រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីប្រទះឃើញបុរសម្នាក់បានបញ្ចប់ជីវិតក្នុងបន្ទប់ជួល ដោយស.ពមានសភាពហើមស្អុយទៅហើយ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់កាលពីព្រឹកថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ១០២ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះអ៊ុំ ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះខាងលើបានមកជួលបន្ទប់ខាងលើស្នាក់នៅ ដោយបាត់មិនឃើញជនរងគ្រោះចេញមកក្រៅអស់រយៈពេល៤ថ្ងៃមកហើយ ។ លុះនៅព្រឹកថ្ងៃកើតហេតុ ដោយសារតែធុំក្លិនស្អុយពេក និងមានរុយហើរចេញពីបន្ទប់ផងនោះ ធ្វើឱ្យអ្នកជិតខាងសង្ស័យក៏ដើរទៅអើតមើលក្នុងបន្ទប់នោះ ស្រាប់តែឃើញជនរងគ្រោះយកក្រមាចងភ្ជាប់នឹងចំរឹងបង្អួច បណ្តាលឱ្យបាត់បង់ជីវិតហើមស្អុយទៅហើយ ។ ពាក់ព័ន្ធនឹងករណីនេះ គេមិនដឹងថា ជនរងគ្រោះមានវិបត្តិអ្វីនោះទេ ទើបគិតខ្លីសម្រេចចិត្តបញ្ចប់ជីវិតបែបនេះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងនាំគ្នាគាស់ទ្វារបន្ទប់ ដើម្បីចូលទៅធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ច័យ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័័រកាសែតកោះសន្តិភាព ៕










ចែករំលែកព័តមាននេះ