ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើកត្តាអ្វីខ្លះ ដែលរារាំអ្នកមិនឱ្យមានទម្លាប់ក្នុងការអាន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ប្រទេស​ជឿនលឿន​ប្រជាជន​គេ​ម្នាក់​ៗ​អាន​សៀវភៅ​ចប់​រាប់រយ​ក្បាល​ក្នុង​មួយ​ឆ្នាំ​ៗ ​។ មិន​ថា ​នៅ​ហាង​កាហ្វេ ហាង​អាហារ ទី​សាធារណៈ ឬ​ការ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​នោះ​ទេ ពួក​គេ​តែងតែមាន​ទម្លាប់​អាន​ជា​និច្ច​…

រាជធានី​ភ្នំពេញ ៖ នៅ​ប្រទេស​ជឿនលឿន​ប្រជាជន​គេ​ម្នាក់​ៗ​អាន​សៀវភៅ​ចប់​រាប់រយ​ក្បាល​ក្នុង​មួយ​ឆ្នាំ​ៗ ​។ មិន​ថា ​នៅ​ហាង​កាហ្វេ ហាង​អាហារ ទី​សាធារណៈ ឬ​ការ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​នោះ​ទេ ពួក​គេ​តែងតែមាន​ទម្លាប់​អាន​ជា​និច្ច​ ។ ទម្លាប់​អាន​នៅ​គ្រប់​ទីកន្លែង​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​គេ​មានចំណេះ​ដឹង​ជ្រៅជ្រះ យល់​ដឹង​ទូលំទូលាយ មានការ​គិត​ស៊ីជម្រៅ និង​មាន​សុភនិច្ឆ័យ​ខ្ពស់ ​។ ការណ៍​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ប្រទេស​គេ​មានការ​អភិវឌ្ឍ ជឿនលឿន​ទៅ​មុខ​ខ្លាំង​ ។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mengly J. Quach Education បាន​ថ្លែង​ថា ៖ «​មែនទែន​ទៅ ប្រជាជន​ខ្មែរ​យើង​ពុំ​ទាន់​មាន​ទម្លាប់​អាន​សស្រាក់សស្រាំ ដូច​ប្រទេស​ជឿនលឿន​នៅឡើយ​ទេ ​។ កុំ​ថា​ឡើយ​ប្រជាជន​ដែល​ពុំ​ទទួល​បានការ​អប់រំ​ខ្ពង់ខ្ពស់ សូ​ម្បី​និស្សិត​បរិញ្ញាបត្រ​ខ្លះ អាន​សៀវភៅ​មិន​ទាន់​ចប់​មួយ​ក្បាល​ស្រួលបួល​ផង​ក៏​មាន​ដែរ ​។ ហើយ​បើសិនជា​អាន ក៏​ដោយសារ​ពួក​គាត់​ចៀស​ពុំ​បាន ដ្បិត​ជា​មេរៀន​ដែល​សាលា​តម្រូវ​ឱ្យ​អាន​ ។ ពួក​គាត់​អាន​តែ​មួយ​កូន​រង្វង់​មេរៀន ​។ ជួនកាល​និស្សិត​ខ្លះ​អាន​សៀវភៅ​តែ​ពេល​កៀក​ប្រឡង​ក៏​មាន​ដែរ​ ។ ការណ៍​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មើលឃើញ​ញ​ថា គេ​កម្រ​អាន ហើយ​បើ​អាន ក៏​កម្រ​ស្រាវជ្រាវ​អ្វី​ៗ​នៅ​ក្រៅ​សាលា​ណាស់​ដែរ​»​ ។

លោក​បាន​បន្ត​ថា ម្ល៉ោះហើយ​ទើប​ពួក​គាត់​មួយ​ចំនួន​ដែល​ពុំ​ចូល​ចិត្ត​អាន​នោះ ប៉ិន​តែ​ខាង​ប៉ប៉ាច់ប៉ប៉ោច​ឥត​សាច់​ការ​ ។ អ្នកខ្លះ ការ​វិនិច្ឆ័យ​របស់​ពួក​គាត់​មើលឃើញ​សើរ​ៗ និយាយ​ឱ្យ​តែ​រួចពីមាត់​ ។ បើ​បញ្ញវន្ត​មួយ​ចំនួន​សុទ្ធតែ​ជា​បញ្ញវន្ត​ក្លែងក្លាយ​បែប​នេះ តើ​ប្រទេស​ជាតិ​រំពឹង​អ្វី ? បើ​យុវជន​ភាគច្រើន​សុទ្ធតែ​ជា​ទំពាំង​ស្អុយ​បែប​នេះ តើ​ប្រទេស​ជាតិ​អភិវឌ្ឍ​ជឿនលឿន​ទៅ​មុខ​ម៉េច​នឹង​កើត ? ក៏​ប៉ុន្តែ បើ​បន្ទោស​ពួក​គាត់​ទាំងស្រុង​ក៏​មិន​ត្រឹមត្រូវ​ដែរ ព្រោះ​ជួនកាល​ពួក​គាត់​ចង់​អាន តែ​គ្មាន​ឯកសារ​ជា​ភាសា​ខ្មែរ​អាន ដ្បិត​នៅ​សាកលវិទ្យាល័យ​សម្បូរ​តែ​ឯកសារ​ជា​ភាសាបរទេស​ ។

បើ​យើង​សម្លឹង​ត្រឡប់​ទៅ​មើល​តាម​ភូមិ​ស្រុក​យើង​វិញ យើង​កម្រង​សង្កេត​ឃើញ​មានកម្ម​វិធី​បណ្តុះ​ទម្លាប់​អាន​នេះ​ណាស់ រាប់​ចាប់តាំងពី​ថ្នាក់​បឋម រហូត​ដល់​ចប់​បាក់​ឌុ​ប ​។ សាលា​ខ្លះ​មាន​បណ្ណាល័យ​ដែរ តែ​ជួន​ក៏​បិទទ្វារ​ទៅ​ទៀត ​។ ម្លោះ​ហើយ ទម្លាប់​អាន​ដែល​គួរ​បណ្តុះ​តាំងពី​តូច​ក្រូចឆ្មារ​មក​នោះ ក៏​ពុំ​មាន​ច្បាស់លាស់ ខណៈ​យើង​ចូល​មក​ដល់​យុគសម័យ​ឌី​ជី​ថ​ល​ទៅ​ទៀត ​។ សិស្ស​និស្សិត​ភាគច្រើន​វក់​នឹង​សម្ភារៈ​ឌី​ជី​ថ​ល រឹតតែ​ឆ្ងាយ​ហៅ​លេង​ឮ​ពី​សៀវភៅ ពី​បណ្ណាល័យ ​។ រហូត​មាន​សិស្ស និស្សិត ឬ​បុគ្គល​ខ្លះ ត្រឹម​ទិញ​សៀវភៅ​ទៅ​តាំង​លម្អ​ក្នុងផ្ទះ​ទៅ​វិញ​ក៏​មាន​ដែរ​ ។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត បាន​មើលឃើញ​ថា មាន​មូលហេតុ​ធំ​ៗ ៧ ដែល​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​មិន​ចូល​ចិត្ត​អាន​ ។ មូលហេតុ​ទាំងនោះ​រួម​មាន ​៖

ទី​១) អត់​ចេះអក្សរ ៖ ប្រជាជន​មួយ​ចំនួន​គ្មាន​ឱកាស​បាន​រៀនសូត្រ​ជ្រៅជ្រះ​ទេ ព្រោះ​វ័យ​សិក្សា​រៀនសូត្រ​របស់​ពួក​គាត់​ត្រូវ​បំផ្លាញ​ដោយ​ពួក ប៉ុ​ល ពត ខណៈ​អ្នកខ្លះ​ទៀត​គ្មាន​លទ្ធភាព​ទៅ​រៀន ​។ ដូច្នេះ បើ​ទោះជា​ពួក​គាត់​ចង់​អាន​ក៏​អាន​មិនកើត​ដែរ ព្រោះ​ពួក​គាត់​អាន​មិន​រួច មើល​អក្សរ​មិន​ដាច់ ​។

ទី​២) ខ្វះ​ថាមពល ៖ ការ​ហូប​ចុក​មិន​គ្រប់​ជីវជាតិ​ឬ​ខ្វះ​វីតាមីន នឹង​ធ្វើ​ឱ្យ​យើង​គ្មាន​ថាមពល​ក្នុង​ខ្លួន ​។ បើ​យើង​គ្មាន​ថាមពល​ក្នុង​ខ្លួន ខួរក្បាល​យើង​នឹង​ស្ពឹក ស្ទក់​ៗ គិត​អ្វី​អត់​លះ ពិសេស​នឹង​ធ្វើ​យើង​គ្មាន​អារម្មណ៍​អាន​សៀវភៅ​នោះ​ឡើយ​ ។

ទី​៣) រោគ​ស្ត្រេ​ស ៖ បញ្ហា​ការងារ បញ្ហា​ស្នេហា បញ្ហា​គ្រួសារ បញ្ហា​សង្គម​ជុំវិញ​ ។​ល​។ សុទ្ធតែ​ជា​កត្តា​នាំ​ឱ្យ​យើង​កើតរោគ​ស្ត្រេ​ស​ ។ យើង​អាច​និយាយ​បាន​ថា ពលរដ្ឋ​ខ្មែរ​ស្ទើរតែ​គ្រប់​រូប​ទៅ​ហើយ​ដែល​កើតរោគ​ស្ត្រេ​ស​ ។ ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​សុខភាព​ផ្លូវ​កាយ​និង​សុខភាព​ផ្លូវចិត្ត​ធ្លាក់​ដុនដាប​ចុះ រោគ​ស្ត្រេ​ស​នេះ​ក៏​ធ្វើ​ឱ្យ​យើង​បាត់បង់​ចំណង់​អាន​សៀវភៅ​ផង​ដែរ​ ។

ទី​៤) បញ្ហា​គ្រួសារ ៖ គ្រួសារ​មួយ​ដែល​មានរឿង​ឈ្លោះ​ទាស់ទែង​គ្នា​រាល់ថ្ងៃ វាយតប់​ឬ​ជេរ​បញ្ចោរ​គ្នា​ព្រឹកល្ងាច តើ​សមាជិក​ក្នុង​គ្រួសារ​នោះ​មាន​អារម្មណ៍​អាន​សៀវភៅ​ដែរ​ទេ ? គឺ​គ្មាន​អារម្មណ៍​នោះ​ទេ ​។ សង្គម​ខ្មែរ​យើង​សម្បូរ​អ្នក​ឈ្លោះ​ទាស់ទែង​គ្នា ក្នុង​គ្រួសារ​បែប​នេះ​ខ្លាំង​ណាស់ ជា​ពិសេស​គឺ​ពលរដ្ឋ​ក្រីក្រ​ ។ ប្ដី​ប្រពន្ធ​ខ្លះ​ផឹកស៊ី​ស្រវឹង​អួទីនួ លេងបៀ ចាក់​អាប៉ោង គ្មាន​លស់​ថ្ងៃ ​។ ព្រឹក​ឡើង​ជេរ​គ្នា​កាត់​ព្រលឹម ​។ កូន​ៗ​រស់នៅ​បែកបាក់ រ៉ាត់​រាយ​គ្មាន​ភាព​កក់ក្ដៅ​ពី​ម្ដាយ​ឪពុក ​។ ទិដ្ឋភាព​នេះ​មើលទៅ​គួរ​ឱ្យ​អាសូរ​ខ្លាំង​ណាស់ ​។

ទី​៥) អត្ថន័យ​សៀវភៅ​ជ្រៅ​ពេក ឬ អត្ថន័យ​សៀវភៅ​ស្រាល​ពេក ៖ សៀវភៅ​ខ្លះ​អ្នកនិពន្ធ​សរសេរ​បង្កប់​អត្ថន័យ​ជ្រៅ​ពេក​ធ្វើ​ឱ្យ​អ្នក​អាន​ដែល​មានចំណេះ​ដឹង​ទាប​អាន​មិន​យល់ ​។ ចំណែក​សៀវភៅ​ខ្លះ​ទៀត អ្នកនិពន្ធ​សរសេរ​អត្ថន័យ​ស្រាល​ពេក ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​អាន​ដែល​មានចំណេះ​ដឹង​ខ្ពស់​មិន​ចង់​អាន ​។ ជា​រួម​មក ទាំង​សៀវភៅ​ដែល​មាន​ខ្លឹមសារ​ជ្រៅ​ពេក ទាំង​សៀវភៅ​ដែល​មាន​ខ្លឹមសារ​ស្រាល​ពេក គឺ​សុទ្ធតែ​ជា​កត្តា​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មិន​ចង់​អាន ​។

ទី​៦) គ្មាន​លទ្ធភាព​ទិញ​សៀវភៅអាន ៖ កុំ​ថា​ឡើយ​លទ្ធភាព​ទិញ​សៀវភៅអាន សូ​ម្បី​លទ្ធភាព​ទិញ​អង្ករ​ច្រក​ឆ្នាំង​ ១​ថ្ងៃ ​៣​ពេល ក៏​ពលរដ្ឋ​ខ្មែរ​យើង​មួយ​ចំនួន​នៅ​តែ​ចោទ​ជា​បញ្ហា​នៅឡើយ​ ។ ដូច្នេះ រដ្ឋាភិបាល​គួរតែ​សិក្សា​ចំណុច​នេះ​ឡើង​វិញ ពោល​គឺ​ត្រូវ​បង្កើត​ការងារ​ដែល​ផ្ដល់​ចំណូល​សមរម្យ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​បន្ថែម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​គ្រប់​គ្នា​ ។

ទី​៧) ខ្វះ​ឯកសារ​ឬ​សៀវភៅអាន ៖ ក្រោយ​សង្គ្រាម​ឆ្នាំ ​១៩៧៩​ រលត់​ផុត​ទៅ ឯកសារ​និង​សៀវភៅ​ត្រូវ​បាន​បាត់បង់​ស្ទើរ​ទាំងស្រុង ដោយសារ​ការ​ដុត​បំផ្លាញ​ពី​ពួក ប៉ុ​ល ពត ​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​សង្កេត​ឃើញ​ថា​មានការ​រៀបរៀង ចងក្រង និង​និពន្ធ​សៀវភៅ​ឡើង​វិញ​គួរ​ឱ្យ​កត់សម្គាល់ ​។ បើ​ទោះជា​មានការ​រៀបរៀង ចងក្រង និង​និពន្ធ​ឡើង​វិញ​គួរ​ឱ្យ​កត់សម្គាល់​ក៏​ដោយ​ចុះ ក៏​យើង​នៅ​តែ​ពុំ​ទាន់​មាន​សៀវភៅ​ឬ​ឯកសារ​សម្បូរ​បែប ឆ្លើយ​តប​តាម​សេចក្ដី​ត្រូវការ​ចំពោះ​អ្នក​សិក្សា អ្នក​ស្រាវជ្រាវ ឬ​អ្នក​អាន​នៅឡើយ​ទេ​។ ជាក់ស្ដែង​នៅ​តាម​សាកលវិទ្យាល័យ​នានា ឯកសារ​សិក្សា​ភាគច្រើន​សម្បូរ​ជា​ភាសាបរទេស ដូច​ជា​ភាសា​បារាំង និង​ភាសា​អង់គ្លេស​ជាដើម ​៕

អត្ថបទសរសេរ ដោយ