ធនាគារជាតិនៃប្រទេសតួកគីសម្រេចដំឡើងអត្រាការប្រាក់បញ្ញើនៅតាមធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុរហូតដល់២៥%ក្នុង១ឆ្នាំ។ ចំណាត់ការនេះត្រូវក្រុមអ្នកវិនិយោគស្វាគមន៍យ៉ាងកក់ក្ដៅ ព្រោះពួកគេបានផ្ដល់អនុសាសន៍បែបនេះតាំងពីយូរមកហើយដើម្បីជួយលើកកម្ពស់វិស័យធនាគារ និងហិរញ្ញវត្ថុ។ ការដំឡើងការប្រាក់ដល់កម្រិតនេះជារឿងដែលមិនគួរឱ្យជឿ។
នេះជាផ្នែក១នៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដើម្បីដើរចេញពីគោលនយោបាយចាស់។ កាលនោះ ធនាគារជាតិផ្ដោតសំខាន់តែទៅលើការធ្វើឱ្យអត្រាការប្រាក់បញ្ញើស្ថិតនៅកម្រិតទាបជានិច្ច។ កាលពីខែមិថុនា, ធនាគារជាតិកំណត់អត្រាការប្រាក់១៧,៥%។ ក្រោយមក ដំឡើង៧,៥%បន្ថែមទៀត ដែលធ្វើឱ្យការប្រាក់កើនឡើងដល់២៥%។ នេះជារឿងនឹកស្មានមិនដល់។
កាលពីមុននេះ, អ្នកសេដ្ឋកិច្ចយល់ថាធនាគារដំឡើងការប្រាក់អស់ល្បត់ត្រឹម២០%ប៉ុណ្ណោះ។ ធនាគារជាតិបកស្រាយថាមូលហេតុនៃការដំឡើងការប្រាក់បញ្ញើនេះដោយសារអតិផរណាហក់ឡើងកាន់តែខ្ពស់។ រដ្ឋនឹងបន្តពិនិត្យពិច័យទៅលើវិស័យហិរញ្ញវត្ថុអាស្រ័យរហូតដល់អាចដោះស្រាយបញ្ហាអតិផរណាឡើងវិញ។ ខាងលើនេះជាការថ្លែងរបស់ធនាគារជាតិ។
ក្រោយការប្រកាសគោលនយោបាយដំឡើងការប្រាក់បញ្ញើនេះ, រូបិយប័ណ្ណលីរ៉ា (lira) របស់តួកគីឡើងថ្លៃ១,៥%បើប្រៀបធៀបជាមួយប្រាក់ដុល្លារ។ ធនាគារបង្ហាញសញ្ញាច្បាស់ថាខ្លួននឹងចាត់វិធានការដ៏ម៉ឺងម៉ាត់ដើម្បីលើកស្ទួយតម្លៃរូបិយប័ណ្ណជាតិឡើងវិញ។ បើមិនអីចឹងទេតម្លៃសាច់ប្រាក់ចេះតែចុះថោកទៅៗជាលំដាប់។ អ្នកវិភាគសេដ្ឋកិច្ចប្រចាំក្រុមហ៊ុនខេបភីថល អ៊ីខូណូមិក (Capital Economics) ថ្លែងថាការដំឡើងអត្រាការប្រាក់បញ្ញើខ្ពស់ដល់ថ្នាក់នេះវាជារឿងដែលហួសពីការស្មាន។
នយោបាយហិរញ្ញវត្ថុរបស់តួកគីកាលពីមុនពេលដំឡើងការប្រាក់នេះមិនត្រូវបានគាំទ្រដោយអ្នកយុទ្ធសាស្ត្រសេដ្ឋកិច្ចភាគច្រើនទេ។ ពួកគេគិតថាគោលនយោបាយនោះមិនស៊ីសង្វាក់គ្នានឹងស្ថានភាពជាក់ស្ដែង។ ក្រោយការជាប់ឆ្នោតនៅអាណត្តិថ្មីកាលពីខែឧសភាកន្លងទៅ, ប្រធានាធិបតីតួកគីចាប់ផ្ដើមកែសម្រួលគោលនយោបាយនេះ ស្របពេលដែលប្រទេសជាតិប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមិនធ្លាប់មាននៅក្នុងរយៈពេលជាច្រើនទសវត្សចុងក្រោយនេះ។
លោកក៏បានដាក់ចេញវិធានការប្រយុទ្ធប្រឆាំងនឹងអត្រាផរណាហក់ឡើងខ្ពស់រហូតដល់៨៥%កាលពីខែតុលា ឆ្នាំ២០២២។ អតិផរណាហក់ឡើងខ្ពស់ជាថ្មីបន្ទាប់ពីល្អប្រសើរជាងមុនបានតែ១រយៈខ្លីប៉ុណ្ណោះ។ ក្រុមអ្នកសេដ្ឋកិច្ចសុខចិត្តបណ្ដោយឱ្យប្រាក់លីរ៉ារបស់តួកគីចុះថោកខ្លាំងបើប្រៀបធៀបជាមួយប្រាក់ដុល្លារ។ ធ្វើបែបនេះដើម្បីបញ្ចៀសការដាក់សម្ពាធខ្លាំងទៅលើថវិកាបម្រុងរបស់រដ្ឋដែលចេះតែបារយកទៅចាយអស់កាន់តែច្រើនទៅៗប្រៀបដូចជាទឹក១ពាងដែលចេះតែដងចេញ។ ពួកគេក៏បានដាក់ចេញនូវវិធានការមួយចំនួនសំដៅធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចមានតុល្យភាព និងកសាងទំនុកចិត្តឡើងវិញនៅក្នុងចំណោមអតិថិជន និងអ្នកវិនិយោគបរទេសនៅតួកគី៕
ប្រភព៖ Al Jazeera
https://www.aljazeera.com/news/2023/8/24/turkey-makes-bigger-than-expected-interest-rate-hike-targets-inflation
លោកស្រី Hafize Gaye Erkan អគ្គទេសាភិបាលធនាគារជាតិតួកគី
លោកស្រី Hafize Gaye Erkan អគ្គទេសាភិបាលធនាគារជាតិតួកគី
ប្រធានាធិបតីតួកគី លោកអឺដូដ្វាន (Erdogan)
ប្រធានាធិបតីតួកគី លោកអឺដូដ្វាន (Erdogan)
ចែករំលែកព័តមាននេះ