ការងារ​ឲ្យ​បុគ្គលិក​ច្រើន​ជាង​៨០.០០០​នាក់ លើ​ទីផ្សារ​ទាំង​១៥​នៅ​ក្នុង​ប្រទេស​ចិន និង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។

តាម​រយៈ​ការ​ផ្តល់​សហការ​ជា​ដៃគូ​ពី Coffee Concepts (Hong Kong) Limited ដែល​ជា​បុត្រ​សម្ព័ន្ធ​ឲ្យ Hong Kong Maxim’s Group​នោះ  Starbucks​បាន​ប្រតិបត្តិការ​ច្រើន​ជាង​១៥០​ហាង​នៅ​ហុងកុង និង​ម៉ា​កាវ ដូច​គ្នា​នេះ​ដែរ Starbucks​បាន​ប្រតិបត្តិការ​១៥​ហាង​នៅ​វៀតណាម តាម​រយៈ​ក្រុមហ៊ុន Viet Idea Food and Beverages Limited ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​បន្ត​ពី Coffee Concepts (Vietnam) Limited ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់ Starbucks ៕