ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹងយក្ខឡោម ស្រាប់តែមាន​សភាព​ល្អក់ ប្លែកពីធម្មតា

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី៖ បឹងយក្ខឡោម ដែលជាតំបន់រមណីយដ្ឋានធម្មជាតិដ៏មាន​សក្តានុពលបំផុត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា​កំសាន្តស្ថិត នៅសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី នៅពេលនះ ផ្ទៃបឹងទាំងមូល…

ខេត្តរតនគិរី៖ បឹងយក្ខឡោម ដែលជាតំបន់រមណីយដ្ឋានធម្មជាតិដ៏មាន​សក្តានុពលបំផុត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា​កំសាន្តស្ថិត នៅសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី នៅពេលនះ ផ្ទៃបឹងទាំងមូល ស្រាប់តែមានសភាពល្អក់ប្លែកពីធម្មតា។ ទឹកក្នុងផ្ទៃបឹងយក្ខឡោម ដែលប្រែក្លាយទៅជាល្អក់នោះ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១​។

ទាក់ទិននិងការប្រែប្រួលផ្ទៃទឹកទៅជាល្អក់ដូច្នេះ ត្រូវបាន​លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា សភាពទឹកល្អក់នៃបឹងយក្ខឡោមនោះ អាចមកពីកត្តាបាតុភូត​ធម្មជាតិ។

លោកបន្តថា កាលពី ១០ឆ្នាំមុន គឺនៅឆ្នាំ២០១១ បឹងយក្ខឡោមនេះ ក៏មានសភាពល្អក់ ដូចគ្នានេះ​ម្តងដែរ តែវាអាចថ្លាវិញ រយៈពេល ១០ ទៅ ១៥ថ្ងៃ។

លោក បន្តទៀតថា បឹងលំកុដ និងបឹងយក្ខអោម យក្ខរ៉ា នៅក្នុងឃុំសេដា ស្រុកលំផាត់ ក៏ចាប់​ផ្តើម មានសភាពល្អក់​ដូចគ្នា​ដែរ។

​លោកប្រធានមន្ទីរបរិស្ថាន មិនហ៊ានវិនិច្ឆ័យ តាមបែបវិទ្យាសាស្រ្តយ៉ាងណានោះទេ តែតាមការកត់សម្គាល់ ឱ្យតែប្រទេសជិតខាង មានព្យុះ រឺបាតុភូតធម្មជាតិអ្វីមួយ​កើតឡើង គឺបឹងយក្ខឡោម ក៏មានសភាពល្អក់ដែរ។

សភាពល្អក់របស់បឹងយក្ខឡោម និងបឹង​លំកុដ បឹងយក្ខអោម យក្ខរ៉ា គឺមិនមានអ្វីប៉ះ​ពាល់​ដល់បរិស្ថានធ្ងន់ធ្ងរទេ ដោយ​គ្រាន់តែរំខានដល់ការចុះមុជទឹកលេង​របស់ភ្ញៀវ​ទេសចរ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ក៏បានអះអាងស្រដៀងគ្នា​នេះដែរថា គឺជាបាតុភូតធម្មជាតិ កើតឡើង ១០ឆ្នាំម្តង ហើយពេលនេះ ផ្ទៃទឹកក្នុងបឹង ក៏មានសភាពថ្លាវិញ​ជាបណ្តើរៗ ហើយដែរ។

​មន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី ក៏បានលើកឡើង​ថា បឹងយក្សឡោម មាន​សភាព​ល្អក់នេះ មិនមែនជាលើកទី១ទេ ពីប៉ុន្មានឆ្នាំមុន ក៏មានសភាពបែបនេះដែរ ដោយសារបាតុភូតធម្មជាតិនៃបន្ទុះភ្នំភ្លើង ហើយបឹងយក្សឡោម ក៏មានសរសៃ​ឈាមជាប់នឹង​បន្ទុះភ្នំភ្លើង ជាមួយប្រទេសណាមួយ នៅ​ក្នុង​អាស៊ី ដែលវាមាន​សរសៃឈាមជាប់នឹងបឹងយក្ខឡោម ដោយផ្អែកតាមលក្ខណៈវិទ្យាសាស្ត្រ៕ ដោយ៖ ផង់ វិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ