រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឲ្យដឹងនៅព្រឹកថ្ងៃទី៣ មីនាឆ្នាំ២០២១នេះថា លទ្ធផលតេស្តរកវីរុសកូវីដ-១៩ នៃកម្មកររោងចក្រកាត់ដេរ Y&W Garment នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណជាង ៧០០ នាក់បានចេញលទ្ធផលហើយ គឺ «អវិជ្ជមានទាំងអស់» ។
ប្រភពដដែលបានបញ្ជាក់ថា «កម្មករចំនួន៧១៦នាក់ដែលប៉ះពាល់ផ្ទាល់និងប្រយោលជាមួយស្ត្រីអាយុ៤៨ឆ្នាំកម្មករបំរើការងាររោងចក្រ Y.W នៅព្រែកជ្រៃដែលគាត់មានវិជ្ជមានកូវីដ១៩គឺអវិជ្ជមានទាំងអស់» ។
សូមបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់នៃក្រសួងសុខាភិបាលនិងមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានកំពុងចុះយកសំណាកកម្មករជាច្រើននាក់នៅរោងចក្រមួយកន្លែងក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែមីនាម្សិលមិញនេះ បន្ទាប់ពីរកឃើញស្ត្រីជាកម្មការិនីម្នាក់ ឆ្លងកូវីដ១៩នៅរោងចក្រកាត់ដេរ «Y&W» នៅខណ្ឌដង្កោ ។
សូមបញ្ជាក់ថានៅថ្ងៃទី ៣ មីនា ២០២១ យើងរ0កឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៤ នាក់ (ករណីឆ្លងសហគមន៌នៅភ្នំពេញ: ២២នាក់ ក្រុងព្រះសីហន: ១០នាក់ ខេត្តស្វាយរៀង ២នាក់) និងមានជាសះស្បើយ ៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កើន ៨៧៨ នាក់ និង ចំនួនសំរាកពេទ្យកើនឡើងដល់ ៣៩៦ នាក់ និងចំនួនជាសះស្បើយសរុប ៤៨២ នាក់ និងករណីស្លាប់ «គ្មាន» ។
ប្រភពដដែលបានបន្តថា ដោយសារតែ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវថា «យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល » ៕
ចែករំលែកព័តមាននេះ