ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ តែ​អ្នកជំនួញ​ដីធ្លី​ថាជា​ឱកាស​សម្រាប់​អ្នកមាន​លុយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កម្ពុជា​កំពុង​ជួប​វិបត្តិ​ដោយសារ​តែ​កូ​វី​ដ​១៩ ហើយ​បាន​នឹង​កំពុង​ឆ្លង ក្នុង​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ​ក្ដី តែ​សម្រាប់​សកម្មភាព​ទិញ​លក់​ដីធ្លី ក្នុង​ខេត្តកំពត និង​កែប​នៅ​តែ​មាន​ភាព​មមាញឹក ក្នុង​ការ​ទិញ​លក់ ហើយ​ក៏​មាន​ភ្ញៀវ​ស្វែងរក​ដីធ្លី…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​កម្ពុជា​កំពុង​ជួប​វិបត្តិ​ដោយសារ​តែ​កូ​វី​ដ​១៩ ហើយ​បាន​នឹង​កំពុង​ឆ្លង ក្នុង​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ​ក្ដី តែ​សម្រាប់​សកម្មភាព​ទិញ​លក់​ដីធ្លី ក្នុង​ខេត្តកំពត និង​កែប​នៅ​តែ​មាន​ភាព​មមាញឹក ក្នុង​ការ​ទិញ​លក់ ហើយ​ក៏​មាន​ភ្ញៀវ​ស្វែងរក​ដីធ្លី កាន់តែ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

បើ​តាម​លោក លឹ​ម រ​ដ្ឋា ភ្នាក់ងារ​ដីធ្លី​មួយ​រូប​ប្រចាំ​ខេត្តកំពត និង​កែប​បានឱ្យ​ដឹង​ថា បើ​ទោះបីជា​បច្ចុប្បន្ន​នេះ ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ក្ដី តែ​អ្នក​ស្វែងរក​ទិញ​ដី នៅ​ក្នុង​ខេត្តកំពត និង​កែប នៅ​តែ​មាន​សកម្មភាព ជាក់ស្ដែង​ក្នុង​នាម​ជា​ភ្នា​ក់មួយ​រូប​ប្រចាំ​ខេត្តកំពត និង​កែប បច្ចុប្បន្ន​នេះ​លោក​កំពុង​មាន​ភាព​មមាញឹក ជាមួយនឹង​ការ​ជូន​ភ្ញៀវ​ដើរ​មើល​ដី​នៅ​តាម​ទីតាំង​ផ្សេង​ៗ ដែល​ពួក​គេ​ត្រូវការ ។

លោក​បន្ត​ថា នៅ​ពេល​មាន​វិបត្តិ​បែប​នេះ វា​ក៏​ជា​ឱកាស​មួយ​សម្រាប់​អ្នកមាន​លុយ ស្វែងរក​ទិញ​ដែល​អាច​រកបាន​នៅ​តំបន់​ដែល​ល្អ មាន​សក្ដានុពល ជាមួយនឹង​តម្លៃ​សមរម្យ ទាប​ជាង​ទីផ្សារ​ផង​ដែរ ដូច្នេះ​ហើយ​ទើប​អ្នកមាន​លុយ​មួយ​ចំនួន នៅ​តែ​បន្ត​ស្វែងរក​ទិញ​ដី នៅ​ក្នុង​ពេល​មាន​បញ្ហា​ដូច្នេះ ។ លោក​ថា​៖ « អ្នក​ដែល​លក់​ដី​គឺជា​អ្នក​ដែល​ត្រូវការ​លុយ​បន្ទាន់ សម្រាប់​ដោះស្រាយ​បញ្ហា​គ្រួសារ និង​អាជីវកម្ម ដូច្នេះ​ពួក​គាត់​នឹង​លក់​ទៅ​វិញ ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ តែ​ក៏​សូម​បញ្ជាក់​ថា តម្លៃ​ដីធ្លី​ទូទៅ​នៅ​ក្នុង​ខេត្តកំពត និង​កែប​មិន​បាន​ធ្លាក់​ថ្លៃ​នោះ​ទេ គឺ​នៅ​រក្សា​តម្លៃ​ដដែល » ។

លោក កែវ សុជាតិ ប្រធានក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពត បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ គម្រោងវិនិយោគមួយចំនួននៅក្នុងខេត្តកំពត ចាប់ផ្ដើមដំណើរការសាងសង់ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាមួយនឹងក្ដីរំពឺងថាស្ថានភាពនៃវិបត្តិកូវីដ១៩ នឹងបញ្ចប់នៅពេលឆាប់ៗនេះ ។ លោកថា៖‌ « ទោះបីជាកម្ពុជាបានប្រទះនឹងព្រឹត្តិការណ៍សហគមន៍ជាថ្មី ២០ កុម្ភៈ ២០២១ តែការអភិវឌ្ឍអចលនទ្រព្យ សំណង់អគារ បុរី និងសំណង់ផ្សេងទៀត ក្នុងខេត្តកំពតនៅតែដំណើរការ ដោយសារតែការឆ្លងក្នុងសហគមន៍ មិនទាន់មកដល់ក្នុងខេត្តកំពតនោះទេ »  ។

លោក​បន្ត​ថា អ្នក​វិនិយោគ​នៅ​តែ​មាន​សុទិដ្ឋិនិយម ចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ហើយ​វិនិយោគិន​ដទៃ​ទៀត​នឹង​ចូល​ក្នុង​ខេត្តកំពត ដើម្បី​ដាក់​ទុន​វិនិយោគ ដែល​ជា​តំបន់​មាន​សក្ដានុពល​ខ្ពស់​លើ​ការ​អភិវឌ្ឍ ក្នុង​នោះ​គេ​ឃើញ​ថា​សំណង់​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ កំពុង​ទាក់ទាញ​នូវ​វិនិយោគិន​ជា​ច្រើន​មក​បណ្ដាក់ទុន​បន្ថែម ជា​ពិសេស​ទៅ​លើ​ផ្នែក​ទេសចរណ៍​ដូច​ជាស​ណ្ឋា​ការ និង​លំនៅ​ឋាន​លំហែកាយ​ជាដើម ។

លោក ង៉ែត ជូ សេដ្ឋវិទូ​មួយ​រូប និង​ជា​វិនិយោគិន​អចលនទ្រព្យ​មួយ​រូប នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ដែល​មាន​ចក្ខុវិស័យ​យូរអង្វែង នឹង​មិន​បញ្ឈប់​ឬ​ផ្អាក​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន​ឡើយ ព្រោះ​គេ​គិត​ថា វិបត្តិ​មិន​អាច​អូស​បន្លាយ​រាប់​ឆ្នាំ​នោះ​ទេ វា​នឹង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ ក្រោយ​ពេល​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​នេះ​ត្រូវ​បាន​ចាក់​ជូន​ពលរដ្ឋ​រួច ។

លោក​បន្ត​ថា​សម្រាប់​លោក​រូប​ក៏​ជា​អ្នក​វិនិយោគ ហើយ​លោក​ក៏​មិន​បាន​ផ្អាក​នូវ​គម្រោង​និង​ផែនការ អភិវឌ្ឍន៍​នោះ​ដែរ តែ​សម្រាប់​អ្នក​ជួញដូរ​អចលនទ្រព្យ ដូច​ជា​ទិញ​ផ្ទះល្វែង​ដើម្បី​លក់​បន្ត​ទិញ​ដី ដើម្បី​លក់​បន្ត​ក្នុង​រយៈពេល​ខ្លី​ៗ​នេះ អាច​នឹង​មាន​បញ្ហា​បន្តិច ដោយសារ​តែ​ខ្លី​ៗ​នេះ វា​មិន​អាច​ស្ដារ​ឱ្យ​វិស័យ​អចលនទ្រព្យ​ងើប​បាន​ភ្លាម​ៗ​នោះ​ទេ ។

បើ​តាម​អ្នកជំនាញ​អចលនវត្ថុ​ជា​ច្រើន បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ក្រោយ​ពេល​មាន​វ៉ាក់សាំង វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ នឹង​ត្រូវ​បាន​កាត់​បន្ថយ​បន្តិច​ម្ដង​ៗ និង​ឈាន​ទៅ​បញ្ចប់​ទាំងស្រុង ហើយ​សកម្មភាព​នៃ​ការ​វិនិយោគ ក៏​ដូច​ជា​សេដ្ឋកិច្ច​នឹង​ចាប់ផ្ដើម​កម្រើក​ឡើង​វិញ តែ​យ៉ាងណា​ក្ដី កម្ពុជា​ត្រូវការ​ពេលវេលា​យ៉ាង​ហោច​ណាស់ ក៏​មួយ​ឆ្នាំទៅ ពីរ​ឆ្នាំ​ដែរ ដើម្បី​ស្ដារ​វិស័យ​អចលនទ្រព្យ​ឱ្យ​ដូច​ដើម​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ