ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីដែលមានផ្ទៃពោះគ្រប់ខែ សូមទៅសម្រាលកូន នៅមណ្ឌល​សុខភាព ឬមន្ទីរពេទ្យ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ ” ស្របពេលដែលវិស័យសុខាភិបាល កំពុងតែមានការរីកចំរើន នាពេលបច្ចុប្បន្ននេះ សូមកុំឲ្យស្ត្រី ដែលមានផ្ទៃពោះគ្រប់ខែ ទៅរកឆ្មបបុរាណ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ កើតឡើងទាំងម្ដាយ…

ខេត្តកំពង់ចាម​៖ ” ស្របពេលដែលវិស័យសុខាភិបាល កំពុងតែមានការរីកចំរើន នាពេលបច្ចុប្បន្ននេះ សូមកុំឲ្យស្ត្រី ដែលមានផ្ទៃពោះគ្រប់ខែ ទៅរកឆ្មបបុរាណ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ កើតឡើងទាំងម្ដាយ និងកូន នៅក្នុងផ្ទៃ” នេះជាប្រសាសន៍​របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឱកាសអបអរសាទរ ខួបទី​១១ ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១​កុម្ភៈ។ ទិវានេះ បាន​ប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ឯកឧត្តម អ៊ុន ចាន់ដា បានគូស​បញ្ជាក់ថា​ ស្ត្រីដែលមានផ្ទៃពោះ ពេលមកពិនិត្យ​សុខភាព គឺមិនអស់លុយនោះទេ ថែមទាំងទទួលបានថវិកាលើកទឹកចិត្តបន្ថែមទៀត។ ជាគោលដៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជួយដល់អ្នក ដែលមានជីវភាពក្រីក្រ និងកម្មការិនីបម្រើការងារ នៅតាមរោងចក្រ ដែលមានប័ណ្ណ​ប.ស.ស និង​ប័ណ្ណសមធម៌ ជាដើម។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា សម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្ត​កំពង់ចាម គិតត្រឹមថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២១ អ្នកដែលមករកសេវាសុខាភិបាល សរុបមានចំនួន៣.៩៧៩ នាក់ ក្នុងនោះ រួមមាន ទាំងស្ត្រីមានផ្ទៃពោះ និងកុមារ ជាដើម ដែលរាជរដ្ឋាភិបាល បានចំណាយថវិកាសរុបប្រមាណ ១.០០០លានរៀល។ ក្នុងនោះ ក្រោមការដឹកនាំរបស់សម្ដេចតេជោសែន គឺមិនត្រឹមតែជួយ នៅក្នុងខេត្តកំពង់ចាម ប៉ុណ្ណោះទេ គឺធ្វើឡើងដោយទូទាំងប្រទេសកម្ពុជា មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ នយោបាយនោះទេ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា យើងត្រូវធ្វើយ៉ាងណា កាត់បន្ថយអត្រាមរណមាតា និងទារក ឲ្យកាន់តែមានចំនួនតិចទៅៗ​។ ក្នុងករណី បើស្ត្រីមានផ្ទៃពោះ មានបញ្ហាណាមួយ មិនស្រួល ត្រូវប្រញាប់មករកគ្រូពេទ្យ ឱ្យពិនិត្យសុខភាពជាបន្ទាន់។ មួយចំណុចទៀត ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលខ្លះ បានសម្រាលកូនដោយហៅឆ្មប​បុរាណ ឲ្យមកជួយបង្កើត ដែលប្រឈមនឹង​ហានិភ័យគ្រោះថ្នាក់ ចំពោះម្ដាយ និងទារក។ ដូច្នេះសូមបោះបង់នូវទម្លាប់នេះចោល ហើយងាកមករកសេវាសម្រាលកូន នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ទើបជាការប្រសើរ និងមានសុវត្ថិភាពទៀតផង។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បន្ថែមថា សម្រាប់ឆ្មប នៅក្នុងខេត្តកំពង់ចាម មួយឆ្នាំទទួលការបណ្ដុះបណ្ដាល បានជាង ១០០នាក់ ដែលកាន់តែផ្ដល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ ដែលមករកសេវារដ្ឋ មានការទុកចិត្ត។ ដោយឡែក ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ដែលរងផលប៉ះពាល់ នៅក្នុងដំណាក់កាលនៃជំងឺ Covid មានចំនួនជាង ៤ម៉ឺនគ្រួសារ បានទទួលប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។

ជាមួយនោះ ឯកឧត្តម អភិបាលខេត្ត លើកឡើងថា ប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋ ទទួលការបណ្ដុះបណ្ដាលរៀនសូត្របានខ្ពង់ខ្ពស់ និងសម្បូរធនធានមនុស្ស ហើយធ្វើការតាមក្រុមហ៊ុននានា ដោយទទួលបានប្រាក់ខែខ្ពស់ ដើម្បីដោះស្រាយជីវភាពគ្រួសារ​។

ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ស្ត្រីដែលសម្រាលកូនរួច ត្រូវបន្តតាមដានសុខភាព ដោយនាំយកកូនតូចមកចាក់ថ្នាំបង្ការជំងឺផ្សេង រហូតដល់កូននោះ មានអាយុ ២ឆ្នាំ។

ក្នុងស្ថានភាពដែលប្រទេសយើង មានការរំខាន ​ពីមេរោគកូវីដ-១៩​ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្តកំពង់ចាម​ បានក្រើនរំលឹកដល់​ស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា និងអ្នកចូលរួមទាំងអស់ ត្រូវ​បន្ត«រស់នៅធម្មតា តាមបែបគន្លងថ្មី» ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ​ការពារខ្លួន តាមរយៈ​យុទ្ធសាស្ត្រ ” ៣ការពារ និង ៣កុំ ” របស់សម្តេចតេជោ សែន និងវិធានការើណែនាំនានា​របស់ក្រសួងសុខាភិបាល​។

ឯកឧត្តម ក៏បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជនឆ្នើមថ្នាក់ជាតិ បានផ្តល់ជូន​ស្រ្តី ដែលបានចូលរួម ១០០នាក់ ក្នុងម្នាក់ៗ ទទួលបានឃីត ១កញ្ចប់ និងថវិកា​មួយចំនួន។

នា​ឱកាសនោះ លោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា និង លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ក៏បានបន្តអញ្ជើញ សួរសុខទុក្ខស្ត្រី ទើបសម្រាលកូន កំពុងសម្រាកក្នុងមន្ទីរពេទ្យខេត្ត ចំនួន ៧៨នាក់ ដោយបានឧបត្ថម្ភក្នុងម្នាក់ៗ នូវទឹកប្រាក់ ៥ម៉ឺនរៀល​៕ ដោយ៖ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ