ខេត្តរតនគិរី ៖ អង្គការភ្លែនអន្តរជាតិកម្ពុជាត្រូវបានបំពាក់ គ្រឿងឥស្សរិយយសមេដាយស្ថាបនាជាតិចំនួន ៤ ក្នុងនោះមានមេដាយមាស ២គ្រឿង និងមេដាយប្រាក់ចំនួន ២ គ្រឿង ព្រមទាំងលិខិតថ្លែងអំណរគុណពី ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការចូលរួមចំណែក អភិវឌ្ឍវិស័យអប់រំនៅខេត្តរតនគិរី ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្រុកអូរជុំ ខេត្តរតនគិរី ។

មេដាយស្ថាបនាជាតិ និងលិខិតថ្លែងអំណរគុណនេះ ត្រូវបានប្រគល់ជូនលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រុមការងារនៃអង្គការភ្លែន ដោយឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ក្នុងពិធីសម្ពោធរួមគ្នានៃអគារ អនុវិទ្យាល័យ និងបឋមសិក្សាថ្មី និងអន្តេវាសិកដ្ឋានរបស់គ្រូ។
អង្គការភ្លែនអន្តរជាតិកម្ពុជាបាននឹងកំពុងធ្វើការជាដៃគូ ជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអង្គការក្នុងស្រុក ដើម្បីគាំទ្រដល់ថ្នាក់សិក្សាពន្លឿនសម្រាប់កូនសិស្ស លើសអាយុគាំទ្រថ្នាក់ចូលរៀនសារឡើងវិញ សម្រាប់កុមារដែលបោះបង់ការសិក្សា ពង្រឹងសមត្ថភាពដល់គ្រូទាក់ទងនឹងវិធីសាស្ត្របង្រៀនបែបបរិយាបន្ន និងយេនឌ័រ បង្កើតសាលារៀនបណ្តោះអាសន្នសហគមន៍។

លើសពីនេះទៀត អង្គការភ្លែន បានជួយសាងសង់អគារសិក្សាស្តង់ដារថ្មី រួមមានបណ្ណាល័យ ដែលគាំទ្រយុទ្ធនាការចុះឈ្មោះចូលរៀនប្រចាំឆ្នាំ និងយុទ្ធនាការតោះចូលរៀនវិញ បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្រាល ។ អង្គការភ្លែនក៏បានគាំទ្រមធ្យោបាយធ្វើដំណើរសម្រាប់កុមារដែលរស់នៅឆ្ងាយពីសាលារៀន ផ្តល់អាហារូបករណ៍ជាសាច់ប្រាក់ដល់កុមារាកុមារីដែលទីទាល់ក្រនិងងាយរងគ្រោះ និងផ្គត់ផ្គង់សម្ភារៈសិក្សានៅសាលារៀនផងដែរ។
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា សមិទ្ធិផលសំខាន់ៗថ្មីៗ ដែលអង្គការភ្លែនអន្តរជាតិកម្ពុជា បានចូលរួមចំណែកក្នុងការលើកកម្ពស់ គុណភាពអប់រំ នៅខេត្តរតនគីរីរួមមាន សំណង់អាគារសិក្សាថ្មីចំនួន ៩ កន្លែងដែលមាន ៤៣ បន្ទប់រៀន និងបំពាក់ដោយបរិក្ខារសម្ភារៈអនាម័យ។ យើងបានវិនិយោគលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលារៀនដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់សិស្សានុសិស្ស ២.៩៩៩នាក់ (ក្មេងស្រី ១.០៧៥នាក់) និងរាប់ពាន់នាក់ទៀតនាពេលអនាគត។

លោកស្រី គ្វីននេត បានបន្តថា៖ «យើងពិតជាមានមោទនភាពដែលជាផ្នែកមួយនៃការចូលរួមចំណែកនេះ។ ប៉ុន្តែដើម្បីនិរន្តរភាព ពួកយើងសូមសំណូមពរដល់ក្រសួងអប់រំ យុវជន និងកីឡា សូមបែងចែកគ្រូបន្ថែមដល់សហគមន៍ក្រីក្រ និងសហគមន៍ដាច់ស្រយាលដែលសិស្សភាគច្រើនមិនអាចចូលរៀន ពង្រឹងការអនុវត្តក្រមសីលធម៌របស់គ្រូ ពង្រឹងមុខងារនៃគណៈកម្មាធិការគ្រប់គ្រងសាលារៀន និងការគ្រប់គ្រងសាលារៀន»។
លោកស្រី គ្វីននេត បន្ថែមថា ៖ «អ្វីគ្រប់យ៉ាងដែលយើងធ្វើ យើងចង់ធានាថាកុមារ ជាពិសេសក្មេងស្រី នៅតំបន់ដាច់ស្រយាលទទួលបានឱកាសស្មើគ្នាក្នុងការអប់រំប្រកបដោយគុណភាព និងកសាងអនាគតភ្លឺស្វាងរបស់ពួកគេ»។

អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ យើងខិតខំប្រឹងប្រែងដើម្បីពិភពលោកមួយដោយធ្វើការរួមគ្នាជាមួយ កុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរបស់យើង។ ជាមួយនឹងបទពិសោធន៍ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសរៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។ យើងបានចាប់ផ្តើមបេសកកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២៕





ចែករំលែកព័តមាននេះ