ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ មន្ត្រីជាន់ខ្ពស់​សុខាភិបាល​ថា ​ពាក់​ម៉ាស់​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ទេ ព្រោះ​វា​បិទ​បាន​តែ​មាត់ ​និង​ច្រមុះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ការ​ពាក់​ម៉ាស់​តែ​ម្យ៉ាង គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ការពារ​បងប្អូន​ពី​ការ​ឆ្លង​នូវ​វីរុស​កូ​វី​ដ ១៩ ព្រោះថា​ម៉ាស់​មុខ​គឺ​ការពារ​បាន​តែ​មាត់​និង​ច្រមុះ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​អនុវត្ត​នូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​បំផុត​ព្រោះ​វីរុស​កូ​វី​ដ…

រាជធានី​ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ការ​ពាក់​ម៉ាស់​តែ​ម្យ៉ាង គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ការពារ​បងប្អូន​ពី​ការ​ឆ្លង​នូវ​វីរុស​កូ​វី​ដ ១៩ ព្រោះថា​ម៉ាស់​មុខ​គឺ​ការពារ​បាន​តែ​មាត់​និង​ច្រមុះ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​អនុវត្ត​នូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​បំផុត​ព្រោះ​វីរុស​កូ​វី​ដ ១៩ មិនមែន​ឆ្លង​តាមតែ​ច្រមុះ​និង​មាត់​ទេ តែ​ត្រចៀក​និង​ភ្នែក​ក៏​វា​ឆ្លង​ដែរ ។

តាម​រយៈ​សារ​សម្លេង​ចែកចាយ​នា​រសៀល ​ថ្ងៃ​ទី ២៦ ខែកុម្ភៈ ​ឆ្នាំ​២០២១​នេះ ​លោកស្រី យក់ សម្បត្តិ​បាន​ពន្យល់​ថា «​ខ្ញុំ​សូម​ផ្តល់​ព័ត៌មាន​មួយ​ដែល​ជា​ការ​ដក​ពិសោធន៍​នៅ​បរទេស​ និង​អន្តរជាតិ​ផ្សេង​ៗ ការ​ពាក់​ម៉ាស់​នេះ ​គឺ​ការពារ​បាន​តែ​ច្រមុះ​ ហើយ​និង​មាត់​ទេ ។ ដោយឡែក​ភ្នែក​ហើយ​ និង​ត្រចៀក​យើង​អត់​មានអី​គ្រប​បាន​ទេ អ៊ីចឹង​ហើយ​សំខាន់ ​គឺ​ការ​លាងដៃ​» ។

លោកស្រី បាន​មាន​ប្រសាសន៍​បន្ត​ថា មាន​ប្រទេស​មួយ​ចំនួន​គាត់​ធ្វើ​របាយការណ៍​ព្រឹក​មិ​ញ ខ្ញុំ​មើល​បន្ត​ផ្ទាល់ គឺថា​មួយ​គ្រួសារ គឺ​គាត់​បាន quarantine (​ច​ត្តា​ឡី​ស័ក​) បាន​ត្រឹមត្រូវ គាត់​មិន​ចេញ​ទៅ​ណា មិន​ចូលរួម​ហ្វូង​មនុស្ស​ធំ​ៗ​លើស​ពី​១០​នាក់​មានការ​ហាមឃាត់​ហ្នឹង ប៉ុន្តែ​ការ​អនុវត្ត​របស់​គាត់​អត់​បាន​ត្រឹមត្រូវ គាត់​មិនសូវ​លាងដៃ គាត់​ប៉ះពាល់​គ្នា អ៊ីចឹង​ទីបំផុត​ទៅ ឥឡូវ​ឪពុក​ម្តាយ​ស្លាប់​ទាំង​ពីរ​នាក់​ហើយ នៅ​តែ​កូន​កំពុង​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

លោកស្រី យក់ សម្បត្តិ​បាន​ណែនាំ​ដល់​ក្រុម​គ្រូពេទ្យ​បន្ត​ថា «​ដូច្នេះ​ខ្ញុំ​សុំ​អំពាវនាវ​ឲ្យ​ក្រុម​គ្រូពេទ្យ​យើង ជា​ពិសេស​ការ​ណែនាំ​ទៅ​ប្រជាពលរដ្ឋ​គឺថា​លាងដៃ​គឺជា​ការ​សំខាន់​ណាស់ ។ ឥឡូវនេះ​គឺថា​សូ​ម្បី​តែ​នៅ​អា​មេ​រិ​ក ព្រឹក​មិ​ញ​ដែល​គេ​ផ្សាយ​បន្ត​ផ្ទាល់​ហ្នឹង​គឺថា ការ​លាងដៃ សំអាត​ដៃ សំអាត​ខ្លួនប្រាណ​នេះ​គឺជា​ភារកិច្ច​មួយ​ដែល​សំខាន់ ។ ហើយ​ទ្វារ​បែកចេញ​ចូល​នេះ ពេល​ដែល​យើង​រុញ​ទ្វារ​ហើយ គឺ​យើង​ត្រូវ​ប្រយ័ត្នប្រយែង​លាងដៃ យើង​ជា​ពិសេស​ទ្វារ​ដែល​សាធារណៈ​ប្រើប្រាស់ ។ អ៊ីចឹង​ខ្ញុំ​គ្រាន់តែ​សុំ​ចែករំលែក​នូវ​ព័ត៌មាន​អ្វី​ដែល​ខ្ញុំ​បាន​តាមដាន​ជា​រៀង​រាល់​ព្រឹក គឺថា​សូម​ប្រយ័ត្នប្រយែង​សម្រាប់​ភ្នែក​និង​ត្រចៀក ព្រោះ​វីរុស​នេះ​មិនមែន​ចូល​តែ​ច្រមុះ​ហើយ​និង​មាត់​ទេ​»​។

សូម​រម្លឹក​ថា​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ព្រឹក​ថ្ងៃ​ទី ២៦ ខែកុម្ភៈ​នេះ​ថា​កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៤៤ នាក់​បន្ថែម​ទៀត ដែល​ក្នុង​នោះ​ចំនួន ៤០​នាក់ គឺ​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​នាំ​ឲ្យ​ចំនួន​ឆ្លង​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ហក់​ឡើង​យ៉ាង​ឆាប់រហ័ស​ដល់​ចំនួន ២៣៤​នាក់ នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកណ្តាល ខណៈ​ការ​ឆ្លង​សរុប​ទូ​ទាំង​ប្រទេស​កើនឡើង​ដល់​ចំនួន ៧៤១​នាក់ ក្នុង​នោះ ៤៧៧​នាក់​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ និង​ករណី​ស្លាប់​គ្មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ