ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​មានទុក្ខ​និង​ស្រឡាញ់​កើត​សុខ​តើ​ដូច​ម្តេច ?

3 ឆ្នាំ មុន

សុត្តន្តបិដក​លេខ​៥២ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ទុក្ខសោក​កើត​អំពី​សេចក្តី​ស្រឡាញ់ ភ័យ​ក៏​កើត​អំពី​សេចក្តី​ស្រឡាញ់ កាលបើ​រួច​ចាក​សេចក្តី​ស្រឡាញ់​ហើយ ទុក្ខសោក​ក៏​លែង​មាន ភ័យ​នឹង​មាន​មកពីណា ។ សេចក្តី​ស្រឡាញ់​ដែល​ព្រះពុទ្ធ​អង្គ​ទ្រង់​សម្តែង​ខាងលើ​នេះ​សំដៅ​សេចក្តី​ស្រឡាញ់​ដោយ​អំណាច​តណ្ហា ឬថា​ជា​សេចក្តី​ស្រលាញ់​ដែល​មាន…

សុត្តន្តបិដក​លេខ​៥២ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ទុក្ខសោក​កើត​អំពី​សេចក្តី​ស្រឡាញ់ ភ័យ​ក៏​កើត​អំពី​សេចក្តី​ស្រឡាញ់ កាលបើ​រួច​ចាក​សេចក្តី​ស្រឡាញ់​ហើយ ទុក្ខសោក​ក៏​លែង​មាន ភ័យ​នឹង​មាន​មកពីណា ។

សេចក្តី​ស្រឡាញ់​ដែល​ព្រះពុទ្ធ​អង្គ​ទ្រង់​សម្តែង​ខាងលើ​នេះ​សំដៅ​សេចក្តី​ស្រឡាញ់​ដោយ​អំណាច​តណ្ហា ឬថា​ជា​សេចក្តី​ស្រលាញ់​ដែល​មាន លោភៈ ជា​មូល មាន​លក្ខណៈ​ហួងហែង​ដើម្បី​ខ្លួន កាលបើ​មិន​បាន​ដូច​ចិត្ត​ក៏​កើតទុក្ខ ឬថា​បាន​ដល់់​ដៃ​ហើយ​ក៏​ភ័យ​ខ្លាច​ក្នុង​ការ​បាត់បង់ ពេល​បាត់បង់​ក៏​សោកសៅ​ជាដើម ។

ប៉ុ​ន្តេ​សេចក្តី​ស្រឡាញ់​ម្យ៉ាងទៀត ជា​សេចក្តី​ស្រឡាញ់​មិន​មានទោស សេចក្តី​ស្រឡាញ់​ដែល​គួរតែ​ចម្រើន សេចក្តី​ស្រឡាញ់​ដែល​នាំ​មក​នូវ​សុខ​សន្តិភាព គឺ​សេចក្តី​ស្រឡាញ់​ដែល​ជា​លក្ខណៈ​មេត្តា ។ មេត្តា​គឺជា​កុសលធម៌​ដែល​គួរ​ចម្រើន មេត្តា​កើត​ក្នុង​ចិត្ត​ពេល​ណា តែង​នាំ​មក​នូវ​សេចក្តីសុខ​ស្ងប់​ក្នុង​ចិត្ត​ខ្លួនឯង និង​អ្នក​នៅ​ជុំវិញ ។

មេត្តា​តែង​ផ្តល់​សេចក្តី​ស្រឡាញ់​រាប់អាន​មិន​រើសមុខ និង​មិន​ប្រាថ្នា​ផល​តបស្នង ជា​សេច​ក្តី​ស្រឡាញ់​ដែល​ចង់​ឲ្យ​តែ​អ្នក​ដទៃ​បាន​សុខ និង​មិន​ហួងហែង ទើប​មិនជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ ។

មេត្តា មាន​តួនាទី​សំខាន់​ក្នុង​ការ​កម្ចាត់​បង់​នូវ​ទោសៈ ការ​ប្រទូស្ត​, កោ​ធៈ សេចក្តី​ក្រោធ​, ឥស្សា ការ​ច្រណែន​, ព្យាបាទៈ ចងអាឃាត និង​បដិឃៈ ថ្នាំងថ្នាក់​ចិត្ត​ជាដើម ។

អ្នក​សម្បូរ​ដោយ​សេចក្តី​ស្រឡាញ់​ជា​លក្ខណៈ​មេត្តា គឺជា​មនុស្ស​សម្បូរ​ទៅ​ដោយ​សេចក្តីសុខ​ស្ងប់​ក្នុង​ចិត្ត និង​អាច​ចែករំលែក​សេចក្តីសុខ​ដល់​អ្នក​នៅ​ជុំវិញ​បាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ