ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកក្រ​លក់ដូរ​នៅ​ផ្សារ​សោម​ចិន កំពុង​ខឹង​រឿង​បាត់បង់​ទីតាំង​អង្គុយ​លក់

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អ្នក​លក់ដូរ​នៅ​ផ្សារ​សោម​ចិន រអ៊ូរទាំ​រឿង​រក​កន្លែង​លក់​មិន​បាន ព្រោះតែ​គេ​យក​ដី​ផ្សារ​ធ្វើ​តូប​អស់ ។ ហើយ​អ្នកលក់​កំប៉ិកកំប៉ុក​ដែល​មក​ពី​ឃុំ​នានា​ក្នុងស្រុក​កំពង់ត្រាច ក៏​តែងតែ​នាំ​គ្នា​យក​បន្លែ និង​នំ ត្រី…

ខេត្តកំពត ៖ អ្នក​លក់ដូរ​នៅ​ផ្សារ​សោម​ចិន រអ៊ូរទាំ​រឿង​រក​កន្លែង​លក់​មិន​បាន ព្រោះតែ​គេ​យក​ដី​ផ្សារ​ធ្វើ​តូប​អស់ ។ ហើយ​អ្នកលក់​កំប៉ិកកំប៉ុក​ដែល​មក​ពី​ឃុំ​នានា​ក្នុងស្រុក​កំពង់ត្រាច ក៏​តែងតែ​នាំ​គ្នា​យក​បន្លែ និង​នំ ត្រី សាច់​ផ្សេង​ៗ​មក​លក់​នៅ​ផ្សារ​សោម​ចិន​នេះ ស្ថិត​នៅ​ចំណុច​ត្រង់​ផ្លូវថ្នល់​បំបែក​ជា​៣ ក្នុងភូមិ​បឹង​ធំ ឃុំ​អង្គ​សូរ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។

ហើយ​ផ្សារ​សោម​ចិន​នេះ មិនមែន​ជា​ដី​ផ្សារ​ធំ​នោះ​ទេ ចំណែក​អ្នក​លក់ដូរ​ក៏​មិន​បាន​លក់​ពេញ​មួយ​​ថ្ងៃ​ដែរ គឺ​លក់ដូរ​តែ​២​ទៅ​៣​ម៉ោង​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​អស់​អ្នកទិញ​។ ហើយ​អ្នក​លក់​ដូរ​ជា​ច្រើន​នាក់​ក៏​មិន​ហ៊ាន​ចេញ​មុខ​ឱ្យ​អ្នក​យក​ព័ត៌មាន​ថតរូប​ភាព​ទេ ប៉ុន្តែ​អ្នក​លក់ដូរ​ទាំងនោះ សុទ្ធតែ​មានចិត្ត​ខឹង និង​នាំ​គ្នា​និយាយ​ថា ផ្សារ​តា​សោម​ចិន​តូច​ចង្អៀត ហើយ​មាន​អ្នក​យក​ដី​ផ្សារ​ធ្វើ​តូប​ធំ​ៗ ថែម​ទាំង​ទៅ​លក់​ពីមុខ​តូប​ពួក​គាត់ ដើម្បី​មិន​ឱ្យ​ពួក​គាត់​លក់​។ ហើយ​បើសិនជា​ពួក​គាត់​នាំ​គ្នា​ចូល​ទៅ​លក់​នៅ​ខាងក្នុង​ជ្រៅ​ពេក ច្បាស់​ជា​គ្មាន​អ្នក​ណា​ចូល​ទៅ​ទិញ​នោះ​ទេ​។

ក្រោយមក​អ្នក​លក់ដូរ​ទាំងនោះ ក៏​នាំ​គ្នា​ចេញ​មក​លក់ដូរ​នៅ​មុខ​មណ្ឌល​សុខភាព​អង្គ​សូរ​ភី តែ​លក់ដូរ​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​អ្នកគ្រប់គ្រង​នៅ​មណ្ឌល​សុខភាព​ធ្វើ​របង​ដាក់​សំណាញ់​ងាយស្រួល​បិទ​បើក ដោយ​មិន​ឱ្យ​អ្នក​លក់ដូរ​បន្ត​លក់​នៅ​ខាង​មុខ​មណ្ឌល​ជាប់​នឹង​ផ្លូវជាតិ​លេខ​៣៣ ទៅ​កំពង់ត្រាច​នោះ​ឡើយ​។

ស្រប​ពេល​នោះ ក៏​មាន​អ្នកគ្រូ​ពេទ្យ​ម្នាក់​បាន​ចេញ​មុខ​មក​អះអាង​ប្រាប់​ដែរ​ថា ពួក​អ្នក​លក់ដូរ​ទាំងនោះ គឺ​លក់ដូរ​ហើយ ថែម​ទាំង​ចោល​សំរាម​រាយ​ប៉ាយ​ពេញ​មុខ​មណ្ឌល ទើប​គ្រូពេទ្យ​ចំណាយ​លុយ​ធ្វើ​របង​បាំង​មិន​ឱ្យ​អ្នក​លក់ដូរ​បន្ត​ចូល​ទៅ​លក់​នៅ​មុខ​មណ្ឌល​ទៀត​ទេ​។

លុះ​នៅ​ព្រឹក​មិ​ញ​នោះ​ដែរ គឺ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ នគរបាល​ប៉ុស្តិ៍​អង្គ​សូរ​ភី ក៏​បាន​ចេញ​មក​ប្រាប់​ពលរដ្ឋ​ដែរ​ថា កុំអោយ​ពួក​គាត់​ប្រជ្រៀត​គ្នា​លក់ដូរ​ក្បែរ​បងសំណាញ់​របស់​មណ្ឌល​សុខភាព​អី វា​អាក្រក់​ភ្នែក​មើល​ណាស់​។ ម្យ៉ាងទៀត ខ្លាច​នឹង​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​។

សូម​បញ្ជាក់​ថា ផ្សារ​សោម​ចិន​នេះ កាលពី​៤០​ឆ្នាំ​មុន ឯកឧត្តម​សោម​ចិន បាន​មក​កាន់​តំណែង​ជា​ចៅហ្វាយ​ខេត្តកំពត ហើយ​ដី​នេះ គឺ​មាន​ទំនាស់​គ្នា​មួយ​រវាង​ពលរដ្ឋ និង​ពលរដ្ឋ​ដែល​ចែក​គ្នា​មិន​ដាច់​សោះ ទើប​ឯកឧត្តម​បាន​ដក​យក​ដី​ដែល​មាន​ជម្លោះ​នោះ​មក​ទុកជា​កន្លែង​ផ្សារ​ឱ្យ​ប្រជា​ពល​រដ្ឋ​លក់ដូរ​មក​ទាល់​សព្វ​ថ្ងៃនេះ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ