ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសដឹកនាំមន្ត្រីរាជការ ចុះអប់រំផ្សព្វផ្សាយដល់អាជីវករ ក្នុងផ្សារ ស្តីពី វិធានការបង្ការការ ការពារ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានលើកឡើងថា ក្រសួងសុខាភិបាល កំពុងតែយកចិត្តទុកដាក់ខ្ពស់ លើការវិវឌ្ឍន៍នៃការរាតត្បាតជំងឺកូវីដ១៩ ដែលបានបំប្លែងខ្លួនថ្មី ដែលអ្នកវិទ្យាសាស្រ្តវេជ្ជសាស្ត្រ បានរកឃើញ និងបានលើកឡើងរួមគ្នា ជាមួយអង្គការសុខភាពពិភពលោកពីភាពឆ្លងសាហាវលឿន និងធ្ងន់ធ្ងរជាងមុន។
លោក យិន សាវ៉េន បានបន្តថា មិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័សពីជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សយើងនោះឡើយ ខណៈដែលសភាពចម្លងខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចកើតមានឡើង នៅក្នុងប្រទេសយើង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើយើង មិនបានការពារខ្លួនត្រឹមត្រូវទេនោះ។ បន្ថែមពីនេះទៀត ត្រូវរួមគ្នាអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ ដោយត្រូវប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ ៣កុំ និង ៣ការពារ រួមជាមួយនឹងវ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្ការ ការពារ កុំឱ្យសហគមន៍របស់យើង ឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះបាន។
លោកបន្តថា វិធានការ ៣ការពារ គឺ៖១.ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុល ជែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។ ២.ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។ និង ៣.ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។ ចំណែក វិធានការ ៣កុំគឺ៖ ១. កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធី ដែលមានមនុស្សច្រើនពេក ។ ២.កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និង៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែងដែលមានមនុស្ស និយាយគ្នាច្រើន ហើយស្ថិតនៅជិតគ្នាពេក ហើយត្រូវប្រើវិធីសំពះគ្នាលើកដៃជាសញ្ញា ឬងក់ក្បាលជាដើម និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះឡើងទៅ។
សូមបញ្ជាក់ថា នៅព្រឹកនោះ លោកអភិបាលក្រុង បានចុះអប់រំផ្សព្វផ្សាយ ដល់កកន្លែងលក់បន្លែ ត្រីសាច់ ក្នុងបរិវេណលក់ក្រណាត់ខោអាវ និងតាមចំណតរថយន្តមុខផ្សារលើផងដែរ៕ ដោយ៖ ពៅ សុខហ៊ាន









ចែករំលែកព័តមាននេះ