ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គណៈកម្មការទី១ រដ្ឋសភា ស្វែងយល់ពីការរីកចម្រើន នៅស្រុក​វាលវែង ខេត្តពោធិ៍សាត់

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១រដ្ឋសភា…

ខេត្តពោធិ៍សាត់៖ ប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១រដ្ឋសភា អមដំណើរដោយឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សា និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធាន‑អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត និងមន្ត្រីរាជការក្នុងស្រុកមួយចំនួនទៀត បានទៅពិនិត្យមើលច្រកព្រំដែនថ្មដា ស្រុកវាលវែង ដើម្បីស្វែងយល់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការរីកចម្រើននៅទីនោះ។

ដំណើរទស្សនិកិច្ចស្វែងយល់​នៅតំបន់ព្រំដែនកម្ពុជា-ថៃនេះ បានធ្វើឡើង បន្ទាប់ពីការធ្វើសមាហរណកម្មបញ្ចូលគ្នា រវាងកងទ័ពខ្មែរក្រហម ជាមួយកងទ័ពរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៨ ពិសេសក្រោយពេលបង្កើតស្រុកវាលវែង និងក្រោយពេលដែលរាជរដ្ឋាភិបាលផ្ដល់ផ្លូវជាតិចំនួនពីរខ្សែ គឺផ្លូវជាតិលេខ៥៥ ពីទីរួមខេត្ត ដល់ឃុំថ្មដា (ព្រំប្រទល់កម្ពុជា‑ថៃ) និងផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែងខេត្តពោធិ៍សាត់ តភ្ជាប់ទៅដល់ស្រុកថ្មបាំង ខេត្តកោះកុង ដែលកំពុងស្ថាបនាសព្វថ្ងៃនេះ។

ប្រតិភូគណៈកម្មការទី១រដ្ឋសភា និងប្រតិភូខេត្តពោធិ៍សាត់ បានឆ្លងចូលទៅពិនិត្យមើលផ្លូវកៅស៊ូ ដែលភាគីខេត្តត្រាត ប្រទេសថៃ ទើបតែស្ថាបនារួច មកតភ្ជាប់នឹងផ្លូវជាតិលេខ៥៥ ច្រកព្រំដែនថ្មដា ដែលនឹងត្រៀមបើកច្រកអន្ដរជាតិ ព្រមទាំងពិនិត្យមើលសំណង់ផ្សេងៗ ដែលកំពុង កើតមាន ដូចជា កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្សារ សំណង់ផ្ទះល្វែង កន្លែងកំសាន្ត និងដំណាំកសិឧស្សាហកម្ម ជាដើម។

នៅរសៀលនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ និងប្រតិភូគណៈកម្មការទី១រដ្ឋសភាទាំងអស់ បានជួបប្រជុំជាមួយប្រតិភូខេត្តពោធិ៍សាត់ នៅសាលាស្រុកវាលវែង ដើម្បីចង់ដឹងបន្ថែមនូវព័ត៌មានមួយចំនួនទៀត ពិសេសសក្ដានុពលក្នុងខេត្តពោធិ៍សាត់ និងការដោះស្រាយទំនាស់បញ្ហាក្រៅប្រព័ន្ធតុលាកាជូនប្រជាពលរដ្ឋ ដែលមានការគាំទ្រពីមហាជនគ្រប់មជ្ឈដ្ឋានសព្វថ្ងៃនេះ។

ឯកឧត្តមមានប្រសាសន៍ថា​ រដ្ឋសភាប្រជុំសាមញ្ញ២ដងក្នុងមួយឆ្នាំ ហើយសម័យប្រជុំមានរយះពេលយ៉ាងតិច៣ខែ និងវិស្សមកាល២ដងក្នុងមួយឆ្នាំ ដែលក្នុងកំឡុងពេលវិស្សមកាលនេះ គណៈកម្មការត្រូវចុះបំពេញបេសកកម្មនៅតាមខេត្ត ដើម្បីបំពេញតួនាទីភារកិច្ចរបស់រដ្ឋសភា។ រដ្ឋសភាមានតួនាទី៣សំខាន់គឺ ការអនុម័តច្បាប់ ការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ និងភាពជាអ្នកតំណាង ដែលអនុវត្តតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងតួនាទីភារកិច្ចរបស់គណ:កម្មការ បានចុះមើលពីវឌ្ឍនភាព ការរីកចម្រើននិងបញ្ហាប្រឈមនានារបស់ខេត្ត ពិសេសការអនុវត្តច្បាប់ជាច្រើនដែលសភាបានអនុម័តរួច។

ក្នុងឆ្នាំ២០២០ កន្លងទៅនេះ គណ:កម្មការបានទទួលពាក្យបណ្តឹងចំនួន៩៧ករណី អន្តរាគមន៍បាន៤៨ករណី កំពុងពិនិត្យបន្ត២១ករណី និងតម្កល់ទុកមិនចាត់ការចំនួន២៨ករណី ព្រមទាំងធ្វើលិខិតឆ្លើយតបបានចំនួន២៧លិខិតផងដែរ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តបានមានប្រសាសន៍ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលលើការកែទម្រង់វិមជ្ឈកានិងវិសហមជ្ឈកា បានធ្វើឲ្យខេត្តពោធិ៍សាត់កែប្រែមុខមាត់ច្រើន ពិសេសខេត្តសម្បូរដីសម្រាប់ធ្វើកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងមានកន្លែងទេសចរណ៍ធម្មជាតិ សាសនា និងវប្បធម៌ចំនួន៣៥កន្លែង ដែលក្នុងនោះមានតែនៅឃុំអូរសោមស្រុកវាលវែងទេ មានសក្តានុពលខ្លាំងជាងគេក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ ដូចជាតំបន់ទឹកធ្លាក់ ទេសចរណ៍សត្វក្រពើភ្នំ កសិដ្ឋានបន្លែ និងទំនប់វារីអគ្គិសនីស្ទឹងអាតៃ​។

ឯកឧត្តមអភិបាល​ខេត្ត បន្តថា ស្របគ្នានៃការរីកចម្រើន រដ្ឋបាលខេត្ត បានជួបបញ្ហាប្រឈមជាច្រើនពិសេសទំនាស់ដីធ្លី ទឹកជំនន់ និងការរីករាលដាល​នៃជំងឺកូវីដ-១៩  ដែលតម្រូវឲ្យខេត្តចាត់វិធានការជាបន្ទាន់។ ចំណែកទំនាស់ដីធ្លី ខេត្តបានប្រើយន្តការជាច្រើន សម្រាប់សម្របសម្រួល និងដោះស្រាយ តាមរយ:​អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី  គណៈកម្មការសុរិយោដី នីតិវិធីទទួលពាក្យបណ្តឹង បំពេញឯកសារ ចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង និងការដោះស្រាយជម្លោះ​ក្រៅប្រព័ន្ធតុលាការ ជាដើម៕ ដោយ៖ សែម សុគន្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ