ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន ​និង​វៀតណាម​ឈរ​លំដាប់​ទី​២ និង​ទី​៣​កើត​កូ​វី​ដ​ច្រើន​ជាងគេ​នៅ​កម្ពុជា​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជុំវិញ​ស្ថានភាព​កូ​វី​ដ​១៩​ នៅ​កម្ពុជា​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នេះ កម្ពុជា​មាន​ករណី​វិជ្ជមាន​កូ​វី​ដ ១៩ សរុប​ចំនួន ៦៩៧​នាក់…

រាជធានី​ភ្នំពេញ ៖ ជុំវិញ​ស្ថានភាព​កូ​វី​ដ​១៩​ នៅ​កម្ពុជា​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នេះ កម្ពុជា​មាន​ករណី​វិជ្ជមាន​កូ​វី​ដ ១៩ សរុប​ចំនួន ៦៩៧​នាក់ ពាក់ព័ន្ធ​នឹង​២២​ជាតិ​សាសន៍ ក្នុង​នោះ​ជនជាតិ​ចិន​កើត​កូ​វី​ដ ១៩ នៅ​កម្ពុជា​ឈរ​លំដាប់ថ្នាក់​លេខ២ បន្ទាប់​ពី​ប្រជាជន​កម្ពុជា ។ ហើយ​កូ​វី​ដ ១៩ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ១២ ទូ​ទាំង​ប្រទេស​កម្ពុជា ។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី ២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​បាន​ឲ្យ​ដឹង​ថា មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​រក​ឃើញ​អ្នក​កើត​កូ​វី​ដ ១៩ សរុប​ចំនួន ៦៩៧ នាក់ ដែល​ក្នុង​នោះ​អ្នកជំងឺ​កំពុង​សម្រាក សំរាក​ពេទ្យ​កើនឡើង​ដល់​២២០​នាក់ និង​ចំនួន​ជា​សះស្បើយ​សរុប​កើន​ដល់ ៤៧៧ នាក់ និង​ករណី​ស្លាប់​ដោយសារ​កូ​វី​ដ ១៩ នៅ​កម្ពុជា គឺ «​គ្មាន​» ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ខ្មែរ​ឈរ​លំដាប់​លេខ​រៀង​ទី​១ ដែល​មាន​អ្នក​កើត​កូ​វី​ដ ១៩ សរុប​ចំនួន ២៣៤ នាក់ បន្ទាប់​មក​ជនជាតិ​ចិន មាន​ចំនួន ១៧៤ នាក់ (​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​), បន្ទាប់​មក​ជនជាតិ​វៀតណាម ឈរ​លំដាប់ថ្នាក់​លេខ ៣ មាន​ចំនួន ១៦ នាក់​, ឥណ្ឌូ​នេ​ស៊ី​ឈរ​លំដាប់ថ្នាក់​ទី ៤ មាន​អ្នក​កើត​កូ​វី​ដ ១៩ នៅ​ខ្មែរ​ចំនួន ១៦ នាក់​, ជនជាតិ​អា​មេ​រិ​ក ៩​នាក់​, ជនជាតិ​បារាំង ៨ នាក់​, ជនជាតិ​ឥណ្ឌា ៥​នាក់​, ជនជាតិ​កា​ណា​ដា ៣​នាក់​, ជនជាតិ​ជប៉ុន ៣​នាក់​, ជនជាតិ​កូរ៉េ ២ នាក់​, ជនជាតិ​នី​ហ្សេ​រី​យ៉ា ២ នាក់​, ក្រៅពី​នោះ​ជនបរទេស​ចំនួន ១១ ជាតិ​សាសន៍​ផ្សេង​ៗ​ដូច​ជា ប៊ែ​ល​ហ្សិ​ក​, កា​ហ្សា​ក់​ស្តង់​, ស្វី​ស​, ឆេ​ក​, សឹ​ង្ហ​បុរី​, ហ្ស៊​ក​ដា​នី​, នេ​ប៉ា​ល់​, ហុង​គ្រី​, ប៉ា​គី​ស្ថាន​, ប៉ូ​ឡូញ​, និង​អង់គ្លេស គឺ​មាន​អ្នក​កើត​កូ​វី​ដ ១៩ ត្រឹមតែ​១​នាក់​នៃ​ជាតិ​សាសន៍​នីមួយ​ៗ ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​លើក​ឡើង​ថា ទោះបីជា​កម្ពុជា​ពុំ​ទាន់​មាន​នរណា​ម្នាក់​ស្លាប់​ដោយសារ​តែ​ជំងឺ​កូ​វី​ដ ១៩ ក្តី តែ «​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ព្រោះ​ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍ និង​ប្រទេស​ជិតខាង​យេ​ី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​» ។

រាជធានី​ភ្នំពេញ ត្រូវ​បាន​កត់ត្រា​ថា​មាន​ករណី​កូ​វី​ដ ១៩ ច្រើន​ជាងគេ​បង្អស់​នៅ​កម្ពុជា គឺ​មាន​ចំនួន ៤៨៣​នាក់ បន្ទាប់​មក​គឺ​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន ៥៨​នាក់​, ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួនវិជ្ជមាន​កូ​វី​ដ ១៩ ចំនួន ៤៨​នាក់​, ខេត្តបាត់ដំបង​ចំនួន ២៦​នាក់ និង​ខេត្តកំពង់ចាម​ចំនួន ១៦​នាក់​, ខេត្តកណ្តាល ១១ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ