ខេត្តសៀមរាប៖ «គម្រោងធនធានជលផលតាមវាលស្រែ» នៃកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគតកម្ពុជា ដំណាក់កាលទី២ មានរយៈពេលប្រាំឆ្នាំ គឺចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ត្រូវបានទទួលយកទៅអនុវត្តដោយ អង្គការអ្នកត្រួសត្រាយកម្ពុជា ដោយទទួលបានជំនួយឧបត្ថម្ភពី USAID តាមរយៈអង្គការវើលហ្វីស WorldFish សហការជាមួយរដ្ឋបាលជលផល និងអង្គការ Feed the future។ គម្រោងនេះបានជួយគាំទ្រដល់ការគ្រប់គ្រងស្រះជម្រកត្រីសហគមន៍ ដែលផ្តល់ទីជម្រកសុវត្ថិភាពសម្រាប់ត្រីមេពូជក្នុងរដូវប្រាំង នៅក្នុងតំបន់ទទួលជំនន់ទឹកភ្លៀង។
កសិករប្រើប្រាស់គោយន្ត ដើម្បីបូមទឹកចាប់ត្រី។ រូបភាព ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គថ្មីៗនេះតាមរយៈក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានឱ្យដឹងថា គម្រោងនេះ ស្ថិតនៅក្នុងភូមិល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយមានការសម្របសម្រួលពីអង្គការអ្នកត្រួសត្រាយកម្ពុជា។
លោក ស៊ុន ឃុនសេន ប្រធានគ្រប់គ្រងគម្រោង «ធនធានជលផលតាមវាលស្រែ» របស់អង្គការអ្នកត្រួសត្រាយកម្ពុជា បានឱ្យដឹងថា គម្រោងធនធានជលផលតាមវាលស្រែនេះ គឺបង្កើតឡើងដើម្បីជួយសហគមន៏ ឲ្យមានធនធានជលផលតាមវាលស្រែក្នុងរដូវ ដែលបានបាត់បង់មួយរយៈកន្លងមកនោះ កើតមានឡើងវិញ។
លោក ស៊ុន ឃុនសេន មានប្រសាសន៍ថា ៖ «ស្រះសហគមន៍ទាំងអស់មានចំនួន ៤៤ស្រះ ស្ថិតនៅក្នុងស្រុកចំនួនប្រាំពីរ នៅក្នុងខេត្តសៀមរាប។ គ្រប់ស្រះសហគមន៍ សុទ្ធតែត្រូវបានបង្កើតឲ្យមានប្រព័ន្ធសម្រាប់ឲ្យត្រីចេញនារដូវវស្សា និងចូលវិញ នារដូវប្រាំង។ បន្ថែមពីលើនេះ ក៏មានគណៈកម្មការដើម្បីការពារស្រះ ដោយសហការណ៍ជាមួយអាជ្ញាធរដែនដីផងដែរ។ យើងបានពិភាក្សាជាមួយអាជ្ញាធរដែនដី ដើម្បីការពារត្រីមេពូជ ដោយកំណត់ព្រំដែនការពារស្រះ ចម្ងាយពី ៥០ ទៅ១០០ម៉ែត្រ ពីមាត់ស្រះ។ នៅក្នុងដែនការពារនេះ គឺមិនអនុញ្ញាតិឲ្យមានការចូលធ្វើនេសាទទេ»។
រូបភាពពីលើអាកាស នៃស្រះជម្រកត្រីសហគមន៍ គោកល្ហុង។ រូបភាព ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គលោក ចិត្ត ស៊ត ប្រធានគណៈកម្មការស្រះជម្រកត្រីសហគន៍ គោកល្ហុង ដែលស្ថិតនៅក្នុងភូមិល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានឲ្យដឹងថា កាលពីមិនទាន់មានស្រះជម្រកត្រីសហគមន៍ បទល្មើសនេសាទ ដោយអ្នកនេសាទប្រើប្រាស់ឧបករណ៍ឆក់ កើតឡើងច្រើននៅក្នុងភូមិ។ ប៉ុន្តែ បន្ទាប់ពីស្រះជម្រកត្រីសហគមន៍ និងក្រុមល្បាតត្រូវបានបង្កើតសហគមន៍មក បទល្មើសទាំងនោះពុំមានទៀតទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសង្កេតឃើញថា ផលត្រីនៅតាមវាលស្រែក្នុងភូមិ បានកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីបានបង្កើតស្រះជម្រកត្រីសហគមន៍មក។ ចំណែកឯបទល្មើសនេសាទវិញ ក៏ពុំមានកើតដូចពីមុនដែរ ដោយពួកយើងដាក់វេនគ្នាល្បាត»។
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានបន្តថា ជាប្រធានសហគមន៍ស្រះជម្រកត្រី គោកល្ហុង ដែលមានសមាជិក ១១នាក់ លោក ចិត្ត ស៊ត បានដាក់ក្តីសង្ឃឹមថា នឹងអាចបន្តសកម្មភាពគ្រប់គ្រងរបស់ខ្លួនតទៀត បើមានការជួយគាំទ្រពីអាជ្ញាធរដែន ពេលគ្មានការជួយឧបត្ថម្ភពីអង្គការនានា។ លោកមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា នឹងមានការជួយគាំទ្រពីអាជ្ញាធរដែន បន្ទាប់ពីគម្រោងឧបត្ថម្ភត្រូវបានបញ្ចប់។ ព្រោះវាជាប្រយោជន៍សម្រាប់ប្រជាជនក្នុងភូមិទាំងមូល។ បើពុំដូច្នោះទេ ពួកយើងមិនអាចបន្តការងារនេះបានទៀតទេ»។
សកម្មភាពចាប់ត្រី បន្ទាប់ពីបានបូមទឹកចេញអស់ហើយ។ រូបភាព ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គក្នុងទឹកមុខញញឹមញញែម សប្បាយរីករាយ ពេលទទួលបានផលចាប់ត្រីបានច្រើន និងចម្រុះប្រភេទ លោក សុំ បាន ជាកសិកររស់នៅក្នុងភូមិ ដែលទទួលផលពីស្រះជម្រកត្រីសហគមន៍ គោកល្ហុង បានលើកឡើងថា បន្ទាប់ពីមានការបង្កើតស្រះជម្រកត្រីសហគមន៍មក ផលចាប់ត្រីក្នុងស្រះតាមវាលស្រែនៅក្នុងភូមិរបស់គាត់មានការកើនឡើង។ ប៉ុន្តែ ត្រីចូលក្នុងស្រះរបស់គាត់តិចជាងឆ្នាំមុន។
លោក សុំ បាន និយាយថា៖ « ខ្ញុំប្រមូលផលចាប់ត្រីបានតិចជាងធៀបនឹងឆ្នាំកន្លងទៅ។ ប៉ុន្តែ ខ្ញុំនៅតែគិតថាបានច្រើន។ ព្រោះស្រះត្រីតាមវាលស្រែក្នុងភូមិបានកើនឡើងច្រើន។ អ្នកភូមិគាត់ឃើញខ្ញុំប្រមូលផលត្រីបានច្រើនរាល់ឆ្នាំ ដូច្នេះ ពួកគាត់ក៏ជីកស្រះនៅក្នុងស្រែដែរទៅ។ គ្រួសារខ្លះ ជីកមួយស្រះ ខ្លះជីកពីរស្រះ។ ដូច្នេះ ត្រីដែលចេញពីស្រះជម្រកត្រីសហគមន៍ គោកល្ហុង ក៏បែងចែកចូលតាមស្រះអ្នកភូមិទាំងនោះទៅ។»។
គួរបញ្ជាក់ថា ការបង្កើតស្រះជម្រកត្រីនេះ គឺដើម្បីឱ្យត្រីមេពូជចូលទៅជ្រកកោនក្នុងរដូវប្រាំង។ ត្រីមេពូជទាំងនោះ នឹងពង-កូន។ រដូវវស្សាចូលមកដល់ ជំនន់ទឹកភ្លៀងបាចហាចព្រៀបបមាត់ស្រះ ពួកវាក៏ចាកចេញពីស្រះសហគមន៍ ចូលទៅតាមវាលស្រែដើម្បីរកចំណី និងធំធាត់។ រដូវប្រាំងចូលមកដល់ វាក៏ត្រឡប់ចូលមកលាក់ខ្លួននៅក្នុងស្រះជម្រកត្រីសហគមន៍វិញ។ ប៉ុន្តែ ត្រីមួយចំនួនធំ ក៏បន្តរស់នៅក្នុងស្រះតាមវាលស្រែរបស់អ្នកភូមិនោះទៅ៕
ចែករំលែកព័តមាននេះ