ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SME ដើរតួ​នាទី​សំខាន់​សម្រាប់​សេដ្ឋកិច្ចរដ្ឋាភិបាល​ត្រៀម​ទុន ៥០០​លាន​ដុល្លារ​​ស្ដារ​ឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម បាន​ដើរតួ​នាទី​សំខាន់​ក្នុង​លើកកម្ពស់​សេដ្ឋកិច្ចជាតិ បណ្ដា​វិស័យ​ឯកជន និង​រដ្ឋ​បាន​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​វិស័យ​នេះ​ជា​អាទិភាព ជាក់ស្ដែង​រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ប្រមាណ​ជាង ៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​អភិវឌ្ឍន៍​វិស័យ​នេះ​ឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វី​ដ១៩…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម បាន​ដើរតួ​នាទី​សំខាន់​ក្នុង​លើកកម្ពស់​សេដ្ឋកិច្ចជាតិ បណ្ដា​វិស័យ​ឯកជន និង​រដ្ឋ​បាន​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​វិស័យ​នេះ​ជា​អាទិភាព ជាក់ស្ដែង​រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ប្រមាណ​ជាង ៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​អភិវឌ្ឍន៍​វិស័យ​នេះ​ឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វី​ដ១៩ ខណៈ​ស្ថាប័ន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជា​ច្រើន​ក៏​បាន​ផ្ដល់​អាទិភាព​សម្រាប់​វិស័យ​នេះ​ផង​ដែរ ។

យោង​តាម​ប្រសាសន៍​ឯកឧត្តម ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យ​ដឹង​ថា ឆ្នាំ​មុន​វិស័យ​ជា​ច្រើន​ដែល​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច បាន​រង​គ្រោះ​ព្រោះតែ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ១៩ ហើយ ដោយសារ​តែ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់​ដើម្បី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច ដូច​ជា​ការ​លើកលែង​ពន្ធ​អាជីវកម្ម​ដល់​បណ្ដា​ក្រុមហ៊ុន​សហគ្រាស​ដែល​រង​គ្រោះ​ក្នុង​នោះ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ក៏​ត្រូវ​បាន​លើកទឹកចិត្ត​ជា​អាទិភាព​ផង​ដែរ ដែល​ជា​វិធានការ​បន្ទាន់​និង​រយៈពេល​ខ្លី ។

ឯកឧត្តម​បន្ត​ថា សម្រាប់​វិធានការ​រយៈពេល​មធ្យម និង​វែង រាជរដ្ឋាភិបាល​បាន​ដក​ថវិកា​ចំនួន​ជាង ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ទុនបម្រុង​ជាតិ ដើម្បី​គាំទ្រ​ដល់​ការ​ចំណាយ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺ​កូ​វី​ដ ១៩ និង​ដើម្បី​គាំទ្រ ជំរុញ​និង​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ ។ សម្រាប់​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម រាជរដ្ឋាភិបាល​ក៏​បាន​ត្រៀម​ថវិកា​ប្រមាណ ៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​និង​លើកកម្ពស់​ដល់​វិស័យ​នេះ ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្រោយ​វិបត្តិ ។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ក៏​បានឱ្យ​ដឹងផង​ដែរ​ថា រៀង​ល​រាល់​ឆ្នាំ ធនាគារ​អេ​ស៊ី​លី​ដា បាន​បញ្ចេញ​កញ្ចប់​ថវិកា​ឥណទាន​រាប់រយ​លាន​ដើម្បី​ជួយ​ដល់​វិស័យ​សហគ្រាស​ខ្នាត​តូច និង​ធ​ម្យ​ម​សម្រាប់​យក​ទៅ​ប្រើប្រាស់ ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បន្ថែម​ទៀត ។ ឆ្នាំ ២០២១ នេះ ធនាគារ​ក៏​បាន​ត្រៀម​បញ្ចេញ​មូលនិធិ​ជិត ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​សហគ្រាស​ខ្នាត​តូច និង​មធ្យម ហើយ​ឆ្នាំ​ក្រោយ​ក៏​នឹង​បញ្ចេញ​មូលនិធិ​ប្រហាក់ប្រហែល​នេះ​ដែរ ដើម្បី​គាំទ្រ SME ។

លោក​បន្ត​ថា ការ​លូតលាស់​របស់​វិស័យ​ធនាគារ​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ​ក៏​ទទួល​បាន​ដោយសារ​តែ​វិស័យ SME នេះ​ដែរ ក្នុង​នោះ​ធនាគារ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម បាន​បញ្ចេញ​កញ្ចប់ ១០០​លាន​ដុល្លារ​ដើម្បី​ចាក់​បញ្ចូល​ក្នុង​វិស័យ SME ។ ក្នុង​ចំណោម ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ គឺ ៥០​ភាគរយ​ជា​ថវិកា​រាជរដ្ឋាភិបាល និង ៥០​ភាគរយ​ទៀត​គឺជា​ថវិកា​របស់​ដៃគូ​ធនាគារ SME ។ លោក​ថា​៖ «​ក្នុង​ចំណោម​ថវិកា​របស់​ដៃគូ​ធនាគារ SME អេ​ស៊ី​លី​ដា ក៏​បាន​ដាក់​ចូល​ក្នុង​នោះ ២៣​លាន​ដុល្លារ ឬ​ជិត​ពាក់កណ្ដាល​នៃ​ថវិកា​ដៃគូ​សរុប ដូច្នេះ​បាន​បញ្ជាក់​ថា ធនាគារ​អេ​ស៊ី​លី​ដា នៅ​តែ​យកចិត្តទុកដាក់​លើ​វិស័យ SME ជា​វិស័យ​ស្នូល​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​» ។

លោក ជិ​ម តេ​ង ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦ ក្នុង​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា ការ​រីក​ចម្រើន​របស់​សហគ្រាស​របស់​ខ្លួន​ក៏​ដោយសារ​មានការ​គាំទ្រ​ទុន​ពី​ធនាគារ​ក្នុងស្រុក​ផង​ដែរ ។ ដំបូង​លោក​បើក​ជា​រោង​ម៉ាស៊ីន​តូច​ល្មម តែ​នៅ​ពេល​លោក​ស្នើ​សុំ​ឥណទាន​ពី​ធនាគារ​ហើយ​ក៏​មានការ​យល់ព្រម​ពី​ធនាគារ​ទើប​លោក​ពង្រីក​រោង​ម៉ាស៊ីន​កាន់តែ​ធំ និង​ពង្រីក​បាន​ទីផ្សារ​ផ្គត់ផ្គង់​អង្ករ​ទៅ​កាន់​ភ្នំពេញ បាន​កាន់តែ​ច្រើន​ផង​ដែរ ។

លោក​ឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ថ្លែង​ថា ក្នុង​វិបត្តិ​កូ​វី​ដ ១៩ វិស័យ​អ្វី​ក៏​ប៉ះពាល់​ដែរ ហើយ​វិស័យ SME ក៏​ប៉ះពាល់​ដូច​គ្នា តែ​មិនមែន​ប៉ះពាល់​ទាំងស្រុង​លើ​ដំណើរការ​ផលិត​នោះ​ឡើយ ។ ក្នុង​នាម​សម្ព័ន្ធ​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា លោក​ចងឱ្យ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ការ​ហូរ​ចូល​ច្រើន​ពេក​នៃ​ផលិតផល​ដែល​កម្ពុជា​អាច​ផលិត​បាន ។ បើសិនជា​កម្ពុជា​ទប់ស្កាត់​នូវ​ទំនិញ​ដែល​ខ្លួន​អាច​ផលិត នោះ​អ្នក​ផលិត​ក្នុងស្រុក​នឹង​មាន​លទ្ធភាព​និង​ជំរុញ​ការ​ផលិត​ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​និង​អាច​ឈាន​ដល់​ការ​នាំ​ចេញ​បាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ