ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ជនជាតិចិនម្នាក់កើតកូវីដ-១៩» ស្លា.ប់នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងមុននេះបន្តិចថា មានករណីជនជាតចិនកើតកូវីដ-១៩ មួយរូបបានស្លាប់នៅ មណ្ឌលចត្តាឡីស័កព្រែកព្នៅ វេលាម៉ោង ៩ ព្រឹកថ្ងៃទី ៤…


រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងមុននេះបន្តិចថា មានករណីជនជាតចិនកើតកូវីដ-១៩ មួយរូបបានស្លាប់នៅ មណ្ឌលចត្តាឡីស័កព្រែកព្នៅ វេលាម៉ោង ៩ ព្រឹកថ្ងៃទី ៤ ខែមីនា ក្រោយចូលសម្រាកព្យាបាលបាន៣ថ្ងៃ ដែលមូលហេតុនៃការស្លាប់នេះ គឺមិនមែនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ឡើយ ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ ។



ក្រសួងសុខាភិបាលបានបញ្ជាក់ថា  ជនជាតិចិនកើតកូវីដ-១៩ មានឈ្មោះ LAY BINGXIANG ភេទប្រុស អាយុ ៣៤ ឆ្នាំ (កើតថ្ងៃទី ១៩ ឧសភា ឆ្នាំ១៩៨៧) បានស្លាប់នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ ។ តាមរយៈលទ្ធផលទទួលបានពីការពិនិត្យទឹកនោម បានបង្ហាញថា មានសារធាតុអំហ្វេតាមីនខ្ពស់ ដូច្នេះបុគ្គលនេះ បានប្រើប្រាស់សារធាតុញៀន អំហ្វេតាមីណក្នុងរយៈពេលយូរមកហើយ ។




យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ជូនទៅរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបន្តថា «សេចក្តីសន្និដ្ឋាន ៖ អ្នកជំងឺទទួលមរណៈភាពភ្លាមៗ ដោយសភាពរើមេថ្នាំញៀនធ្ងន់ធ្ងរបណ្តាលអោយគាំងបេះដូងស្លាប់ភ្លាមៗតែម្តង ។

យោងតាមលិខិតរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា បុគ្គលជនជាតិចិនដែលបានស្លាប់រួបនេះ គឺបានចូលមកកម្ពុជា (ខេត្តព្រះសីហនុ) កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩ និងបន្តមកស្នាក់នៅសណ្ឋាគារខូល័រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បុរសជនជាតិចិនរូបនេះ ត្រូវបានយកសំណាកមកធ្វើតេស្តកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយសារជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកកើតកូវីដ-១៩ នៃព្រឹត្តិការណ៍ ២០កុម្ភៈ និងក្រោយមកបានចូលមកសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវីដ-១៩ ព្រែកព្នៅ នាថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២១ ក្រោយរកឃើញថាបានឆ្លងកូវីដ-១៩ ។ ក្រសួងក៏បានបញ្ជាក់ថា អ្នកជំងឺគឺជាអ្នកជក់បារីច្រើន។​

ក្រសួងសុខាភិបាលកំពុងបន្តអនុវត្តវិធានការគ្រប់គ្រងសាកសពក្នុងបរិបទកូវីដ ១៩ដោយពិភាក្សាជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា។

សូមបញ្ជាក់ថា ស្ថានទូតចិននៅកម្ពុជាបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា «ជនជាតិចិនកើតកូវីដម្នាក់» បានស្លាប់ក្នុងមណ្ឌលចត្តាឡីស័ក ពិតប្រាកដមែន ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងបញ្ជាក់អំពីមូលហេតុនៃការស្លាប់ជនជាតិចិនខាងលើនេះថា «ដោយសារ តែអ្នកជំងឺនេះ គាត់ស្លាប់ ប៉ុន្តែមិនមែនស្លាប់ដោយសារកូវីដ ទេ។ គាត់មានកូវីដ វិជ្ជមាន ប៉ុន្តែគាត់ស្លាប់ដោយសារតែប្រើប្រាស់សារធាតុញៀនហួសកម្រិត ។ ហើយគាត់មិនមានអាការៈ ដែលពាក់ព័ន្ធជាមួយនឹងកូវីដទេ បានន័យថាមិនមានការហត់ដង្ហក់ មិនមានការថប់ដង្ហើម មិនមានកំដៅឡើង ហើយមិនមានអុកស៊ីហ្សែនចុះ ។ សរុបទៅគាត់មិនមានបញ្ហាអ្វីដែលពាក់ព័ន្ធជាមួយនឹងជំងឹកូវីដ-១៩ ទេ ។ អ៊ីចឹងអ្វីដែលធ្វើឲ្យគាត់ស្លាប់ភ្លាមៗនេះគឺអាការៈ គឺអាការៈប្រើប្រាស់សារធាតុញៀនហ្នឹងលើសកម្រិតហួសហេតុពេក ។ ហើយយើងក្រុមការងារកោសល្យវិនិច្ឆ័យ បានយកទឹកនោមគាត់ធ្វើភ្លាមៗ អ៊ីចឹងលទ្ធផល គឺយើងឃើញ positive អំហ្វីតាមីន» ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់ ហើយករណីឆ្លងក្នុងសហគមន៍កើនឡើងដល់ជាង ៤០០ ករណី នៅពេលចុងក្រោយនេះ ភាគច្រើនជាជនជាតិចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ