ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ធន់ ឬ​អត់ទ្រាំ​ជា​ឫសគល់​នៃ​អំពើ​ល្អ​ទាំងអស់

3 ឆ្នាំ មុន

អត់ធន់​ជា​ឫសគល់​នៃ​អំពើ​ល្អ​ទាំងឡាយ​, អត់ធន់​ជា​គ្រឿងអលង្ការ​ដ៏​សំខាន់​របស់​អ្នកប្រាជ្ញ បុគ្គល​ក្លាយទៅជា​អ្នកប្រាជ្ញ​បាន​ព្រោះ​មាន​សេចក្ដី​អត់ធន់​នេះឯង​ជា​ឫស ។ ជុំវិញ​ការ​បកស្រាយ​អំពី​ពាក្យ​អត់ធន់ ឬ​អត់ទ្រាំ​នេះ លោក​យ៉ា​ន ហៀន ជា​សាស្ត្រាចារ្យ​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ បានរ​ង្គា​យ​សេចក្តី​យ៉ាង​ដូច្នេះ​ថា…

អត់ធន់​ជា​ឫសគល់​នៃ​អំពើ​ល្អ​ទាំងឡាយ​, អត់ធន់​ជា​គ្រឿងអលង្ការ​ដ៏​សំខាន់​របស់​អ្នកប្រាជ្ញ បុគ្គល​ក្លាយទៅជា​អ្នកប្រាជ្ញ​បាន​ព្រោះ​មាន​សេចក្ដី​អត់ធន់​នេះឯង​ជា​ឫស ។

ជុំវិញ​ការ​បកស្រាយ​អំពី​ពាក្យ​អត់ធន់ ឬ​អត់ទ្រាំ​នេះ លោក​យ៉ា​ន ហៀន ជា​សាស្ត្រាចារ្យ​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ បានរ​ង្គា​យ​សេចក្តី​យ៉ាង​ដូច្នេះ​ថា ពាក្យ​ថា​«​អត់ធន់​» ឬ​«​អត់ទ្រាំ​» ជា​ពាក្យ​ដែល​ស្មើនឹង​ពាក្យ​បាលី​ថា “​ខ​ន្តិ > ខន្តី​” ពាក្យ​សំស្ក្រឹត​ថា “​ក្សា​ន្តិ​” ហើយ​ជា​ពាក្យ​មួយ​ដែល​គួរ​ត្រិះ​រិះ​ពិចារណា​សម្រាប់​ជា​គតិ​បែប​អប់រំ​ផង បែប​ទស្សនវិជ្ជា​ផង ដែល​ស្រប​នឹង​ពុទ្ធសាសនា ។ ពាក្យ “​អត់ធន់​” ឬ “​អត់ទ្រាំ​” យើង​អាច​ញែក​ជា​ពាក្យ​មួយ​ៗ “​អត់ + ធន់​/​ទ្រាំ​”​។ ពាក្យ “​អត់​” តាម​វចនានុក្រម​ខ្មែរ លោក​ពន្យល់​ថា “​ពាក្យ​បដិសេធ ប្រាប់​សេចក្តី​ថា “​ឥត​, មិន​, គ្មាន​, មិន​មាន​” ។ ពាក្យ​នេះ​ប្រើ​ជា​កិរិយាសព្ទ​ក៏​បាន ។ ចំណែក​ពាក្យ “​ធន់​” តាម​វចនានុក្រម​ខ្មែរ​លោក​ពន្យល់​ថា “​ទ្រាំ​, អត់ធ្មត់ ; ស៊ូ​” ។ រីឯ​ពាក្យ “​ទ្រាំ​” មាន​ន័យ​ដូច​គ្នា​នឹង​ពាក្យ “​ធន់​” ដែរ ។

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា តាម​ការ​វែកញែក​និង​សេចក្ដី​ពន្យល់​ខាងលើ​នេះ យើង​អាច​ត្រិះ​រិះ​ថា អ្វី​ទៅ​អត់ ? អត់ គឺ​មិន​មាន​ឬ​គ្មាន​ឬ​ក៏​អវត្តមាន​លោភៈ ទោសៈ មោហៈ ដែល​ជា​ឫសគល់​នៃ​អកុសលធម៌ ពោល​គឺ​យើង​ព្យាយាម​លះ​ជម្រះ​នូវ​អកុសលមូល​នេះ​ចេញ​អំពី​សន្តាន​ចិត្ត ឬ​លះ​បញ្ច​វេរា​ទាំង​៥​មាន​សម្លាប់​, លួច​, ប្រព្រឹត្ត​ខុស​ក្នុង​កាម​, កុហក​, សេព​គ្រឿង​ស្រវឹង មិន​ឱ្យ​មាននៅ​ក្នុង​ចិត្ត​របស់​យើង​ម្នាក់​ៗ ព្រោះ​ទាំងនេះ​ជា​គ្រឿង​បង្កទំនាស់​សព្វបែបយ៉ាង​នៅ​ក្នុ​សង្គម ។ នេះ​ជា​ការ​លះកិលេស​ខាងក្នុង ។ ចុះ​អ្វី​ទៅ​ធន់ ឬ​ទ្រាំ ? ធន់​ឬ​ទ្រាំ គឺ​ស៊ូ​នឹង​រឿង​ដែល​មិនល្អ​ពី​ខាងក្រៅ​ខ្លួន​យើង ដែល​មក​ប៉ះ​ផ្ទប់​នឹង​ភ្នែក​, ត្រចៀក​, ច្រមុះ​, អណ្ដាត​, កាយ​, ចិត្ត ពោល​គឺ​លោកធម៌​ផ្នែក​ខាង​អាក្រក់​៤​ក្នុង​លោកធម៌​ចំណោម​៨ (​សុខ​, ទុក្ខ​, លាភ​, អលាភ​, យស​, អ​យស​, ប​សំស​, និន្ទា​) មានទុក្ខ​, គ្មាន​លាភ​, គ្មាន​យស​, និន្ទា ឬថា​ស៊ូទ្រាំ​នឹង​ពាក្យ​អាក្រក់​និង​ទ​ង្វើ​អាក្រក់​ទាំងឡាយ ដោយ​យើង​មិន​ព្រម​ប្រទូស្ត​តប ព្យាយាម​រក​មធ្យោបាយ​ដោះស្រាយ​ដោយ​សន្តិវិធី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

លោក​ថា ម្យ៉ាងទៀត យើង​ត្រូវ​ធន់​ឬ​ទ្រាំ​នឹង​ត្រជាក់​ពេក​, ក្ដៅ​ពេក​, ឃ្លាន​ពេក​, ឆ្អែត​ពេក​, ព្រឹក​ពេក​, ល្ងាច​ពេក ព្រោះ​បើ​យើង​ស៊ូ​មិន​បាន​នឹង​បរិយាកាស​ទាំងនេះ​ទេ យើង​មិន​អាច​បំពេញ​កិច្ចការ​ដែល​មាន​ប្រយោជន៍​ឬ​អំពើ​ល្អ​បាន​ឡើយ ។ នេះ​ជា​ការ​ទប់​រឿង​ពី​ខាងក្រៅ​មិនកើត​ដល់​ខ្លួន​យើង​បាន ។

សរុបសេចក្ដី​មក យើង​គួរ​ប្រកាន់​ការ​អត់ធន់​ឱ្យ​បាន ព្រោះ​ជា​ឫសគល់​នៃ​អំពើ​ល្អ​ទាំងឡាយ ហើយ​សេចក្ដី​អត់ធន់​ក៏​លោក​ចាត់ទុកជា​គ្រឿងអលង្ការ​ដ៏​សំខាន់​របស់​អ្នកប្រាជ្ញ “​ខ​ន្តិ ធី​រស្ស លង្កា​រោ​”​។ បុគ្គល​ក្លាយទៅជា​អ្នកប្រាជ្ញ​បាន​ព្រោះ​មាន​សេចក្ដី​អត់ធន់ (​ខន្តី​) ជា​ឫស​។ ដូច្នេះ​គួរ​យើង​ប្រកាន់​យក​ឱ្យ​បាន​គ្រប់​គ្នា ទើប​សង្គម​យើង​មាន​សន្តិភាព​ពិតប្រាកដ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ