ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យា​បាល​ជំងឺ​ត្រី​ជា​ផ្នែក​ដ៏សំខាន់​សម្រាប់​វារីវប្បកម្ម

8 ឆ្នាំ មុន

ក​-​ទស្សនៈ​រួម
វិធីសាស្ត្រ​ព្យាបាល​ជំងឺ​ ត្រី ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​វិស័យ​វារីវប្បកម្ម ។ អ្នក​ចិញ្ចឹម​ត្រូវ​តែ​មានការ​យល់​ដឹង​អំពី​ការ​ព្យាបាល​ជា​មូលដ្ឋាន​ខ្លះ​ៗ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​នូវ​ទិន្នផល​ត្រី ។ ដូចនេះ​នៅ​ក្នុង​រយៈ​ការ​ចិញ្ចឹម

ក​-​ទស្សនៈ​រួម
វិធីសាស្ត្រ​ព្យាបាល​ជំងឺ​ ត្រី ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​វិស័យ​វារីវប្បកម្ម ។ អ្នក​ចិញ្ចឹម​ត្រូវ​តែ​មានការ​យល់​ដឹង​អំពី​ការ​ព្យាបាល​ជា​មូលដ្ឋាន​ខ្លះ​ៗ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​នូវ​ទិន្នផល​ត្រី ។ ដូចនេះ​នៅ​ក្នុង​រយៈ​ការ​ចិញ្ចឹម អ្នក​ត្រូវ​ឧស្សាហ៍​ពិនិត្យ​មើល​ត្រី​របស់​អ្នក ក្នុង​ករណី​មាន​កើត​ជំងឺ​ដោយ​ប៉ា​រ៉ា​ស៊ីត ឬ​ក៏​ជំងឺ​ផ្សេង​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ត្រី​ងាប់ ដែល​អ្នក​នឹង​ទទួល​បាន​ទិន្នផល​ត្រី​ទាប ដូច្នេះ​អ្នក​ត្រូវ​មាន​វិធានការ​ព្យាបាល​បន្ទាន់ ។

ខ​-​មូលហេតុ​ជា​មូលដ្ឋាន​នៃ​ជំងឺ
កត្តា​ជា​មូលដ្ឋាន​មួយ​ចំនួន​ដែល​បណ្តាល​ឱ្យ​ត្រី​កើត​មាន​ជំងឺ មាន​ដូច​ជា ៖
១-​នៅ​ពេល​ទឹកស្រះ​កខ្វក់
២-​បរិមាណ​ត្រី​នៅ​ក្នុង​ស្រះ​ច្រើន​ហួសកំណត់
៣-​ការ​ផ្តល់​ចំណី​ឱ្យ​ត្រី​មិន​បាន​គ្រប់គ្រាន់
៤-​នៅ​ពេល​ដែល​ត្រី​ត្រូវ​បាន​រាតត្បាត​ដោយ​ពួក​បា​រ៉ា​សុ​ី​ត បាក់តេរី ពួក​ផ្សិត និង​ពួក​វីរុស ។​ល​។

គ​-​មូលហេតុ​អ្វី​បានជា​ទឹកស្រះ​កខ្វក់
ទឹកស្រះ​កខ្វក់​ដោយសារ​មូលហេតុ​មួយ​ចំនួន​ដូច​ជា ៖
១-​នៅ​ពេល​ដែល​ទឹកស្រះ​មាន​លក្ខណៈ​អា​ស៊ីត​ខ្ពស់ ។
២- ​នៅ​ពេល​ដែល​ទឹកស្រះ​ប្រែប្រួល​ជា​អាល់​កា​ឡាំង គឺ​វា​មាន​លក្ខណៈ​បាស​ខ្ពស់ ហើយ​ពេល​នោះ​រុក្ខជាតិ​ចាប់ផ្តើម​រលួយ ឬ​សត្វ​ត្រូវ​ងាប់ ។
៣-​នៅ​ពេល​ដែល​ការ​ប្រើប្រាស់​ជី​លើស​កម្រិត ។
៤-​នៅ​ពេល​ដែល​ថ្នាំ​សម្លាប់​សត្វល្អិត បាន​ប្រើ​សម្រាប់​ដំណាំ រាលដាល​ចូល​ស្រះ​ត្រី ។
៥-​វា​មានការ​ឆ្លង​ជំងឺ​ពី​ត្រី ឬ​ពី​សត្វ​ផ្សេង​ៗ​ទៀត ក្រៅពី​ចូល​មក​ក្នុង​ស្រះ​ត្រី ឬ​សត្វ​ទាំងនោះ​មាន​កើត​ជំងឺ​រួច​មក​ហើយ ។
៦-​នៅ​ពេល​ដែល​អុក​ស៊ី​សែន​នៅ​ក្នុង​ទឹកស្រះ​មាន​កម្រិត​ទាប​ជាទី​បំផុត ។

ឃ​-​ការ​យល់​ដឹង​មួយ​ចំនួន​ស្តី​ពី​សញ្ញា​នៃ​ត្រី​កើត​ជំងឺ
១- ​បើ​ត្រី​មិនសូវ​សុ​ី​ចំណី ហើយ​យើង​ពិនិត្យ​ឃើញ​ថា​ទឹកស្រះ​មាន​លក្ខណៈ​អា​សុ​ី​ត ដូចនេះ​ត្រូវ​ធ្វើការ​កែប្រែ​គុណភាព​ទឹក ដោយ​ការ​ដាក់​កំបោរ (​មើល​ការ​ណែនាំ​នៅ​ក្នុង​សៀវភៅ​ចិញ្ចឹម​ត្រី​ទ្រង់ទ្រាយ​តូច​) ។

២-​ នៅ​ពេល​ដែល​ត្រី​ហែល​មិនធម្មតា គ្មាន​លំនឹង​ល្អ ហើយ​ភាគច្រើន​ត្រី​បង្ហាញខ្លួន​នៅ​លើ​ផ្ទៃ​ទឹក ដោយ​មាន​ភាព​ពព្រូស​ពព្រឺស​នោះ បញ្ជាក់​ថា វា​មាន​ជំងឺ​បា​រ៉ា​សុ​ី​ត ឬ​បាក់តេរី ឬ​មាន​ជំងឺ​ដោយ​ពពួក​ផ្សិត​តោង​ជាប់​នៅ​លើ​ដងខ្លួន​វា ។

៣- ​នៅ​ពេល​ព្រឹក​ព្រលឹម ត្រី​ងើបឡើង​លើ​ផ្ទៃ​ទឹក​រយៈពេល​យូរ ហើយ​វា​ស្រូប​យក​ខ្យល់ (​ធ្វើ​មាត់​ម្ហ​ប​ៗ) ពី​បរិយាកាស​នោះ គឺ​ដោយសារ​ទឹកស្រះ​ខ្វះ​អុក​សុ​ី​សែន ។
៤-​ត្រី​មានការ​ប្រែ​ពណ៌​សម្បុរ ។
៥-​ស្រកាត្រី ព្រុយ​មានការ​ដាច់​ខូច ។
៦-​ស្រកី​ត្រី ប្រែ​ពណ៌​ទៅ​ជា​ស្លាំង ។
៧-​ដំបៅ​ក៏​ចាប់ផ្តើម​កើត​មាននៅ​លើ​ដងខ្លួន ឬ​ស្រកី​ត្រី ។
៨-​ក្រពះ ឬ​ភ្នែក​ឡើង​ហើម​ប៉ោង ។
៩-​ផ្នែក​ខ្លះ​នៅ​លើ​ដងខ្លួន​មាន​របួស និង​មាន​ឈាម​ហូរ​រឹម​ៗ ។
១០-​ចំពោះ​ករណី​ប៉ា​រ៉ា​ស៊ីត យើង​អាច​មើលឃើញ​ដោយ​ភ្នែក ព្រោះ​វា​កើត​មាន​ឡើង​នៅ​ផ្នែក​ខាងក្រៅ ។
១១-​មាន​របួស​នៅ​លើ​ក្បាល ពេល​ខ្លះ​អាច​មើលឃើញ​ឆ្អឹង ។

ង​-​ការ​ការពារ​និង​ព្យាបាល
ង​-១-​ការ​ការពារ
ដោយសារ ​ត្រី​រស់នៅ​ក្នុង​ទឹក ជា​ហេតុ​ធ្វើ​ឱ្យ​លំបាក​ស្រាវជ្រាវ​រក​ប្រភេទ​ជំងឺ​ណាស់ ។ នៅ​ពេល​ដែល​រក​ឃើញ​នូវ​ប្រភេទ​ជំងឺ តែ​ការ​ព្យាបាល​ក៏​នៅ​តែ​មានការ​លំបាក ដូច្នេះ​ហើយ​ការ​ការពារ​ជំងឺ​ត្រី វា​ប្រសើរ​ជាង​ការ​ព្យាបាល ។
– កូន​ត្រី​ដាក់​ចិញ្ចឹម ត្រូវ​ឱ្យ​សម​ស្រប មិន​ត្រូវ​ដាក់​ច្រើន​ពេក​ទេ ។

– មុន​នឹង​ដាក់​កូន​ត្រី​ចូល​ក្នុង​ស្រះ យើង​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​ថា ស្រះ​ត្រូវ​បាន​សម្អាត និង​សម្លាប់​អស់​នូវ​ពពួក​កូន​សត្វ​ដែល​ចម្លង​មេរោគ​។ ត្រូវ​ប្រើ​កំបោរ និង​ជី ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ការ​ណែនាំ​របស់​ភ្នាក់ងារ​ផ្សព្វផ្សាយ​ការ​ចិ​ ញ្ចឹ​ត្រី ។

– ផ្តល់​ចំណី​ដែល​មានគុណ​ភាពល្អ និង​ដាក់​ជី​ឱ្យ​បានជា​ប្រចាំ ។
– មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ស្លែ​បៃតង​កើតឡើង​ច្រើន​ពេក​ទេ ត្រូវ​រក​វិធី​ដោះស្រាយ ។
– ត្រូវ​ថែរក្សា pH ទឹក និង​បរិមាណ​អុក​សុ​ី​សែន ដែល​រលាយ​ក្នុង​ទឹក ឱ្យ​បាន​ល្អ​គ្រប់គ្រាន់ ។

ង​-២-​ការ​ព្យាបាល
វិធីសាស្ត្រ ​ព្យាបាល​មាន​ច្រើន​របៀប ដោយ​យោង​ទៅ​តាម​គោលបំណង និង​ប្រភេទ​ជំងឺ​។ នេះ​គឺជា​របៀប​សាមញ្ញ​ជា​មូលដ្ឋាន​ក្នុង​ការ​ព្យាបាល​ជំងឺ​ត្រី ៖

ប៉ា​រ៉ា​ស៊ី​ត (Parasite)
នៅ​ពេល​ត្រី​ត្រូវ​ពួក​ប៉ា​រ៉ា​សុ​ី​ត​តោង​ជាប់​នៅ​លើ​សារពាង្គកាយ យើង​ត្រូវ​ប្រើ​វិធី​ព្យាបាល​ដូច​ខាងក្រោម​នេះ ៖

១- ​ដាក់​វត្ថុ​មួយ​ចំនួន​ឱ្យ​អណ្តែត​លើ​ផ្ទៃ​ទឹកស្រះ ដូច​ជា​បន្ទះ​ឫស្សី បន្ទះក្តារ បង្គោល​ឈើ និង​កំប៉ុង ។​ល​។ នៅ​ក្នុង​រយៈពេល​២-៣​ថ្ងៃ​ម្តង អ្នក​ត្រូវ​ប្រមូល​វត្ថុ​ទាំងនោះ​ចេញ ហើយ​ហាលថ្ងៃ​ឱ្យ​ស្ងួត ធ្វើ​យ៉ាងនេះ​ដើម្បី​សម្លាប់​ពពួកសត្វ​ចម្លង​មេរោគ​ទាំងនោះ ដែល​វា​តោង​ជាប់​វត្ថុ​ទាំងនោះ រួច​ទើប​ដាក់​វត្ថុ​ទាំងនោះ​ចូល​ទឹក​វិញ ។ ធ្វើ​យ៉ាងដូច​នេះ រហូត​ដល់​យើង​ពិនិត្យ​ឃើញ​ថា​អស់​ប៉ា​រ៉ា​សុ​ី​ត ពី​ក្នុង​ស្រះ​ត្រី ។

២-​ម្យ៉ាងទៀត យើង​អាច​ប្រើ​ប៉ូ​តា​ស្យូ​ម​ពែ​រម៉ង់​កា​ណាត (KMNO4) ចំនួន​ពី​២-៤ppm (២-៤​មី​ល្លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ទឹក​) ដាក់​ចំនួន​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ឬ​ដាក់​អំបិល​ចំនួន​២៥ppm (២៥​មី​ល្លី​ក្រាម​ក្នុង​មួយ​លី​ត្រ​) ពី​២​ទៅ​៣​ដង​ក្នុង​មួយ​ខែ ។

៣- ​វិធី​ផ្សេង​ទៀត​ក្នុង​ការ​ព្យាបាល គឺ​យើង​ចាប់​ត្រី​ទាំងអស់​ដែល​មាននៅ​ក្នុង​ស្រះ ដាក់​ចូល​ទៅ​ក្នុង​ល្បាយ​ទឹកអំបិល​ដែល​មាន​កំហាប់​២,៥% (​ក្នុង​១​លី​ត្រ​ទឹក​ត្រូវ​ដាក់​អំបិល​ចំនួន​២៥​ក្រាម​) ឬ​ក៏​ប្រើ​០,៥ppm នៃ CuSo4 (​ទង់ដែង​ស៊ុ​ល​ហ្វា​ត​ចំនួន​០,៥​មី​ល្លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ទឹក​) រយៈពេល​ពី​១​ទៅ​២​នាទី ។

ជំងឺ​ដំបៅ​រលួយ
១-​ត្រូវ​ប្រើ​ប៉ូ​តា​ស្យូ​ម​ពែ​រម៉ង់​កា​ណាត (KMNO4) ចំនួន​៤ppm (៤​មី​ល្លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ទឹក​) ចូល​ទៅ​ក្នុង​ទឹកស្រះ ។

២- ​យើង​អាច​ចាប់​ត្រី​ទាំងនោះ ដាក់​ចូល​ទៅ​ក្នុង​សូលុយស្យុង​ដែល​មាន​កំហាប់​ប៉ូ​តា​ស្យូ​ម​ពែ​រម៉ង់​កា​ ណាត ប្រមាណ​ពី​៥០-១០០ppm (៥០-១០០​មី​ល្លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ទឹក​) ក្នុង​រយៈពេល​ពី​១​ទៅ​២​នាទី ។

៣-​យើង​អាច​ផ្តល់​តេ​រ៉ា​មេ​សុ​ី​ន (Teramycin) ចំនួន​ពី​២,៥​ក្រាម​ទៅ​៣,៥​ក្រាម ក្នុង​ទម្ងន់​ត្រី​៥០​គីឡូក្រាម ដោយ​ឱ្យ​ថ្នាំ​ខាងលើ​នេះ ជាមួយនឹង​ចំណី​ត្រី ព្យាបាល​រយៈពេល​ពី​១០​ទៅ​១៥​ថ្ងៃ ។

៤-​ប្រើ​ អំបិល​ពី ២០ppm​ទៅ​២៥ppm (​ពី​២០​ទៅ​២៥​មី​ល្លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ទឹក​) ទៅ​ក្នុង​ទឹកស្រះ​ចំនួន​២​ដង​ក្នុង​មួយ​អាទិត្យ រ​ហួត​រយៈពេល​មួយ​ខែ ។

ឧទាហរណ៍ ៖ ស្រះ ​ទំហំ​១០​ម៉ែត្រ x ១០​ម៉ែត្រ x ២​ម៉ែត្រ ។ ដូច្នេះ​មាឌ​នៃ​ទឹកស្រះ​ចំនួន ២០០​ម៉ែត្រគូប = ២០០.០០០​លី​ត្រ ។ អំបិល​ដែល​ត្រូវ​ឱ្យ​ចំនួន ២០០​លី​ត្រ x ២០​មី​ល្លី​ក្រាម = ៤.០០០.០០០​មី​ល្លី​ក្រាម = ៤​គីឡូក្រាម ។

ជំងឺ​ក្រហម​មាត់ ឬ​ក្រហម​លើ​ដងខ្លួន ឬ​មាន​ដំបៅ
ជំងឺ ​នេះ យើង​សង្កេត​ឃើញ​ច្រើន​កើត​មាន​លើ​ត្រី​ប្រា នៅ​ក្នុង​ដំណាក់កាល​ផ្សាំ​បំប៉ន​ជា​កូន​ត្រី​ពូជ ឬ​ដំណាក់កាល​ត្រី​សាច់ យើង​ប្រើ​របៀប​សាមញ្ញ ដែល​វត្ថុធាតុដើម​មាននៅ​ក្នុង​មូលដ្ឋាន ។

ឧទាហរណ៍ ៖ ស្រះ​ទំហំ​១០០​ម៉ែត្រការ៉េ ត្រូវ​ប្រើ​ថ្នាំ​ព្យាបាល​ដូច​តទៅ ៖ កំបោរ​.​ស​ចំនួន​២​ខាំ ថ្នាំជក់​(​ថ្នាំខ្លាំង​)​ចំនួន​១​ខាំ អំបិល​ចំនួន​២​ខាំ និង​ស្លឹក​ជលា​ចំនួន​កន្លះ​គីឡូក្រាម ។

វិធី​ផ្សំ​និង​ព្យាបាល
 ថ្នាំ ​ទាំងនេះ​ត្រូវ​បុក​លាយ​គ្នា​ឱ្យ​ល្អិត ត្រូវ​ខ្ចប់​ដោយ​ស្បៃ​ឬ​ក្រណាត់​ចំនួន​១-២​កញ្ចប់ ដោយ​ចង​ព្យួរ​ពន្លិច​កញ្ចប់​ថ្នាំ​នេះ​ទៅ​ក្នុង​ទឹកស្រះ​ជម្រៅ​ពី​១​ទៅ​២​ តឹក ក្បែរ​កន្លែង​ឱ្យ​ចំណី​ត្រី ។ នៅ​ពេល​ត្រី​សុ​ី​ចំណី វា​នឹង​ប៉ះ​ជាតិ​ថ្នាំ​ដែល​យើង​បាន​ដាក់ ។ ក្រោយ​រយៈពេល​១​អាទិត្យ បើ​អ្នក​ពិនិត្យ​ឃើញ​ថា​ត្រី​របស់​អ្នក​នៅ​មិន​ទាន់​ជា​ស្រួលបួល​ទេ នោះ​អ្នក​គួរ​ប្តូរ​ថ្នាំ​សា​ជា​ថ្មី​ទៀត ។ ជា​ការ​ល្អ នៅ​ពេល​ត្រី​របស់​អ្នកមាន​កើត​ជំងឺ សូម​អញ្ជើញ​ទាក់ទង​ជាមួយ​ភ្នាក់ងារ​ផ្សព្វផ្សាយ​ជលផល ដែល​មា​នទី​តាំងនៅ​ជិត​មូលដ្ឋាន​របស់​អ្នក ឬ​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​ស្ថានីយ​ជលផល​បាទី ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ៕