ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយកាកបាទក្រហមកម្ពុជា បានផ្តល់ជូនជនក្រីក្រ ៣គ្រួសារ និងគ្រួសារងាយរងគ្រោះ ៤៧គ្រួសារ នៅខេត្តបាត់ដំបង

3 ឆ្នាំ មុន
  • បាត់ដំបង

បាត់ដំបង៖ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១​ បាន​ជួប​សួរសុខទុក្ខ…

បាត់ដំបង៖ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១​ បាន​ជួប​សួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌ផ្តល់​ជូនគ្រួសារទុគ៌តចំនួន ៣គ្រួសារ រស់នៅស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។ អំណោយទាំងនោះ ​ដឹកនាំដោយលោក ងួន រតនៈ អនុប្រធានកិត្តិយសសាខា និងលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំង​សមាជិកគណកម្មការកាកបាទក្រហម ក្នុងខេត្ត បានចូលរួម។

​គ្រួសារនីមួយៗ ទទួលបានអង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ ៥កេស, ឃីត (មុង ភួយ សារុង ក្រមអាវយឺត) ១កញ្ចប់ និងថវិកា ២០ម៉ឺនរៀល។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់​ផ្ទះមនុស្សធម៌ចំនួន ៣ខ្នង ដល់គ្រួសារទុរគតទាំង៣ គ្រួសារនេះបន្ថែមទៀត។

បន្ទាប់ពីបានផ្តល់អំណោយជូនគ្រួសារខាងលើនេះរួច ក្រុមការងារសាខាកាកបាទ​ក្រហមកម្ពុជាខេត្ត បានជួប​សំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយ​មនុស្សធម៌ជូនដល់លោកយាយលោកតាចំនួន ៤៧គ្រួសារ​ទៀត ដែលរស់នៅ​ក្នុងភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ, ភូមិអង្គ្រង ឃុំជ្រៃ និងភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំងនៃស្រុកមោងឬស្សី ដែលគ្រួសារនីមួយៗ ទទួលបាន​អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ ១កេស, ឃីត (ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀលផងដែរ។

លោក ងួន រតនៈ និងលោកបណ្ឌិត ប៊ុត គឹមស៊ាន បាន​នាំនូវ​ប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ ព្រមជាមួយនឹងការគិតគូរពីសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសការលើកទឹកចិត្ត និងផ្តាំផ្ញើដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ សូមបន្តប្រឹងប្រែងដើម្បីជីវភាពរស់នៅបន្តទៀត ហើយត្រូវថែទាំ​សុខភាពឱ្យបានល្អ រស់នៅមានអនាម័យ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន​វិធានការ​របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានផ្ដាំផ្ញើបន្ថែមទៀតថា ស្របពេលដែលស្ថានភាពវិវត្តន៍ថ្មីនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០​កុម្ភៈ សូមឲ្យបងប្អូនទាំងអស់បន្តចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃ​ជំងឺកូវីដ១៩នេះ តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣​ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ) និង ៣ កុំ ( ១.កុំចូលទៅកន្លែង​បិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា​ កុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា​ កុំឱបគ្នាជាដើម )៕​ ​ដោយ៖ ​ហួត សុងហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ