ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំបិល និង​ផ្កាអំបិល​កំពត​នឹង​ក្លាយជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ និង​មាន​ទីផ្សារ​ពិសេស​នៅ​អឺរ៉ុប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អំបិល និង​ផ្កាអំបិល​កំពត​មិនយូរ​នោះ​ទេ វា​នឹង​ក្លាយជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ដែល​មាន​សក្តានុពល និង​មាន​ទីផ្សារ​ពិសេស នៅ​សហគមន៍​អឺរ៉ុប ក្រៅពី​ម្រេច​កំពត ខណៈ​គម្រោង​សិក្សា​ពី​ផលិត​សក្តានុពល​មួយ​នេះ បាន​ចាប់ផ្តើម​ពី​ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ អំបិល និង​ផ្កាអំបិល​កំពត​មិនយូរ​នោះ​ទេ វា​នឹង​ក្លាយជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ដែល​មាន​សក្តានុពល និង​មាន​ទីផ្សារ​ពិសេស នៅ​សហគមន៍​អឺរ៉ុប ក្រៅពី​ម្រេច​កំពត ខណៈ​គម្រោង​សិក្សា​ពី​ផលិត​សក្តានុពល​មួយ​នេះ បាន​ចាប់ផ្តើម​ពី​ឆ្នាំ​២០២០ ដល់​២០២៣ ។

លោក ប៉ែន សុ​ជាតិ អគ្គនាយក​ពាណិជ្ជកម្ម​ក្នុង​ប្រទេស និង​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ឱ្យ​ដឹង នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ​ថា យើង​កំពុង​សិក្សា​អំបិល​និង​ផ្កាអំបិល​កំពត​ដាក់​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ ហើយ​តាម​ទំហំ​នៃ​ការ​សិក្សា​ដែល​យើង​ធ្លាប់​ធ្វើ​លើ​ម្រេច​កំពត ក្រូចថ្លុង​កោះ​ទ្រង់ ការ​សិក្សា​លក្ខណៈ​ទំនិញ​ភូមិសាស្ត្រ​នេះ​យើង​ត្រូវការ​ពេក​យូរ​បន្តិច ។

លោក គូសបញ្ជាក់​ថា​«​ក្រសួងពាណិជ្ជកម្ម កំពុងធ្វើការ​សិក្សា​ទាំង​អំបិល និង​ផ្កាអំបិល​កំពត ព្រោះ​ផ្កាអំបិល និង​អំបិល​កំពត យើង​យល់​ថា មាន​សក្តានុពល​សម្រាប់​សុខភាព​ជាង​អំបិល​រ៉ែ ដែល​ផលិត​នៅ​តាម​ប្រទេស​ផ្សេង​ៗ ។ ផ្កាអំបិល​គេ​អាច​យក​ទៅ​ប្រើ​នៅ​ក្នុង​វិស័យ​ថ្នាំពេទ្យ និង​គ្រឿងសម្អាង​ជាដើម ។ ចំណែក​អំបិល​កំពត​យើង​អាច​ប្រើ​នៅ​ក្នុង​វិស័យ​ម្ហូបអាហារ​» ។

តាម​មន្ត្រី​អ្នកនាំពាក្យ​រូប​នេះ​ថា គម្រោង​មួយ​នេះ​បាន​ចាប់ផ្តើម នៅ​ឆ្នាំ​២០២០​ដល់​២០២៣ ហើយ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​មុន​ការ​កំណត់ បើសិន​បាន​ប្រមូល​ទិន្នន័យ​បាន​ល្អ ហើយ​ផលិតផល​សក្តានុពល​នេះ ជួយ​លើក​កិត្តិយស​របស់​ប្រទេស​ជាតិ ព្រោះ​អំបិល និង​ផ្កាអំបិល​ជា​វត្ថុបំណង​មួយ​យូរ​មក​ហើយ​របស់​ក្រសួងពាណិជ្ជកម្ម​ថា យើង​ចាំបាច់​ជំរុញ​ឱ្យ​មាន​ផលិតផល​ល្អ​ៗ មាន​លក្ខណៈ​ភូមិសាស្ត្រ​សម្រាប់​ទីផ្សារ​អន្តរជាតិ និង​ទីផ្សារ​អឺរ៉ុប​មានការ​ចាប់អារម្មណ៍​ច្រើន​ដូច​ជា​ម្រេច​កំពត​ដែរ ។

លោក ប៉ែន​សុ​ជាតិ លើក​ឡើង​ថា ជា​ធម្មតា​ទំនិញ​ដែល​មាន​លក្ខណៈ​ពិសេស​សម្គាល់​ភូមិសាស្ត្រ​នេះ វា​ជា​ទំនិញ​ល្អ​ដូច​ជា​ម្រេច​កំពត ក្រូចថ្លុង​កោះ​ទ្រង់ តែ​វា​មាន​បរិមាណ​មិន​ច្រើន​ទេ ប៉ុន្តែ​វា​បំពេញ​ឱ្យ​គ្នា ហើយ​តម្លៃ​ក៏​ថ្លៃ​ជាង​ធម្មតា ។ អីចឹង​ហើយ​វា​បំពេញ​ទៅ និង​តម្រូវការ​របស់​ទីផ្សារ​ពិសេស​ណាមួយ ។ ទោះបី​យើង​លក់​ឱ្យ​ទីផ្សារ​ពិសេស​ក្តី តែ​យើង​ត្រូវការ​តែ​រក្សា​និរន្តរភាព​នៃ​ការ​ផ្គត់ផ្គង់​ដែរ អីចឹង​យើង​ត្រូវការ​អ្នកចូលរួម​ផលិត​គោរព​ទៅ​តាម​សៀវភៅ​បន្ទុក​របស់​ទំនិញ ។

លោក ប៉ែន​សុ​ជាតិ អគ្គនាយក​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​មាន​ប្រសាសន៍​ថា «​លក្ខណៈ​ពិសេស​អំបិល និង​ផ្កាអំបិល​នេះ វា​ល្បី​នៅ​ក្នុង​ស្រទាប់​ភោ​ជ​ណី​យ​ដ្ឋា​ន​ធំ​ៗ ហើយ​យើង​សង្ឃឹមទុក​ថា ផ្កាអំបិល​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ពី​មនុស្ស​មួយ​ចំនួន​រួច​មក​ហើយ​លើ​ឆាក​អន្តរជាតិ​ក៏​អាច​ក្លាយជា​ការ​ចាប់អារម្មណ៍​មួយ​សម្រាប់​ទីផ្សារ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ ។

ការ​រំពឹង​ទុក​វា​មាន​លក្ខណៈ​ខ្ពស់​សម្រាប់​ទំនិញ​ប្រភេទ​នេះ ហើយ​បើ​យើង​ធ្វើ​បាន​សម្រេច​ទៅ​តាម​ការ​គ្រោង​ទុកដូចជា​ទំនិញ​ស្ករត្នោត​កំពង់ស្ពឺ ម្រេច​កំពត ក្រូចថ្លុង​កោះ​ទ្រង់ នោះ​អំបិល​ឬ​ផ្កាអំបិល​របស់​យើង​នឹង​ក្លាយជា​ទំនិញ​មានការ​ចាប់អារម្មណ៍​មួយ​ពី​ទីផ្សារ​ពិសេស ដូច​ជា​នៅ​សហគមន៍​អឺរ៉ុប ក្រុម​សមាគម​ចុងភៅ​ធំ​ៗ​ដែល​គេ​ចាប់អារម្មណ៍​ថា​អំបិល​ឬ​ផ្កាអំបិល​នេះ​ប្រើ​ទៅ​មាន​រសជាតិ​ឆ្ងាញ់ ជា​អំបិល​ល្អ សម្រាប់​ដែល​ទទួល​អាហារ​នៅ​ក្នុង​ហាង​របស់​ពួក​គេ​ឬ​អ្នក​ដែល​បាន​ទិញ​យក​ទៅ​ប្រើ​នៅ​ក្នុង​ផ្ទះបាយ​របស់​គេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ