រាល់ការងារទាំងឡាយរមែងមានឧបសគ្គរារាំងជានិច្ច អ្នកមានការយល់ដឹងខ្ពស់តែងមានសេចក្តីព្យាយាមមិនដាក់ធុរៈឡើយ ខំឈ្មុសឈ្មុលរកវិធីសាស្ត្រដោះស្រាយបញ្ហានោះរហូតទទួលបានលទ្ធផលល្អ ។
តាមពិតទៅ ការងារ ឬរឿងរ៉ាវអ្វីផ្សេងៗ មិនមែនចេះតែលំបាកដូចយើងគិតនោះឡើយ នេះបើយើងមិនខ្លាចឧបសគ្គទេនោះ ។ ឧបសគ្គ ប្រៀបដូចជាភ្លើងលត់ដែកឱ្យរឹតតែរឹងដូច្នោះដែរ មានន័យថា ឧបសគ្គធ្វើឱ្យមនុស្សដែលមានមនសិការចេះតស៊ូក្នុងជីវិត ធ្វើឱ្យមនុស្សកាន់តែរឹងមាំ បើយើងមិនទម្លាក់ចោលក្នុងការតតាំងជម្នះរាល់ឧបសគ្គនោះទេ ។
តាមធម្មតា ឧបសគ្គរមែងមកដល់មុន ឯសេចក្ដីសម្រេចនឹងមកតាមក្រោយ នោះបើយើងមានព្យាយាមធ្វើកិច្ចការនោះៗ ដែលអាចនិយាយបានថា ឧបសគ្គនាំសេចក្ដីសម្រេចមកប្រគល់ឱ្យក៏បានដែរ ។
ដូចបរមសុខ ព្រះនិព្វានអ៊ីចឹង បើមិនមានវដ្ដៈជាសង្សារទុក្ខទេ, តើនឹងមានសេចក្ដីសម្រេចមកពីណា ប៉ុន្តែត្រូវអប់រំ ចម្រើន អរិយមគ្គទើប បានសម្រេចព្រះនិព្វាន ។ សង្សារទុក្ខជាឧបសគ្គ ឯការសម្រេចផលបានដល់ព្រះនិព្វានកើតមកអំពីសេចក្តីព្យាយាម ៕ សាន សារិន
ចែករំលែកព័តមាននេះ