តម្លៃត្រីចុះថោក អ្នក​ចិញ្ចឹម​ប្រឈម​ការ​ខាតបង់​ជា​ខ្លំាង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តម្លៃត្រីចុះថោក អ្នក​ចិញ្ចឹម​ប្រឈម​ការ​ខាតបង់​ជា​ខ្លំាង

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ អ្នកចិញ្ចឹមត្រីជាច្រើននៅកម្ពុជា បានត្អូញថាតម្លៃត្រីដែលគាត់បានចិញ្ចឹម​បានធ្លាក់​ថ្លៃខ្លំាង ហើយពិបាករកឈ្មួញទិញទៅទៀត ។ ជាងនេះទៅទៀត នៅ​ពេលត្រីធំដល់​ពេលលក់ចេញបើជាមិនអាចលក់ចេញបានដូច្នេះ កសិករកាន់តែមានបន្ទុក ខ្លំាង​ឡើងដោយត្រូវចំណាយដើមទុនលើចំណីបន្ថែម…

រាជធានីភ្នំពេញ ៖ អ្នកចិញ្ចឹមត្រីជាច្រើននៅកម្ពុជា បានត្អូញថាតម្លៃត្រីដែលគាត់បានចិញ្ចឹម​បានធ្លាក់​ថ្លៃខ្លំាង ហើយពិបាករកឈ្មួញទិញទៅទៀត ។ ជាងនេះទៅទៀត នៅ​ពេលត្រីធំដល់​ពេលលក់ចេញបើជាមិនអាចលក់ចេញបានដូច្នេះ កសិករកាន់តែមានបន្ទុក ខ្លំាង​ឡើងដោយត្រូវចំណាយដើមទុនលើចំណីបន្ថែម ចំណាយពេលវេលានិងកម្លំាងថែទំា ហើយប្រឈមនឹងត្រីងាប់ទៅទៀត ពី​ព្រោះ​រដូវប្រាំងកាន់តែខិតជិតមកដល់។ រដូវប្រាំងដែលជាពេលវេលាទឹកក្នុងស្រះ ក្នុងបឹង ត្រពាំង នឹងត្រូវរីងស្ងួតធ្វើឲ្យ​ត្រីគ្មានទឹកនឹងងាប់ជាមិនខាន ។

Picture

អ្នកចិញ្ចឹមត្រីម្នាក់នៅខេត្តសៀមរាប អ្នកស្រីដា ថាត្រីអណ្តែងរបស់គាត់ជាង ១៥តោនរង​ចំាអ្នកទិញ ប៉ុន្តែអ្នកស្រីថាគ្មានអ្នកមកទិញទេ ។ អ្នកស្រីប្រឈមនឹងការគ្មានប្រាក់សង​ទៅធនាគារ។ ធនាគារដែលគាត់បានខ្ចីប្រាក់មកប្រកបរបរវារីវប្បកម្មនេះ ។ «កាលពេលមិនទានមានកូវីដ ១៩ សមាជិកគ្រួសារយើងអាចមានប្រភពចំណូលផ្សេងៗ​ក្រៅពីការងារចិញ្ចឹ​ម​ត្រី ប៉ុន្តែចាប់ពីផ្ទុះកូវីដ ១៩ មក យើងទំាងអស់គ្នាងាកមកធ្វើកសិកម្​មទំាង​​អស់​គ្នា​ដូច្នេះ បើរបរនេះមិនដើរទៅមុខទេ យើងប្រាកដជាយ៉ាប់ហើយ ។ ខ្ញុំកំពុងបារម្​ភពីជីវភាពយ៉ាងខ្លំាង» ​អ្នកស្រី ដា បានបញ្ជាក់ ។

Picture

មានមូលហេតុច្រើនយ៉ាងដែលអ្នកចិញ្ចឹមត្រី រួមទំាងប្រធានសមាគមវារីវប្បករកម្ពុជា ថាបណ្តាលឲ្យត្រីចិញ្ចឹមក្នុងស្រុកចុះថោកនាពេលនេះ។ ហេតុផលទំាងនោះមាន ការផ្ទុះជំងឺ កូវីដ ១៩ ។ ​កូវីដ ១៩ ធ្វើឲ្យពិធីមង្គលការ ពិធីបុណ្យសាសនាផ្សេងៗ ឬការជួបជុំនានា មិនអាចដំណើរការកម្មវិធីបាន ។ ប្រការនេះជាការបាត់បង់​ទីផ្សារមួយផ្នែក ។ មួយផ្នែកទៀតដោយសារត្រីនាំចូលមពីប្រទេស​ជិតខាង​មានចំនួនច្រើនពេក។ ត្រីចិញ្ចឹមនាំចូលពីប្រទេសជិតខាងគេ​លក់ថោកជាងត្រីចិញ្ចឹម​ក្នុងស្រុក ធ្វើឲ្យឈ្មួញកណ្តាលយកតែត្រី​នាំចូលលក់ឲ្យពលរដ្ឋទទួលទាន ។

បើតាមអ្នកចិញ្ចឹមត្រី ថាត្រីបានធ្លាក់ក្នុងរង្វង់ពី ១ពាន់ទៅ ៥ពាន់រៀល ពីតម្លៃដែល​កសិករអាចលក់បាន ទៅតាមប្រភេទត្រី ។ ឧទាហរណ៍ដូចជាត្រីអណ្តែង​បើឈ្មួញទិញឲ្យថ្លៃតែ ៤ពាន់រៀលក្នុងមួយកីឡូក្រាម ប៉ុន្តែកសិករថាថ្លៃដែល​ពួកគាត់អាចចំណេញបានបន្តិចបន្តួចគឺ ៥ពាន់រៀលក្នុង​មួយគីក្រាម ។

Picture

កសិករម្នាក់ទៀតនៅខេត្តព្រៃវែងឲ្យដឹងថាត្រីចិញ្ចឹមក្នុងស្រុកមិនអាចលក់ថោកដូចត្រីនាំចូលនោះទេ ។ លោកថាការចិញ្ចឹមត្រីនៅប្រទេសជិតខាងពិសេស​ប្រទេសវៀត​ណាមនោះ គេបានចំណាយថ្លៃដើមក្នុងការចិញ្ចឹមតិចជាង​អ្នកចិញ្ចឹមក្នុងប្រទេសកម្ពុជា ។ នៅវៀតណាម​ចំណី តម្លៃទឹក ភ្លើង គេថោកជាងស្រុកខ្មែរ ។

កសិករបានទទួចឲ្យអាជ្ញាធរដោះស្រាយបញ្ហានេះដល់ពួកគាត់ បើទុកពេលកាន់តែយូរ​កសិករ កាន់តែខាតបង់ធ្ងន់ធ្ងរឡើង ដោយសារត្រូវចំណាយថវិកាទិញចំណីឲ្យត្រីកាន់​តែយូរ ហើយត្រីខ្លះនៅពេលកាន់តែធំ ទីផ្សារលែងត្រូវការទៀត ។

Picture

លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា បានលើកឡើងថាចាប់ពី​ឆ្នាំ ២០២០​មក នៅពេលរដ្ឋាភិបាលអំពាវនាវឲ្យពលរដ្ឋងាកមកចិញ្ចឹម​ត្រីឲ្យបានច្រើន​នោះ ចំនួនអ្នកចិញ្ចឹមត្រីមានការកើនឡើងខ្លំាង មិនគួរណាត្រីធ្លាក់ថ្លៃ​ដូចនេះឡើយ ។ សម្រាប់លោក សុខ រ៉ាដែន ការនាំចូលត្រីពីប្រទេសជិតខាង ដូចជាសម្លាប់ជីវភាព​អ្នកចិញ្ចឹម​ត្រីក្នុងស្រុក ។ លោកបានរម្ភថាបើត្រីមិនអាចលក់ចេញនៅពេលនេះទេ ត្រីដែលកសិករចិញ្ចឹមក្នុងស្រះ តាមទន្លេ ប្រឈមការខ្វះទឹក ដោយសាររដូវប្រាំងខិត​ជិតមកដល់ហើយ ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងពាណិជ្ជករនាំចូលត្រីពីបរទេស រួមសមា គមវារីវប្បករកម្ពុជា បានធ្លាប់ឯកភាពគ្នាចេញសេចក្តីប្រកាស​ផ្អាកមិនឲ្យ​នាំចូលត្រីអណ្តែក ត្រីពោ ត្រីឆ្តោ និងត្រីប្រា ពីប្រទេសជិតខាងកាលពីដើមឆ្នាំ ២០២១ ។ កាលនោះអ្នកចិញ្ចឹមត្រីជាច្រើនសារទរ ។ អ្នកចិញ្ចឹមត្រីក្នុងស្រុក មិនខុសពីអ្នកដាំបន្លែ អ្នកចិញ្ចឹមជ្រូក មាន់នោះទេ តែងតែទទួចកុំឲ្យមានការនាំចូលពីប្រទេសជិតខាង ដោយសារពួកគាត់មិនអាចប្រកួតប្រជែងជាមួយ​កសិផលនាំចូលបាន ។ ហាមនាំចូល​មិន​បានមួយខែស្រួលបួលផង ក្រសួងកសិកម្មដែល បានប្រកាសចេញប្រកាសថ្មីមួយ​ទៀត​ អនុ ញ្ញាតឲ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្តែង ត្រីឆ្តោពីក្រៅប្រទេសមកវិញ តាមគោលការណ៍ទីផ្សារសេរី ៕