ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ទេសចរណ៍​សៀមរាប​យកចិត្តទុកដាក់​លើ​ផ្នែក​ម្ហូបអាហារ​សម្រាប់​អ្នកទេសចរ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រុង​ទេសចរណ៍​សៀមរាប​-​អង្គរ ក្នុង​ឆ្នាំ​២០១៥​នេះ​មាន​ភោជនីយដ្ឋាន​ចំនួន​១៩៥ ស្មើនឹង​ជិត​៥.០០០​តុ គិត​ជា​កៅអី ជាង​១៧០.០០០​កៅអី ។ នៅ​តាម​បណ្តា​សណ្ឋាគារ​តូច​ធំ ប្រមាណ​ជាង​១៨០​ទៀត

ខេត្តសៀមរាប ៖ ក្រុង​ទេសចរណ៍​សៀមរាប​-​អង្គរ ក្នុង​ឆ្នាំ​២០១៥​នេះ​មាន​ភោជនីយដ្ឋាន​ចំនួន​១៩៥ ស្មើនឹង​ជិត​៥.០០០​តុ គិត​ជា​កៅអី ជាង​១៧០.០០០​កៅអី ។ នៅ​តាម​បណ្តា​សណ្ឋាគារ​តូច​ធំ ប្រមាណ​ជាង​១៨០​ទៀត មាន​ភោជនីយដ្ឋាន​នៅ​ក្នុង​នោះ​ផង​ដែរ​។ នេះ​បើ​តាម​របាយការណ៍​ស្រង់​ស្ថិតិ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ដែល​បាន​បង្ហាញ​នៅ​ក្នុង​ខែកក្កដា ២០១៥​នេះ ។

ប្រធាន​សមាគម​ចុងភៅ​កម្ពុជា លោក​ហៃ វុ​ឌ្ឍី ឱ្យ​ដឹង​ថា សមាគម​ចុងភៅ​កម្ពុជា ចាប់​ដៃគូ​ជាមួយ​អង្គការ​អន្តរជាតិ​កសិកម្ម​ចម្រុះ​ទិស​ខាងលិច​នៃ​ប្រទេស​បារាំង  (AGRISUD International ) បាន និង​ជំរុញ​ការ​ដាំ​បន្លែ​គ្រប់​ប្រភេទ តាម​បែប​ក្សេត្រ​បរិស្ថាន​អស់​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ហើយ​នៅ​តាម​បណ្តា​មូលដ្ឋាន​គោលដៅ​នៅ​ក្នុង​ខេត្តសៀម រាប។

ចំណែក​លោក​សេង ពិចិត្រ ប្រធាន​អង្គការ AGRISUD ឱ្យ​ដឹង​ថា តាម​រយៈ​ការ​សម្របសម្រួល ទាញ​យក​បណ្តា​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ក្នុង​ក្រុង​សៀមរាប ជាទី​ផ្សារ​បន្លែ​របស់​កសិករ អ្នកទេសចរ​ទាំងឡាយ​ដែល​ទៅ​ទស្សនា​អង្គរ​-​សៀមរាប ធានា​ថា រាល់​ការ​ផ្គត់ផ្គង់​ម្ហូបអាហារ គឺ​ពិតជា​ទទួល​បាន​ម្ហូប​អារ​ហារ​ដែល​គ្មាន​ជាតិ​គីមី ធានា​សុខភាព​ល្អ ។  

លោក​ច័ន្ទ សុភា សហ​ស្ថាបនិក​សមាគម​ចុងភៅ​កម្ពុជា និយាយ​ថា ការ​បម្រើ​ម្ហូបអាហារ គឺ​វា​មាន​ចំណែក តូច​ៗ​នៅ​ក្នុង​នេះ​ជា​ច្រើន​ទៀត ដូច្នេះ​បទ​ពិសោធន៍​វា​ជា​មេរៀន​ដ៏​សំខាន់ ជាមួយនឹង​ការ​សិក្សា​អំពី​ជំនាញ​ធ្វើ​ម្ហូប ។ អ្នកទេសចរ​អន្តរជាតិ​ដែល​បាន​ទៅ​ទស្សនា​អង្គរ​សៀមរាប គឺ​មាន​ច្រើន​ជាតិ​សាសន៍ ពី​បណ្តា​ទ្វីប​នានា​លើ​ពិភពលោក ដោយ​ពួក​គេ​មាន​ប្រពៃណី ទំនៀមទម្លាប់ និង​ទទួលយក​រសជាតិ​អាហារ ផ្សេង​ៗ​គ្នា ។ នេះ​គឺ​វា​គ្រាន់តែ​ជា​ការ​សិក្សា​មួយ​ផ្នែក​តូច ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ត្រៀមខ្លួន​ទទួលភ្ញៀវ ។ បើ​គ្រាន់តែ​ផ្តល់​រសជាតិ​អាហារ​ដែល​គេ​អាច​ទទួល​បាន គឺ​វា​មិន​គ្រប់គ្រាន់​ទេ​។

សោភ័ណ​ភាព ការ​ច្នៃប្រឌិត ការ​តុបតែង​ម្ហូបអាហារ បរិយាកាស អនាម័យ ពេលវេលា ទីកន្លែង ហើយ អ្វី​ៗ​ដែល​ទាក់ទង​ទៅ​នឹង​ម្ហូបអាហារ​ជា​ចុង​ក្រោយ គឺ​សុវត្ថិភាព និង​ផ្តល់​ការ​ធានា​សុខភាព​សម្រាប់​ពួក​គេ ។

លោក​ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ប្រាប់​កោះសន្តិភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា ២០១៥​ថា ការ​បម្រើ​ម្ហូបអាហារ គឺជា​កត្តា​ចម្បង​ដែល​ត្រូវ​តែ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ហើយ​ការ​បម្រើ​ម្ហូបអាហារ​វា​ទាក់ទង​ទៅ​នឹង​បញ្ហា​សុខភាព និង​ជាមួយ​ផ្នែក​ធំ​នៃ​កត្តា​នាំ​មក​ឱ្យ​ក្រុង​ទេសចរណ៍​សៀមរាប​-​អង្គរ ក្លាយជា​ក្រុង​ដ៏​ទាក់ទាញ​បំផុត ក្នុង​ចំណាត់ថ្នាក់​លេខ​១​នៅ​អាស៊ី និង​លេខ​២​លើ​ពិភពលោក ។ នៅ​ឆ្នាំ​២០១៥​នេះ មាន​អ្នកទេសចរ​ចូល​ទស្សនា​នៅ​ក្នុង​ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប​-​អង្គរ​កើនឡើង​ក្លាយជា​ទីក្រុង​ដែល​ទាក់ទាញ​អ្នកទេសចរ​ខ្លាំង​ជាងគេ​លើ​ពិភពលោក ។ ខេត្តសៀមរាប មាន​សមត្ថកិច្ច​ការពារ​សន្តិសុខ​តឹងរ៉ឹង​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គ្រប់​គោលដៅ នីមួយ​ៗ​ដើម្បី​ចៀសវាង​នូវ​បទល្មើស ផ្សេង​ៗ​កើតឡើង​ជាយថាហេតុ ។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រៀង​រាល់ពេល​ទៅ​បំពេញបេសកកម្ម​ការងារ​នៅ​ក្រុង​សៀមរាប​តែងតែ​បង្ហាញ​អំពី​មោទនភាព​របស់​ក្រុង​ទេសចរណ៍​សៀមរាប​-​អង្គរ ស្តី​អំពី​ការ​បម្រើ​ម្ហូបអាហារ​ជូន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ល្អ​ប្រសើរ ក៏​ប៉ុន្តែ​អ្វី​ដែល​លោក​មិន​ពេញចិត្ត​នោះ គឺ​ការ​ដំឡើង​ថ្លៃ​ម្ហូបអាហារ នៅ​ពេល​ដែល​មាន​ព្រឹត្តិការណ៍​ទេសចរណ៍ ម្តង​ៗ   ពិសេស​នោះ​គឺ​បុណ្យចូលឆ្នាំ​ចិន និង​បុណ្យ​ភ្ជុំបិណ្ឌ ព្រមទាំង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ៣​ឆ្នាំ​កន្លង​ទៅ​នេះ ៕