ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​ថា​ព្រះពុទ្ធ​សាសនា

3 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​មាន​ន័យ​ទូលំទូលាយ​ណាស់​ដែល​ពុទ្ធមាមកជន​ឈ្វេងយល់​នូវ​ចំណុច​សំខាន់​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ។ ១-​ព្រះពុទ្ធ​សាសនា គឺជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ទ្រង់​សម្តែង​កាលពី​ជាង​២៥០០​ឆ្នាំ​កន្លង​ទៅ ។ ២-​ព្រះពុទ្ធ​សាសនា សំដៅ​ដល់​ចតុ​រា​រិ​យ​សច្ចៈ​ពោល​គឺ ទុក្ខ​សច្ចៈ សមុទយ​សច្ចៈ…

ព្រះពុទ្ធ​សាសនា​មាន​ន័យ​ទូលំទូលាយ​ណាស់​ដែល​ពុទ្ធមាមកជន​ឈ្វេងយល់​នូវ​ចំណុច​សំខាន់​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ។

១-​ព្រះពុទ្ធ​សាសនា គឺជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ទ្រង់​សម្តែង​កាលពី​ជាង​២៥០០​ឆ្នាំ​កន្លង​ទៅ ។

២-​ព្រះពុទ្ធ​សាសនា សំដៅ​ដល់​ចតុ​រា​រិ​យ​សច្ចៈ​ពោល​គឺ ទុក្ខ​សច្ចៈ សមុទយ​សច្ចៈ និរោធ​សច្ចៈ និង​មគ្គ​សច្ចៈ ។

៣- ព្រះពុទ្ធ​សាសនា សំដៅ​ដល់​បរិយត្តិ​ធម៌​ពោល​គឺ​ព្រះ​ត្រៃ​បិដក ដែល​ផ្ទុក​ដោយ​ព្រះធម៌​ទាំង​៨​ម៉ឺន​៤​ពាន់​ព្រះ​ធម្មក្ខន្ធ​របស់​ព្រះ​ស្រី​សក្យមុនី សម្មាសម្ពុទ្ធ ។

៤- ព្រះពុទ្ធ​សាសនា សំដៅ​ដល់​បដិបត្តិ​ធម៌​ពោល​គឺ ត្រៃសិក្ខា សីល​, សមាធិ​, បញ្ញា ។

៥- ព្រះពុទ្ធ​សាសនា សំដៅ​ដល់​ប​ដិ​វេ​ធ​ធម៌​ពោល​គឺ នវ​លោកុត្តរធម៌​គឺ មគ្គ​៤ ផល​៤ និព្វាន​១ សោតាបត្តិមគ្គ​១ សកទាគាមិមគ្គ​១ អនាគាមិមគ្គ​១ អរហត្តមគ្គ​១ រួម​ជា​មគ្គ​៤ និង​សោតាបត្តិផល​១ សកទាគាមិផល​១ អនាគាមិផល​១ អរហត្តផល​១ រួម​ជា​ផល​៤ និង​ព្រះ​និព្វាន​១ ជា លោកុត្តរធម៌​៩ ឬ​នវ​លោកុត្តរធម៌ ។

៦-​ព្រះពុទ្ធ​សាសនា​សំដៅ​ដល់​ធុរៈ​ទាំង​២ គឺ​គន្ថធុរៈ និង​វិបស្សនាធុរៈ ។

៧- ព្រះពុទ្ធ​សាសនា​សំដៅ​ដល់​សេចក្ដី​ពិត​នៅ​ក្នុង​ធម្មជាតិ ឬ​ហៅ​ថា​សច្ចធម៌ ច្បាប់ធម្មជាតិ ដែល​ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​ត្រាស់​ដឹង​ហើយ​ទ្រង់​លើកយក​មក​សម្តែង​លាតត្រដាង​ដល់​សត្វលោក ពោល​គឺ​មនុស្ស​និង​ទេវតា​ឱ្យ​បដិបត្តិ​តាម​ដើម្បី​សម្រេច​បាន​នូវ​មោក្ខធម៌​ពោល​គឺ ព្រះ​និព្វាន ជាទី​រលត់​ទាំងស្រុង​នៃ​វដ្តទុក្ខ ។

៨-​ព្រះពុទ្ធ​សាសនា​សំដៅ​ដល់​ពុទ្ធោវាទ​៣​ប្រការ​គឺ ១-​សព្វ​បាប​ស្ស អករ​ណំ កិរិយា​មិន​ធ្វើ​បា​ប​​ទាំងពួង ២-​កុសល​ស្សូប​សម្បទា កិរិយា​បំពេញ​នូវ​អំពើ​ជា​កុសល ៣-​ស​ចិត្ត​បរិ​យោ​ទ​ប​នំ កិរិយា​សម្អាតចិត្ត​ឱ្យ​ផូរផង់​ចាក​គ្រឿង​សៅហ្មង​នៃ​ចិត្ត​ពោល​គឺ លោភៈ ទោសៈ និង​មោហៈ ។ ឯ​តំ ពុទ្ធា​ន សាស​នំ ទាំងនេះ​គឺជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ ។

៩- ព្រះពុទ្ធ​សាសនា គឺ​សំដៅ​ដល់​សេចក្ដី​មិន​ធ្វេសប្រហែស​ក្នុង​កុសលធម៌ និង​ជីវិត ។

ទាំង​៩​ចំណុច​នេះ​ជា​ខ្លឹមសារ​រួម​នៃ​ពាក្យ​ថា ព្រះពុទ្ធ​សាសនា​ដែល​បរិស័ទ​អ្នក​គោរព​ព្រះពុទ្ធ​សាសនា​គួរ​ឈ្វេងយល់ ដើម្បី​ជា​វត្តប្រតិបត្តិ​តទៅ​ទៀត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ