ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ដល់​ម្ចាស់​ជ័យ​លា​ភី​កីឡា​ហែល​ទឹក​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​-​កីឡាការិនី​ក្រសួង​ព័ត៌មាន​ចំនួន​៣​រូប​ដែល​ដណ្តើម​បានមេដាយមាស និង​សំរឹទ្ធ ក្នុង​ការ​ប្រកួត​កីឡាហែល​ទឹក​ជ្រើសរើស​ជើងឯក​យុវជន​ព្រឹទ្ធាចារ្យ ហែម ថុ​ន លើក​ទី​៤ ឆ្នាំ​២០២១ ដែល​ទើបតែ​បញ្ចប់​កាល​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ កីឡាករ​-​កីឡាការិនី​ក្រសួង​ព័ត៌មាន​ចំនួន​៣​រូប​ដែល​ដណ្តើម​បានមេដាយមាស និង​សំរឹទ្ធ ក្នុង​ការ​ប្រកួត​កីឡាហែល​ទឹក​ជ្រើសរើស​ជើងឯក​យុវជន​ព្រឹទ្ធាចារ្យ ហែម ថុ​ន លើក​ទី​៤ ឆ្នាំ​២០២១ ដែល​ទើបតែ​បញ្ចប់​កាល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លង​ទៅ ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​កិ​តិ្ដ​យស​ក្លិប​ហែល​ទឹក​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។

លោក​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ល្អ ដែល​ក្មួយ​ៗ​ជា​កីឡាករ​-​កីឡាការិនី​ក្លិប​ហែល​ទឹក​ក្រសួង​ព័ត៌មាន​សម្រេច​បាន​ក្នុង​រយៈពេល​កន្លង​មកនេះ ហើយ​រាល់​ស្នាដៃ​ដែល​ទទួល​បាន​នា​ពេល​នេះ គឺ​ដើម្បី​ខ្លួនឯង និង​ដើម្បី​ក្លិប​ហែល​ទឹក​ក្រសួង​ព័ត៌មាន​ទាំងមូល​។ លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​កីឡាករ កីឡាការិនី​ហែល​ទឹក​ទាំងអស់ បន្ត​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យ​បាន​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ដើម្បី​ចូល​ប្រកួត​ទាំង​ព្រឹ​តិ្ត​ការណ៍​ជាតិ និង​អន្តរជាតិ នា​ថ្ងៃ​អនាគត ។ លោក​បាន​លើក​ឡើង​ថា វិស័យ​កីឡា​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​មុន​ៗ ដែល​ទាំងនេះ​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹង​​ប្រែង​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​បង្ហាញ​ពី​កំណើន​សុខភាព​របស់​ប្រជាជន​កម្ពុជា​ទាំងមូល ដែល​អាច​ឱ្យ​យើង​មាន​កីឡាករ​ល្អ​ៗ ដើម្បី​យក​ទៅ​ប្រកួត​ជា​លក្ខណៈ​​អន្តរជាតិ ។

លោក​សង្ឃឹមថា ក្មួយ​ៗ​កីឡាករ កីឡាការិនី​ទាំងអស់ នឹង​ក្លាយជា​មុខមាត់​ដ៏​សំខាន់​សម្រាប់​ប្រទេស​ជាតិ សម្រាប់​ព្រឹ​តិ្ត​ការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ។ លោក​ខៀវ កា​ញា​រី​ទ្ធ ក៏​បាន​ផ្ដល់​ជូន​រង្វាន់​ជា​ថវិកា​ដល់​ក្រុម​កីឡាករ កីឡាការិនី ទទួល​បាន​ជ័យ​លា​ភី
រួម​មាន កីឡាការិនី លឹ​ម សុខ​គន្ធ​ពណ៌ មេដាយមាស​៣​គ្រឿង​។ កីឡាករ លឹ​ម សុខ​វារៈ​ស័ក្តិ
មេដាយមាស​៣​គ្រឿង ។ កីឡាករ លឹ​ម សុខវឌ្ឍន៍​ន​ន្ទ មេដាយមាស​១​គ្រឿង និង​ប្រាក់​១​គ្រឿង ។ សម្រាប់​អ្នក​ទទួល​បាន​មេដាយមាស ១​គ្រឿង ផ្ដល់​ថវិកា​១​លាន​រៀល សរុប​អ្នក​បាន​មេដាយមាស​៣ ទទួល​បាន​៣​លាន​រៀល មេដាយ​ប្រាក់​៨០​ម៉ឺន​រៀល និង​មេដាយ​សំរឹទ្ធិ ៥០​ម៉ឺន​រៀល ។ ចំពោះ​កីឡាករ​ដែល​មិន​ទទួលបាន​មេដាយ​ចំនួន​៤​នាក់​ក្នុង​ម្នាក់​ៗ​ទទួល​បាន​១០ ម៉ឺន​រៀល ហើយ​លោក​អគ្គលេខាធិការ​សហព័ន្ធខ្មែរ​កីឡាហែលទឹក ទទួល​បាន​ថវិកា​២០ ម៉ឺន​រៀល​ផង​ដែរ​។

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ជម្រាប​ជូន​ពី​ដំណើរការ​នៃ​កិច្ចសហការ​ក្នុង​ការ​ជំរុញ និង​លើកកម្ពស់​គុណភាព សមត្ថភាព ក្រុម​កីឡាករ​ហែល​ទឹក​កម្ពុជា ក្នុង​រយៈពេល​កន្លង​មកនេះ ដោយ​ទទួល​បានការ​វាយតម្លៃ​ខ្ពស់​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡាហែលទឹក​ចំពោះ​កីឡាករ​ហែល​ទឹក​ក្រសួង​ព័ត៌មាន ដែល​ដណ្តើម​បាន​មេដាយមាស​ជា​ច្រើន ។ លោក​អគ្គលេខាធិការ​បន្ដ​ថា ជាក់ស្តែង នេះ​គឺជា​មោទនភាព​ក្លិប​ហែល​ទឹក​ក្រសួង​ព័ត៌មាន នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន ព្រឹទ្ធាចា​រ្យ ហែម ថុ​ន លើក​ទី​៤ ឆ្នាំ​២០២១​នេះ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២ ដោយ​ទទួល​បាន​មេដាយមាស​ចំនួន​៧​គ្រឿង និង​ប្រាក់​១​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ