ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្លះ​មាន​បញ្ហា​ថវិកា​ តែ​អត្រា​ទិញ​រថយន្ត​ប្រើ​មិន​ធ្លាក់​ចុះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កូ​វី​ដ ​១៩ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​ជា​រួម​ធ្លាក់​ចុះ ដូច​យើង​បានដឹង​ហើយ ចំណែក​ពលរដ្ឋ​ជា​ច្រើន​បាន​ត្អូញ​ពី​ប្រាក់​ចំណូល ប៉ុន្តែ​បើ​ក្រលេក​មើល​ការ​ចំនួន​អ្នកទិញ​រថយន្ត​ទៅ​ប្រើប្រាស់​វិញ​មិន​ធ្លាក់​ចុះ​នោះ​ឡើយ​ ។ នេះ​បើ​ផ្អែក​តាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់ងារ​លក់​រថយន្ត​ផ្ទាល់…

រាជធានីភ្នំពេញ ៖ កូ​វី​ដ ​១៩ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​ជា​រួម​ធ្លាក់​ចុះ ដូច​យើង​បានដឹង​ហើយ ចំណែក​ពលរដ្ឋ​ជា​ច្រើន​បាន​ត្អូញ​ពី​ប្រាក់​ចំណូល ប៉ុន្តែ​បើ​ក្រលេក​មើល​ការ​ចំនួន​អ្នកទិញ​រថយន្ត​ទៅ​ប្រើប្រាស់​វិញ​មិន​ធ្លាក់​ចុះ​នោះ​ឡើយ​ ។ នេះ​បើ​ផ្អែក​តាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់ងារ​លក់​រថយន្ត​ផ្ទាល់ ​។

អ្នកលក់​រថយន្ត​ឲ្យ​ក្រុមហ៊ុន​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អះអាង​ថា​ ទោះបី​មាន​វិបត្តិ​កូ​វី​ដ​ ១៩ ប៉ុន្តែ​ចំនួន​លក់​រថយន្ត​របស់​ពួក​គេ​មិន​មានការ​ធ្លាប់​ចុះ​ឡើយ ហើយ​បើ​មាន​ក្រុមហ៊ុន​ខ្លះ​បញ្ជាក់​ថា​ បាន​ធ្លាក់​ចុះ តែ​ចំនួន​ធ្លាក់​ចុះ​មាន​បន្តិច​បន្តូច​ប៉ុណ្ណោះ ​។ ប្រការ​នេះ​អាច​មក​ពី​ការ​និយម​ប្រើប្រាស់​រថយន្ត​របស់​ពលរដ្ឋ​កម្ពុ​ជាក៍​មិនដឹង ​។

អ្នកលក់​រថយន្ត​ឲ្យ​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ថ្មី​ៗ ដែល​ពលរដ្ឋ​កម្ពុជា​ពេញ​និយម​ប្រើ និយាយ ក្នុង​លក្ខ​ណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​របស់​ខ្លួន និង​ឈ្មោះ​ក្រុមហ៊ុន បាន​អះអាង​ថា «អ្នកមាន​តម្រូវការ​ប្រើប្រាស់​រថយន្តនៅ​តែ​បន្ត​ទិញ​រថយន្ត ទោះបី​នៅ​ក្នុង​កាលៈទេសៈ​ណា​ហើយ​ពេលកន្លង​ទៅ​ពួក​គាត់​នៅ​តែ​មាន​លទ្ធភាព​ទិញរថ​យន្ត​ថ្មី​ៗយក​ទៅ​ប្រើ មិន​ខុស​ពី​ពេល​មិន​ទាន់​មាន​កូ​វី​ដ​ ១៩ ​នោះ​ទេ​» ។

បុគ្គលិក​លក់​រថយន្ត​ឲ្យ​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន មិន​បង្ហាញ​ពី​ចំនួន​លក់​របស់​ក្រុមហ៊ុន​ខ្លួន​នោះ​ឡើយ ​ប៉ុន្តែ​ពួក​គេ​បាន​និយាយ​ថា​ ការ​លក់​រថយន្ត​បច្ចុប្បន្ន​នេះមានការ​ប្រកួតប្រជែង​គ្នា ដោយសារថ​យន្ត​នាំ​ចូល​មក​កម្ពុជា​មាន​ច្រើន​ម៉ាក ច្រើន​សេរី មាន​ទាំងរថ​យន្ត​ថ្មី​ និង​រថយន្ត​ដែល​ប្រើប្រាស់​នៅ​បរទេស​រួច​ហើយ ​។

កន្លង​មក​មាន​តែ​ក្រុមហ៊ុន ​RMA ទេ​ដែល​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ការ​លក់​រថយន្ត នៅ​ពេល​មាន​វិបត្តិ​កូ​វី​ដ​ ១៩ ​។ លោ​ក ង​ន សាំង ​អគ្គនាយក​ក្រុមហ៊ុន​ខាងលើធ្លាប់​បាន​ប្រាប់​កាសែត ​កោះសន្តិភាព ​ថា កាលពី​ឆ្នាំ​ ២០២០ ​ដោយសារ​តែ​វិបត្តិ​កូ​វី​ដ ​១៩ ក្រុម ​អ អិ​ម អេ មានការ​ធ្លាក់​ចុះ​បរិមាណ​នាំ​ចូល​ប្រមាណ​ ១០% ។ លោក​ថា ​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​ក៏​មានការ​ធ្លាក់​ចុះ​ដូច​គ្នា ។

តាម​ការ​សង្កេត​ឃើញ​បច្ចុប្បន្ន​នេះ ការ​លក់​រថយន្ត​មានការ​ប្រ​កូត​ប្រជែង​គ្នា​ខ្លាំង ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​បង្ករ​ភាព​ងាយស្រួល​ដល់​អ្នកទិញ​រថយន្ត​បង់​រំ​លោះ ​។ អ្នកលក់​រថយន្ត​ថា ​ចំនួន​ពលរដ្ឋ​ដែល​យក​លុយ​សុទ្ធ​ទៅ​ទិញ​រថយន្ត និង​អ្នកទិញ​រថយន្ត​បង់​រំ​លោះ​មាន​ប្រហាក់ប្រហែល​គ្នា ​។

ក្រសួង​សាធារណការ​ ​និង​ដឹក​ជញ្ជូន ធ្លាប់​ឲ្យ​ដឹង​ថា​ កម្ពុជា​មាន​កំណើនការ​ប្រើប្រាស់​រថយន្ត​ពី ១ ឆ្នាំទៅ ១ ឆ្នាំ​ចន្លោះ​ពី ៣០ ទៅ ​៤០ ម៉ឺន​គ្រឿង ​។ នេះ​ជា​តួលេខ​កំណើន​មួយ ខ្ពស់​ខ្លាំង បើ​ប្រៀបធៀប​ការ​អភិវឌ្ឍន៍​ផ្លូវ​គមនាគមន៍ ដូច្នេះ​កំណើន​ប្រើប្រាស់​រថយន្ត​នេះ ចង់​មិន​ចង់បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​គមនាគមន៍​ផ្លូវគោក​នៅ​កម្ពុជា​ជួប​ប្រឈម​ទៅ​នឹង​ឧបសគ្គ​ជា​ច្រើន​ដូច​ជា​បញ្ហា​គ្រោះថ្នាក់ និង​កកស្ទះ​ចរាចរណ៍​កើត​ឡើងជា​ញឹកញាប់​ ។

នៅ​ក្នុង​ខែកុម្ភៈ ​ឆ្នាំ ​២០២១​នេះ រដ្ឋាភិបាល​បាន​ចេញ​អនុ​ក្រិ​ត្យ​បញ្ចុះតម្លៃ​ពន្ធ​អាករ​នាំ​ចូល​រថយន្ត​ប្រភេទ​ខ្លះមក​កម្ពុជា​ ។ ការ​បន្ថយពន្ធ​អាករ​ពិសេស ដែល​មាន​ចន្លោះ​ពី​ ១៥ ​ទៅ ​៣០% ដូច​ជា​កែ​ពន្ធ​អាករ​ពិសេស​ដែល​ធ្លាប់​មាន​ពី ​៣០%​ នៅ​ត្រឹម ​២០% ពី ៦០%​ នៅ ​៥០% និង​ខ្លះ​ពី​ ៧០%​ នៅ​ត្រឹម ​៥៥%​ ជាដើម មិន​បាន​ធ្វើ​ឲ្យ​តម្លៃ​លក់​រថយន្ត​លើ​ទីផ្សារ​ធ្លាក់​ចុះ​នោះ​ឡើយ ​។ អ្នកលក់រថ​យន្ត​ផ្ទាល់​និយាយ​ថា ​ការ​បន្ថយពន្ធ​នោះ មិន​បាន​ធ្វើ​ឲ្យ​មានការ​ប្រើ​ប្រួល​ថ្លៃ​រថយន្ត​នោះ​ទេ ដោយសារ​វា​ជាផ្នែក​មួយ​នៃ​ពន្ធ​ចំនួន​បី​ប្រភេទ ដែល​រដ្ឋ​បាន​យក​លើ​ការ​នាំ​ចូល​រថយន្ត​មក​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ