រាជធានីភ្នំពេញ ៖ ភ្លាមៗក្រោយពីមានម្ចាស់ចំការស្វាយមួយចំនួនបានត្អូញត្អែរ និងផ្ញើសារចំៗទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ រឿងរ៉ាវតម្លៃផ្លែស្វាយចុះថោកខ្លាំងពិបាកនឹងទទួលយកបាននោះ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំក្រសួងបានបកស្រាយថា ការពិតទៅនាដើមឆ្នាំនេះ ផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែចាប់ពីដើមខែកុម្ភៈមកទល់បច្ចុប្បន្ននេះ តម្លៃផ្លែស្វាយកំពុងមានការធ្លាក់ចុះដោយសារជារដូវកាលប្រមូលផលផ្លែស្វាយនៅកម្ពុជា និងនៅប្រទេសផ្សេងៗ ដែលបណ្តាលឲ្យមានបរិមាណផ្លែស្វាយជន់ច្រើនលើសលប់នៅលើទីផ្សារ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចទូទៅកំពុងស្ថិតនៅក្រោមឥទ្ធិពលអវិជ្ជមាននៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
ការបញ្ជាក់របស់ក្រសួងធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពីថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញនេះមានម្ចាស់ចំការស្វាយមួយចំនួនបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក និងបានចោទជាសំណួរទៅកាន់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទថា តម្លៃស្វាយកែវរមៀតបានត្រឹមតែ២០០រៀលក្នុងមួយគីឡូក្រាម ចឹងតើគួរលក់ ឬគួរចាំទៀត ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី២៣ ខែកុម្ភៈ បានលើកឡើងថា ក្រសួងកសិកម្មកំពុងខិតខំស្វែងរកទីផ្សារផលិតផលផ្លែស្វាយទៅចិន កូរ៉េ ជប៉ុន ។ ក្រសួងបានបន្តថា បន្ទាប់ពីផលិតផលផ្លែស្វាយធ្លាក់ថ្លៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានខិតខំស្វះស្វែងរកទីផ្សារសម្រាប់ផលិតផលផ្លែស្វាយសំខាន់ៗ តាមរយៈការចរចាលើវិធានបច្ចេកទេសអនាម័យ និងភូតគាមអនាម័យជាមួយបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសកូរ៉េ ប្រទេសចិន និងប្រទេសជប៉ុន ជាដើម ។ ក្រសួងកសិកម្មទទួលស្គាល់ថា តម្លៃផលិតផលកសិកម្ម រួមទាំងផ្លែស្វាយមានការប្រែប្រួលឡើងចុះមិនទៀងទាត់តាមរដូវកាល និងអាស្រ័យលើទំហំនៃការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ ។
ក្រសួងកសិកម្មបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា «ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់តម្លៃផលិតផលផ្លែស្វាយនៅលើទីផ្សារ និងបង្កើនប្រាក់ចំណេញជូន អ្នកផលិត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំស្វះស្វែងរកទីផ្សារសម្រាប់ផលិតផលផ្លែ ស្វាយសំខាន់ៗ តាមរយៈការចរចាលើវិធានបច្ចេកទេសអនាម័យ និងភូតគាមអនាម័យជាមួយបណ្តាប្រទេសមានសក្តានុពលមួយចំនួន ដូចជា ប្រទេសកូរ៉េ ប្រទេសចិន និងប្រទេសជប៉ុន ជាដើម ។
ការសម្រេចបាននូវការព្រមព្រៀងគ្នាជាមួយប្រទេសកូរ៉េស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមការនាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសកូរ៉េតាំងពី ខែមករា ឆ្នាំ២០២០» ។ ដោយឡែក ការចរចាជាមួយប្រទេសចិនសម្រេចបាននូវការព្រមព្រៀងគ្នាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ នៅខែមិថុនា ឆ្នាំ២០២០កន្លងមក ក៏ប៉ុន្តែដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រោងចក្រប្រព្រឹត្តិកម្មសម្លាប់ ពងរុយចោះ ផ្លែស្វាយ ដែលវិនិយោគដោយផ្នែកឯកជន មានការយឺតយ៉ាវដោយសារឥទ្ធិពលនៃការរីករាលដាលនៃ ជំងឺកូវីដ -១៩ ។
ដើម្បីរក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវ ម្តងម្តងទៀតដល់អ្នកដាំដុះដំណាំស្វាយទាំងអស់ ត្រូវធ្វើការចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញនៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ ព្រមទាំងរៀបចំចងក្រងជាបណ្តុំអាជីវកម្មស្វាយ សម្រាប់ទំនាក់ទំនងជាមួយ ក្រុមហ៊ុនក្នុង និងក្រៅស្រុក ដើម្បីចុះកិច្ចសន្យាប្រមូលទិញធ្វើការកែច្នៃនិងនាំចេញ ។
សូមជម្រាបថា មួយរយៈពេលនេះ ផលិតផលស្វាយមានការធ្លាក់ថ្លៃចុះយ៉ាងខ្លាំង រហូតធ្វើឲ្យអ្នកផលិតខាតច្រើនហើយអ្នកខ្លះមិនបេះថែមទៀត ដោយលក់មិនគ្រាន់នឹងថ្លៃឈ្នួលផង ៕
ចែករំលែកព័តមាននេះ