ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពមួកខៀវ ២នាក់ ទើបមកពីអាហ្រ្វិកកណ្តាល ឆ្លងកូវីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជា​​ ២០៤នាក់ បានបញ្ចប់បេសកកម្ម​រយៈពេលជាង ១ឆ្នាំ នៅសា​ធារ​ណ​រដ្ឋ​អាហ្រ្វិកកណ្តាល។ កងទ័ពមួកខៀវទាំងនោះ បានវិលត្រឡប់​មកដល់កម្ពុជា​ កាលពី​ល្ងាចថ្ងៃទី២១ ខែកុម្ភៈ។…

ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជា​​ ២០៤នាក់ បានបញ្ចប់បេសកកម្ម​រយៈពេលជាង ១ឆ្នាំ នៅសា​ធារ​ណ​រដ្ឋ​អាហ្រ្វិកកណ្តាល។ កងទ័ពមួកខៀវទាំងនោះ បានវិលត្រឡប់​មកដល់កម្ពុជា​ កាលពី​ល្ងាចថ្ងៃទី២១ ខែកុម្ភៈ។ ប៉ុន្តែ​ក្រោយពិនិត្យសំណាករួច នៅថ្ងៃទី២២ ខែកុម្ភៈ លទ្ធផលបង្ហាញថា មានកងទ័ពមួកខៀវកម្ពុជា ២នាក់ បានឆ្លងជំងឺកូវីដ១៩​។ នេះបើតាមការបញ្ជាក់របស់​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​។​

លោកជំទាវ យក់ សម្បត្តិ បានប្រាប់​ក្រុមអ្នកកាសែត នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈនេះ​ថា បន្ទាប់ពីលទ្ធផល​រកឃើញថា កងទ័ពមួកខៀវ ២នាក់ បានឆ្លងកូវីដ១៩ គឺ​យើង​សម្រេច​ទុកពួកគាត់​នៅកន្លែងធ្វើចត្តាឡីស័ក នៅ​សាលាហ្វឹកហ្វឺនកងកម្លាំង​រក្សា​សន្តិភាព​ពហុ​​សាសន៍ ក្នុងខេត្តកំពង់ស្ពឺ ហើយបញ្ជូនក្រុមគ្រូពេទ្យ ពីភ្នំពេញ ទៅពិនិត្យព្យាបាល​​ពួកគាត់​នៅទីនោះ។​

​សូមរម្លឹកថា នៅពេលចុះពីលើយន្តហោះភ្លាម ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល សហការជាមួយក្រុមគ្រូពេទ្យ​របស់មជ្ឈមណ្ឌលជាតិ​រក្សាសន្តិភាព ​បាន​ពិនិត្យ​យកសំណាករបស់កងកម្លាំងទាំងអស់ ដើម្បីវិភាគរកមេរោគកូវិដ១៩ មុននឹងបញ្ជូន ​ទៅកន្លែងធ្វើចត្តាឡីស័ក​ ​នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព​ពហុ​​សាសន៍ ក្នុងខេត្តកំពង់ស្ពឺ។

​​​បច្ចុប្បន្ន កម្ពុជា មានកងទ័ព​មួកខៀវ សរុបជិត ៨០០នាក់ ក្នុងនោះ មាននារីជិត ៨០នាក់ ​កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

កាលពីខែសីហា ឆ្នាំ២០២០ កងទ័ព​មួកខៀវកម្ពុជា​ ៩នាក់ ក្នុងចំណោម ៨០នាក់ ដែលបានវិលត្រឡប់មកពីបំពេញបេសកកម្ម​របស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី បានឆ្លងកូវីដ១៩​។ ប៉ុន្តែ​ក្រោយមក ត្រូវបាន​ព្យាបាលជាសះស្បើយ។

កាលពីចុងខែឧសភា ឆ្នាំ២០២០ កងទ័ពមួកខៀវកម្ពុជា ៧នាក់ ​​ដែលកំពុង​បំពេញ​បេសកម្ម​នៅក្នុង​ប្រទេស​ម៉ាលី បានឆ្លងជំងឺកូវីដ១៩​។ ក្នុងនោះ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស សា​វី អាយុ ​៦៣​ឆ្នាំ បាន​ទទួលមរណភាព ដោយសារតែជំងឺ​កូ​វីដ​-១៩ ខណៈដែល ​៦​នាក់​ទៀត ​ត្រូវ​​បានព្យាបាល​ជា​សះ​ស្បើយ៕