ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​កណ្តាល​ស្រះស្រង់ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការហើយ​​

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​សៀម​រា​ប ៖ ​ប្រាសាទ​កណ្តាល​ស្រះ​ស្រង់ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​លោក​ជំទាវ ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​សម្តេចតេជោ​ ហ៊ុន…

ខេត្ត​សៀម​រា​ប ៖ ​ប្រាសាទ​កណ្តាល​ស្រះ​ស្រង់ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​លោក​ជំទាវ ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​សម្តេចតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ត្រី​រាជរដ្ឋាភិបាល អាជ្ញាធរ​ខេត្ត ព្រមទាំង​មន្ត្រី និង បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផង​ដែរ​។

ពិធី​សម្ពោធ​នេះ​​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ប្រាសាទ​កណ្តាល​ស្រះស្រង់ ស្ថិត​ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាប​។

«​ការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះ ស្រង់​» សាងសង់​នៅ​លើ​ផ្ទៃដី​រាបស្មើ​មាន​បណ្តោយ​ទំហំ ៧៩០​ម៉ែត្រ ពី​ទិស​ខាង​កើត​ទៅ​ខាងលិច និង​មាន​ទទឹង​ប្រវែង៣៩០​ម៉ែត្រ ពី​ខាងជើង​ទៅ​ខាង​ត្បូង ព្រមទាំង​មាន​រានហាល​នៅ​ច្រាំង​ខាងលិច ដែល​ស្ថិត​នៅ​ចំ​អ័ក្ស​លិច​-​កើត​របស់​ប្រាសាទបន្ទាយក្តី​ផង​ដែរ​។ នៅ​ចំ​កណ្តាល​ស្រះ​មាន​ប្រាសាទ​មួយ​សាងសង់​ឡើង​អំពី​ថ្មភក់ លើ​ខឿន ថ្មបាយក្រៀម​ប្រាំ​ថ្នាក់​។

តាម​រយៈ​ឯកសារ​ប្រវត្តិ​ជា​ច្រើន​បាន​សរសេរ​ថា ស្រះស្រង់​បាន​សាងសង់​ឡើង​នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​(៩៤៤​ដល់ ៩៦៨) ដែល​ក្នុង​ឆ្នាំ​៩៥២ មាន​មន្ត្រីជាន់ខ្ពស់ ជេ​ន្ទ្រ​វរ្ម័ន​ទី​២ នា​ពាក់កណ្តាល​សតវត្សរ៍​ទី​១០ (​គ​.​ស ខាង​ពុទ្ធសាសនា​ឈ្មោះ Kavindrarimathana ដោយ មានគំនិត​ស្ថាបត្យកម្ម​ខ្មែរ បាន​ផ្តួចផ្តើម​ជីក​ស្រះ​នេះ​ឡើង ហើយ​បន្ទាប់ មក​ត្រូវ​បាន​កែ​លម្អ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន ទី​៧​នៅ​សតវត្សរ៍​ទី​១២ (​គ​.​ស​.១១៨១ ដល់ ១២១៨) ដើម្បី​ឧទ្ទិស​ដល់​ពុទ្ធសាសនា​។

ការ​ឯកសារ​សិក្សា​ស្រាវជ្រាវ​ចាស់​ៗ ដែល​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​ប្រាសាទ​កណ្តាល​ស្រះស្រង់​នេះ​មាន តិចតួច​បំផុត​។

នៅ​ឆ្នាំ​១៩១៨ លោក Henri Marchal បាន​ទៅ​ពិនិត្យ​រចនាសម្ព័ន្ធ​ប្រាសាទ​កណ្តាល​ស្រះស្រង់ ដែល​នៅ​លើ​កូន​កោះ​នោះ​មាន​សំណង់​ថ្មបាយក្រៀម​ទ្រ​ថ្មភក់​ពីរ​បី​ដុំ​ស្ថិត​នៅ​ទីតាំង​ដើម រីឯ​ថ្មភក់​ដ៏​ទៃ​ផ្សេង​ទៀត​បាន​ដួល​រលំ​ ។ ​ប្រាំពីរ​ឆ្នាំ​ក្រោយមក គាត់​បាន​ត្រលប់​មក​ប្រាសាទ​នេះ ដើម្បី​សិក្សា​ពី​សំណល់ ថ្មបាយក្រៀម និង​ថ្ម ភក់​ម្តងទៀត ហើយ​គាត់​សង្កេត ឃើញ​ថា​ក្រៅពី​ថ្មបាយក្រៀម និង​ថ្មភក់ ដែល​ស្ថិត​នៅ​រាយ​ប៉ាយ​នោះ នៅ​មាន
សំណង់​ថ្មបាយក្រៀម​ដែល​នៅ​រក្សា​ជំហរ​បាន​ល្អ បើ​ទោះបីជា​សំណង់​នោះ​បាន​សឹក​រិច​រិល​ខ្លាំង​ពិបាក​មើលរូប​រាង​ដើម​ក៏​ដោយ ​។​

ក្រោយមក​ក្នុង​ខែឧសភា ឆ្នាំ​១៩៣២ លោក​Henri Marchal បាន​ទៅ​ថតរូប ស្ថានភាព​ប្រាសាទ ហើយ​គាត់​សង្កេត ឃើញ​មាន​សំណង់​ថ្មបាយក្រៀម​ទ្រ​ថ្មភក់​កម្ពស់​១,៣០​ម៉ែត្រ និង​ថ្ម​ដែល​ផ្សេង​ទៀត​បាន​រលំ​ខ្នាត ចេញពី​អង្កត់ផ្ចិត​ទួល​ចម្ងាយ​ប្រមាណ​ពី​៥ ទៅ ៦ ម៉ែត្រ​ជុំវិញ​។

ដោយ​គេ​សង្កេត​ឃើញ​រចនាសម្ព័ន្ធ​ប្រាសាទ​ដួល​រលំ​ស្ទើរ​ទាំងស្រុង និង​ស្ថានភាព​ថ្មី​មាន​សភាព​ពុក​ផុយ អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើការ​សិក្សា​គម្រោង​ជួសជុល​ប្រាសាទ​នេះ​ឱ្យ​មាន​រូបរាង​ឡើង វិញ ដើម្បី​ថែរក្សា និង​លើក តម្លៃ​ប្រាសាទ​ឲ្យ​បាន​រឹង​មាំ គង់វង្ស យូរអង្វែង ។ គម្រោង​នេះ​បាន​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​ចំនួន ១៩០០០០ ដុល្លារ អា​មេ​រិ​ក ពី​លោក ស្រី សៀង ចាន់​ហេង អគ្គ​នាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ តាម​រយៈ​ព្រះ សទ្ធម្ម​ប្ប​កាស​នី បណ្ឌិត តាត មហា​ទី ចៅអធិការ​វត្ត​ព្រះ​ឥន្ទ​កោ​សា​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ពិធី​​ក្រុង​​ពលី​បើក​ការដ្ឋាន​ជួសជុល ប្រាសាទ​កណ្តាល​ស្រះស្រង់ ហើយ​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​ទឹក​ស្រក​ទើប​អាច​សាងសង់​ទំនប់​ព័ទ្ធ​ជុំវិញ​ដើម្បី​ធ្វើ ការ​ជុស​ជុល​បាន​។

គម្រោង​ជួសជុល​រចនាសម្ព័ន្ធ​ប្រាសាទ​នេះ យើង​ចាំបាច់​ត្រូវ​ធ្វើការ​សិក្សា​លើ​ឯកសារ​ចាស់​ៗ ការ​ផ្ដុំ​ថ្ម​ប្រាសាទ​ឡើង​វិញ ព្រមទាំង​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​ដើម្បី​ស្វែង​យល់ និង​កំណត់​ពី​រូបរាង​ដើម​នៃ​ប្រាសាទ ដោយ​គោរព​តាម​ធម្មនុញ្ញ​អង្គរ​។ ក្នុង​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា យើង​ប្រទះ​ឃើញ​មាន​វត្ថុ​សំខាន់​ៗ​ជា ច្រើន​ដូច​ជា គ្រាប់​កួត​ត្រីសូល៍​ធ្វើ​ពី​លោហៈ អណ្តើក​ថ្ម ក្បាល​នាគ ជាដើម ដែល​វត្ថុ​បុរាណ​ទាំងនោះ​ត្រូវ​បាន​យក ទៅ​រក្សា​ទុក​បាន​យ៉ាង​ត្រឹមត្រូវ និង​ដាក់​តាំង​បង្ហាញ​ជូន​សាធារណជន​ទស្សនា​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហ​នុ អង្គរ​ខេត្តសៀមរាប​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមការងារ​ជួស ជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​នេះ បាន​ចាប់ផ្តើម​នា​ដើមឆ្នាំ​២០២០ ដោយ​អ្នក​ជំនាញ​ជាតិ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​បាន​បញ្ចប់​ទាំងស្រុង ដោយ​ប្រើ​រយៈពេល​១២​ខែ​ប៉ុណ្ណោះ ទើប​សាងសង់​រួច​ជា​ស្ថា​ពរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ