ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩ ៖ ពលរដ្ឋខ្លះបង្ខំចេញ​ធ្វើការ និងរកស៊ី ព្រោះខ្លាចដាច់បាយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍ពីព្រឹត្តិការណ៍ ២០កុម្ភៈ បានធ្វើឲ្យ​សកម្មភាព​ប្រចំាថ្ងៃពលរដ្ឋបានថយចុះ សកម្មភាពសេដ្ឋកិច្ចមិនសូវមាន អាជីវកម្មមួយ​ចំនួន​បានរងផលប៉ះពាល់ខាងចំណូល ។…

រាជធានីភ្នំពេញ ៖ ការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍ពីព្រឹត្តិការណ៍ ២០កុម្ភៈ បានធ្វើឲ្យ​សកម្មភាព​ប្រចំាថ្ងៃពលរដ្ឋបានថយចុះ សកម្មភាពសេដ្ឋកិច្ចមិនសូវមាន អាជីវកម្មមួយ​ចំនួន​បានរងផលប៉ះពាល់ខាងចំណូល ។ អ្នកចេញប្រកបការងារនិងរកទទួលមួយចំនួន​បានបង្ហាញក្តីបារម្ភពីការឆ្លងកូវីដ ។ ពួកគាត់ចង់ឈប់សម្រាលនៅផ្ទះដើម្បីការពារ​សុវត្ថិភាព ប៉ុន្តែមិនអាចធ្វើបាន ។ បើឈប់គ្មានប្រាក់ទិញអង្ករហូបនិងចាយ​វាយប្រចំាថ្ងៃ ។

លោក តុលា​ អ្នករត់ម៉ូតូកង់បីម្នាក់នៅភ្នំពេញបាននិយាយថា នៅពេលផ្ទុះកូវីដ ១៩ នេះ ការរកចំណូលរបស់គាត់បានធ្លាក់ចុះ ពលរដ្ឋធ្វើដំណើរក៍មិនសូវមាន ប៉ុន្តែលោកនៅ​តែចេញពីផ្ទះដើម្បីរកចំណូល ជាមួយការភ័យខ្លាចពីការឆ្លងជំងឺនេះ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ។

លោក តុលា ដែលត្រូវធ្វើដំណើរពេញក្រុងភ្នំពេញ ដឹកភ្ញៀវធ្វើដំណើរទៅនេះទៅនោះ បាននិយាយដូច្នេះ «ខ្ញុំបារម្ភណាស់ពីព្រោះមិនដឹងថា អ្នកមានផ្ទុកកូវីដ ១៩ ឬគ្មាននោះ​ឡើយ បើមានអ្នកមានកូវីដ ១៩ ជិះទុកទុកខ្ញុំ ខ្ញុំប្រាកដជាឆ្លងហើយ​ប្រពន្ធកូនខ្ញុំ ពួកគេ​នឹងឆ្លងដែរ ។ ប៉ុន្តែខ្ញុំមិនអាចឈប់សម្រាកបានទេ​ដោយសារត្រូវចំណាយប្រចំាថ្ងៃ ទិញម្ហូបនិងទុកសម្រាប់បង់ថ្លៃជួលបន្ទប់ប្រចំាខែផង» ។

និយាយអំពីចំណូលវិញអ្នករត់ម៉ូតូកង់បីអាយុ ៥១ឆ្នាំរូបនេះថា បច្ចុប្បន្ននេះលោក​រកសឹងមិនបានពីរម៉ឺនរៀលផងក្នុងមួយថ្ងៃ ។ កាលមុនលោកអាចរកចំណូល​បានពី ៥ ទៅ ១០ម៉ឺនរៀលក្នុងមូយថ្ងៃ ។ «គ្រួសារខ្ញុំពឹងតែរបររត់កង់បីនេះជាសំខាន់ បើខានរកមួយថ្ងៃយើងប្រាកដជាគ្មានប្រាក់ទិញម្ហូបឡើយ ។ រាល់ថ្ងៃនេះរកមួយថ្ងៃ បានត្រឹមរស់មួយថ្ងៃប៉ុណ្ណោះ ។ បារម្ភចេះតែបារម្ភហើយតែក្រពះសំខាន់ជាង» បុរសដែលមានមាឌធំរូបនេះ និយាយជាមួយទឹកមុខស្ងួត ។  

កញ្ញាស្រី ស ជាអ្នកធ្វើការនៅក្នុងភោជនីយដ្ឋានមួយនៅភ្នំពេញ ។ ទោះបានពាក់ម៉ាស​បិទ​មុខជិត​ជាប់ជាប្រចាំ តែស្រី ស ថា នៅតែបារម្ភពីការឆ្លងកូវីដ ១៩ ដោយសារការងារ​នៅក្នុង​ភោជនី​យដ្ឋាន ដូចជាគាត់ត្រូវជួបភ្ញៀវចូលចេញខុសមុខគ្នាបន្តបន្ទាប់ ។ «តាមពិតទៅម្តាយឱពុកខ្ញុំនៅខេត្តមិនចង់ឲ្យធ្វើការទេ ពួកគាត់បារម្ភជាងខ្ញុំទៅទៀត ប៉ុន្តែខ្ញុំចេះតែមកធ្វើការទៅគ្រាន់បានប្រាក់សន្សំទុករៀន និងផ្ញើទៅស្រុកខ្លះ» ។

ស្រី ស ទទូលបានប្រាក់ខែ ១៦០ដុល្លារក្នុងមួយខែ ។ នាងទុកចាយវាយខ្លួនឯង និងសន្សំផង​ចំនួន ១០០ដុល្លារ ៦០ដុល្លារទៀតផ្ញើឲ្យឪពុកម្តាយ ។ ប្រាក់សំខាន់ណាស់​បើយើងឈប់ធ្វើការគ្មាននណាឲ្យយើងទេ ដូច្នេះមកធ្វើការទំាងភ័យ ហើយខំការពារខ្លួន​ណាស់ខ្លំាងណស់ ។

មកដល់ព្រឹកថ្ងៃទី ៤ខែមីនានេះ ករណីវិជ្ជមានកូវីដ ១៩ នៅកម្ពុជាបានកើនដល់ ៩០៩ នាក់ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២៥នាក់ ករណីជាសះស្បើយមាន​ចំនួន​ ៤៨៤​នាក់ ។ ព្រឹត្តិការណ៍ឆ្លងសហគមន៍ចាប់ពីថ្ងៃទី ២០កុម្ភៈមកបាន​ធ្វើឲ្យចំនួនអ្នកកើត​ជំងឺកូវីដ ១៩ នៅកម្ពុជាហក់ឡើងយ៉ាងខ្លំាង ជាមួយករណីផ្ទុះនៅច្រើន​កន្លែងពលរដ្ឋច្រើនរយនាក់បានកំពុងសង្ស័យ និងដាក់ឲ្យធ្វើចក្តាឡីស័កផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ